កំពុង​ឈរ​ចាំ​ប្អូន​បើកទ្វារ​ផ្ទះ ស្រាប់​តែ​​ជនសង្ស័យ​មក​ឆ្មក់​តែ​មិន​សម្រេច


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប៉ុនប៉ង​វាយ​ប្លន់​យក​កង់ និង​ទូរស័ព្ទ​ដៃ​ពី​យុវជន​ម្នាក់​ដែល​កំពុង​ឈរ​ចាំ​អ្នក​ផ្ទះ​ចាក់សោ​ទ្វារ​ឲ្យ តែ​មិន​បាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​30 ខែមីនា ឆ្នាំ​២០២០ ត្រង់​ចំណុច​ក្បែរ​វាល​ព្រះ​មេរុ​ហ៍ ផ្ទះ​លេខ​៣៣Eo ផ្លូវ​១៧៨ ភូមិ​២ ក្រុម​ទី​៨ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ ផា​ន់ ភារ​ម្យ ភេទ​ប្រុស អាយុ​31​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ រិ​ន វ​ណ្ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​ឈ្មោះ បូ រិ​ន អាយុ​៥២​ឆ្នាំ ជាមួយ​ឳ​ពុក​របស់​យុវជន​រង​គ្រោះ​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កូនប្រុស​របស់​គាត់​ដែល​ជា​ជន​រង​គ្រោះ​បាន​ជិះ​កង់​មួយ​គ្រឿង​ទៅ​ដើរ​លេង​នៅ​ខាងក្រៅ​។ ហើយ​ដល់​យប់​ជ្រៅ​ពួក​គាត់​ដែល​នៅផ្ទះ​ក៏​បាន​ចាក់សោ​ទ្វារផ្ទះ​នាំ​គ្នា​ចូល​ទៅ​សំរាក​មុន​ជន​រង​គ្រោះ​។ លុះដល់​ម៉ោង​កើតហេតុ ជន​រង​គ្រោះ​ក៏​ជិះ​កង់​ត្រឡប់​មក​ពី​ដើរ​លេង​វិញ រូ​ច​ក៏​គោះ​ទ្វារ​ឲ្យ​អ្នក​នៅ​ក្នុងផ្ទះ​មក​ចាក់សោ​បើកទ្វារ​ឱ្យ​រូបគេ​ចូល​ទៅ​ខាងក្នុង​។ បន្ទាប់​មក​ប្អូនប្រុស​របស់​ជន​រង​គ្រោះ​ខាងលើ ក៏​បាន​ងើប​មក​ចាក់សោ​បើកទ្វារ ដើម្បី​ឱ្យ​ជន​រង​គ្រោះ​បាន​ចូល​ទៅ​សំរាក​នៅ​ខាងក្នុង​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ឈរ​ចាំ​ប្អូនប្រុស​របស់​ខ្លួន​ចាក់សោ​ទ្វារ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ បាន​ដើរមក​រក​ជន​រង​គ្រោះ និង​បំរុង​ធ្វើ​សកម្មភាព​វាយ​ប្លន់​ជន​រង​គ្រោះ​យក​ទូរស័ព្ទ​ដៃ និង​កង់​តែ​ម្តង​។

តែ​ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ដឹងខ្លួន​ទាន់ ក៏​បាន​ស្រែ​កថា «​ចោរ​ៗ» បណ្តាល​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏​ព្យាយាម​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​កន្លែង​កើតហេតុ​ជួយ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​ខាងលើ រហូត​ធ្វើការ​ស្ទាក់​ចាប់​បាន​នៅ​ត្រង់​ចំណុច​ខាង​មុខ​វត្ត ឧណ្ណាលោម តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។ បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​ជនសង្ស័យ​ទ្រោម​ខ្លួន រួច​ក៏​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​នាំ​យក​ទៅ​សាកសួរ​។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ