បញ្ជូន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ម្នាក់​ទៅ​តុលាការ ក្រោយ​ប្រព្រឹត្តិ​បទល្មើស​ក្នុង​​ពន្ធនាគារ


ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ត្រូវ​បាន​លោក ច័ន្ទ ខេ​ម​រិ​ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​ទើបនឹង​មក​កាន់​សាលាដំបូង​ខេត្ត​ប៉ៃលិន​ថ្មី​ៗ បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ចាប់​ឃាត់ខ្លួន ខណៈ​ជនសង្ស័យ​នេះ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ជា​យូរ​មក​ហើយ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត។

សូម​បញ្ជាក់​ថា កាលពី​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមីនា ២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿ​ញៀន ដោយ​មានការ​សម្របសម្រួល​នីតិវិធី និង​ដឹកនាំ​ពី​បញ្ជា​ពី​លោក គង់ ច័ន្ទ​ខេ​ម​រិន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ហើយដោយ​មានការ​ចូលរួម​ពី​មន្ត្រី​អនុរក្ស​ពន្ធនាគារ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ស្ថិត​ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ពី​លោក ផង់ ជឿ​ម នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានឱ្យ​ដឹង​ថា ជនសង្ស័យ​មាន ឈ្មោះ ឯ​ល ប៉ែ​ត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​អនុរក្ស​ពន្ធនាគារ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ​រកស៊ី​ជួញដូរ​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​ជា​យូរ​មក​ហើយ ដោយសារ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន តាម​ចាប់ខ្លួន​ជា​ញឹកញាប់ តែ​រក​ភស្តុ​តាង​មិនឃើញ លុះដល់​ថ្ងៃ​កើតហេតុ មាន​គេ​រាយការណ៍ ក៏​ធ្វើការ​ឆែកឆេរ ទើប​រក​ឃើញ​គ្រឿងញៀន រួច​ក៏​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ប្រភព​ដដែល​បញ្ជាក់​ថា វត្ថុ​តាង និង​សម្ភារៈ ដែល​ដកហូត​បាន រួម​មាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ម៉ា​​ទឹកកក​ICE) ចំនួន​០១​កញ្ចប់ ទម្ងន់​៨.៣១​ក្រាម ថ្លឹង​ទាំង​ថង់ និង​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​អក្សរ (WY) ទំងន់ ០.៩២​ក្រាម ថ្លឹង​ទាំង​ថង់ និង​ម៉ូតូ​ចំនួន ០១​គ្រឿង ពាក់​ស្លា​កក​លេខ ប៉ៃលិន 1B-2131 រួម​ជាមួយ​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ