ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ គេសង្កេតឃើញមានឈ្មួញម្នាក់ដឹកនាំ កម្មករប្រមាណជាង៥០នាក់នាំគ្នាសម្រុកបេះផ្លែតាង៉ែន ហៅមៀនប៉ៃលិនជាង៣០០ដើម ដោយអ្នកខ្លះបេះផ្លែបណ្តើរច្រកកេះបណ្តើរ និងអ្នកខ្លះទៀត តែងដើមកាត់មែកតម្រឹមស្លឹកជាបណ្តើរៗ ខណ:ឈ្មួញប្រាប់ថា ផ្លែតាង៉ែនពេលនេះមានការធ្លាក់ថ្លៃ ខ្លាំងជាងមុន បើលក់ចេញទៅប្រទេសថៃ គឺអត់ចំណេញអ្វីនោះទេ គឺខាតចុងខាតដើមតែម្តង ។ តែពួកគេបពយកទៅលក់ឱ្យប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិន នៅតាមបណ្តាខេត្តនានា ដែលមានតម្រូវការទិញយកទៅសែនឆេងម៉េង ទើបលក់បានថ្លៃខ្ពស់ជាងលក់ឱ្យខាងឈ្មួញថៃបន្តិច ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ ឈ្មោះ ស្រីម៉ៅ អាយុ៣៥ឆ្នាំ ជាឈ្មួញ រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់បានម៉ៅចម្ការតាង៉ែនមួយកន្លែង ស្ថិតនៅក្នុងភូមិតាង៉ែនក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយម្ចាស់ចម្ការលក់ឱ្យគាត់ក្នុង១គីឡូក្រាម តម្លៃ៣០០០ពាន់រៀល ។ បើគាត់បេះយកទៅលក់បន្តនៅប្រទេសថៃ គេឱ្យត្រឹមតែ១គីឡូក្រាមតម្លៃ១៣០០រៀលទៅ១៥០០រៀលប៉ុណ្ណោះ ខាតអស់ពាក់កណ្តាល ។
ស្ត្រីជាឈ្មួញខាងលើបានបន្តថា ការទិញផ្លែតាង៉ែនពេលនេះ ពិតជាមានការធ្លាក់ចុះខ្លាំង តែគាត់ក៏មានសំណាងដែរ ដោយសារជួលកម្មករបេះតាង៉ែនប៉ះចំរដូវ ដែលប្រជាពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិនមួយចំនួននៅតាមបណ្តាខេត្តនានា គេមានតម្រូវការទិញយកទៅសែនឆេងម៉េង ទើបគាត់បេះលក់បានខ្ពស់បន្តិច គឺ១គីឡូក្រាមអាចលក់បានចាប់ពី៤០០០រៀល ទៅ៥០០០រៀលដែរ ។ គាត់ក៏ជួលកម្មករជាច្រើននាក់ ឱ្យចូលបេះផ្លែតាង៉ែននេះ ដោយ១កញ្ឆេ ទម្ងន់២៥គីឡូក្រាម ឱ្យថ្លៃឈ្នួល៥០០០រៀល បើកាលពីមុន១កញ្ឆេឱ្យថ្លៃឈ្នួល៨០០០រៀល ។ ប៉ុន្តែដោយសារតែតម្លៃទីផ្សារតាង៉ែនមានការធ្លាក់ចុះខ្លាំង ការជួលកម្មករ ក៏កាត់បន្ថយទៅតាមនោះដែរ ។
ស្ត្រីជាឈ្មួញខាងលើបញ្ជាក់ថា ការបេះផ្លែតាង៉ែននេះ មានរយ:ពេលជាង១០ថ្ងៃមកហើយ ដោយចម្ការខ្លះបេះបាន៥តោន តែការបេះនៅចម្ការនេះបានប្រហែលជាង១០តោន ហើយដឹកយកទៅលក់ដូរនៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ជាបណ្តើរៗដែរ ខណ:បេះចម្ការមួយអស់ចូលទៅបេះនៅចម្ការមួយទៀតជាហូរហែដែរ។
ចំណែកម្មករដែលបេះផ្លែតាង៉ែនបានរៀបរាប់ឱ្យដឹងដែរថា ពួកគាត់ម្នាក់ៗ ខ្លះមានកូចចៅតូចៗ មកពីស្រុកកំរៀង ខេត្តបាត់ដំបង ខ្លះមកពីក្រុងប៉ៃលិន និងមកពីខេត្តផ្សេងៗទៀតដែរ ដោយស៊ីឈ្នួលបេះផ្លែតាង៉ែនហៅមៀនប៉ៃលិន ក្នុង១ថ្ងៃ រកកម្រៃបានជួនកាល៣០០០០រៀល ទៅ៥០០០០រៀល ។ ពួកគាត់បានបន្តទៀតថា យប់នៅត្រង់កន្លែងណា នាំគ្នាបោះតង់ស្នាក់នៅកន្លែងនោះ ហើយដាំបាយធ្វើម្ហូបហូបជាមួយគ្នា ។ ចំណែកអ្នករស់នៅជិតៗក្នុងក្រុង ក៏ត្រឡប់ទៅស្នាក់នៅផ្ទះរបស់ខ្លួនវិញ លុះព្រឹកឡើងនាំគ្នាបន្តដើរបេះផ្លែតាង៉ែន ឱ្យថៅកែនៅតាមចម្ការនីមួយៗ រហូតដល់អស់ ទើបឈប់ទៅរកការងារផ្សេងទៀត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ