ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​អុី​តា​លី​ថា​ ការ​ប្រកួត​រវាង​ក្រុម​២​ជាដើមហេតុ​​ធ្វើ​ឱ្យ​​រីក​រាល​ដាល​កូវីដ-​១៩

4 ឆ្នាំ មុន

អភិបាលក្រុង Bergamo លោក Giorgio Gori ជឿជាក់​ថា ការ​ប្រកួត​រវាង​ក្រុម Atalanta ទល់​នឹង​ក្រុម Valencia…

អភិបាលក្រុង Bergamo លោក Giorgio Gori ជឿជាក់​ថា ការ​ប្រកួត​រវាង​ក្រុម Atalanta ទល់​នឹង​ក្រុម Valencia នៅ​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ជា​ផ្នែក​មួយ​នៃ​ដើមហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ការ​រីក​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស COVID-19 នៅ​ក្នុង​ប្រទេស​អុី​តា​លី និង​អេ​ស្ប៉ា​ញ​។

ក្រុម​ទាំង​២ បាន​ធ្វើការ​ប្រកួត​២​ជើង​ ដោយ​ក្នុង​នោះ​ការ​ប្រកួត​ជើង​ទី​១ ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន San Siro ក្នុង​ទីក្រុង Milan ប្រទេស​អុី​តា​លី ដែល​មាន​អ្នក​ទស្សនា​ជាង ៤៤.០០០​នាក់​ពេញ​ពហុ​កីឡដ្ឋាន មុន​ពេល​ការ​ប្រកួត​ជើង​ទី​២ ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ប៉ុន្តែ​ពុំ​បាន​អនុញ្ញាត​ឱ្យ​មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​ឡើយ ហើយ​អភិបាលក្រុង Bergamo យល់​ឃើញ​ថា បញ្ហា​នេះ​ហើយ​ដែល​នាំ​ឱ្យ​មានការ​រីក​រាលដាល​នៃ​វីរុស​នេះ​។

ក្នុង​បទ​សម្ភាសន៍​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​លោក Giorgio Gori បាន​និយាយ​ថា «​ការ​ប្រកួត​នេះ​គឺជា​គ្រាប់បែក​ដែល​ធ្វើ​ឱ្យ​ផ្ទុះ​នៃ​វីរុស COVID-19 ។ នៅ​ពេល​នោះ​យើង​មិនដឹង​ថា​មាន​អ្វី​កើតឡើង​ទេ ខណៈ​ដែល​អ្នកជំងឺ​ដំបូង​នៅ​អុី​តា​លី​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ​។ ប្រសិនបើ​វីរុស​កំពុង​រីក​រាលដាល​រួច​ហើយ អ្នកគាំទ្រ​៤​ម៉ឺន​នាក់​ដែល​ទៅ​កីឡដ្ឋាន San Siro គឺ​ត្រូវ​ឆ្លង ព្រោះ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​វីរុស​នេះ កំពុង​តែ​រាលដាល​ក្នុង​ចំណោម​ពួក​យើង​ទេ​»​។

លោក​បាន​បន្ថែម​ទៀត​ថា «​មនុស្ស​ជា​ច្រើន​បាន​មក​ទស្សនាការ​ប្រកួត​ជា​ក្រុម ហើយ​មានការ​ទាក់ទង​គ្នា​ជា​ច្រើន​រវាង​អ្នកគាំទ្រ​នៅ​យប់​នោះ​។ ដែល​ធ្វើ​ឱ្យ​វីរុស​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត ​»​ ។

ក្នុង​នោះ​លោក ក៏​ជឿជាក់​ថា​ការ​ប្រកួត​រវាង​ក្រុម​ទាំង​២​នេះ ក៏​មិនមែន​ជា​ប្រភព​តែ​មួយ ដែល​ធ្វើ​ឱ្យ​មានការ​រីក​រាលដាល​ខ្លាំង​នៃ​វីរុស​នេះ ក្នុង​ប្រទេស​អុី​តា​លី និង​អេ​ស្ប៉ា​ញ​ទាំង​អស់នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា មន្ទីរពេទ្យ Alzano Lombardo ទើប​ជា​ចំណុច​ផ្តើម​ដ៏​ធំ​បំផុត​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ ។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០ នេះ​ករណី​ឆ្លង និង​ស្លាប់​ក្នុង​ប្រទេស​អុីតា​លី និង​អេ​ស្ប៉ា​ញ​បន្ត​កើនឡើង​គួរ​ជា​ក្តី​បារម្ភ ដោយនៅ​អុី​តា​លី​មាន​អ្នក​ឆ្លង​ជាង ៧៤,០០០​ករណី និង​​បាត់បង់ជីវិត​ចំនួន​៧.៥០៣​នាក់ ខណៈ​ដែល​អេ​ស្ប៉ា​ញ​មាន​ជិត ៥០.០០០​ករណី​ឆ្លង និង​ឆក់​យក​ជីវិត​ប្រជាជន​ចំនួន ៣.៦៤៧​នាក់ ៕ (ដកស្រង់​ចេញពី Marca )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ