តាមរយៈលិខិតចុះថ្ងៃទី១០ ខែសីហា កន្លងទៅថ្មីៗនេះ អាប់ភីស៊ីត បានលើកឡើងត្រង់ចំណុចទី៣ក្នុងកថាខណ្ឌទី៣ ផ្ញើជូនប្រធានមហាសន្និបាតសហប្រជាជាតិ និងប្រធានក្រុមប្រឹក្សាសន្ដិសុខ ថាបញ្ហាដែលបានកើតឡើង ដោយការចុះបញ្ជីប្រាសាទព្រះវិហារដោយប្រទេសកម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០០៨ ខណៈពេលដែលតំបន់ជុំវិញនោះស្ថិតនៅក្នុងទឹកដីថៃ ។ ក្រៅពីនោះត្រង់ចំណុចទី១ និងទី២ អាប់ភីស៊ីត លើកឡើងអំពីកិច្ចសហប្រតិបត្ដិការកិច្ចសម្របសម្រួលទ្វេភាគី និងថ្នាក់តំបន់ និងលើកឡើង អំពីដំណើការនៃយន្ដការទ្វេភាគីក្នុងការដោះស្រាយជម្លោះព្រំដែន ។
ត្រង់ចំណុចទី៣ អាប់ភីស៊ីត រំលោភទៅនឹងសាលដីកា នៃតុលាការយុត្ដិធម៌អន្ដរជាតិឆ្នាំ១៩៦២ ។ បើសិន អាប់ភីស៊ីត អនុវត្ដតាមពេញលេញទៅនឹងសាលដីកានៃតុលាការយុត្ដិធម៌អន្ដរជាតិឡាអេ មែននោះ គឺគ្មានតំបន់ត្រួតស៊ីគ្នា ឬ តំបន់មានជម្លោះជុំវិញប្រាសាទព្រះវិហារឡើយ ។ តើតំបន់ដែលថៃអះអាងនោះស្ថិតនៅត្រង់ណា? ហើយផ្អែកលើផែនទីអ្វី? ការសម្រេចក្ដីរបស់តុលាការយុត្ដិធម៌អន្ដរជាតិ ឆ្នាំ១៩៦២ តុលាការបានយល់ឃើញថា គូរភាគីទាំងពីរបានព្រមព្រៀងទទួលយកផែនទីឧបសម្ព័ន្ធ១ នាំឱ្យផែនទីនេះ ជាចូលជាដំណោះស្រាយសន្ធិសញ្ញា និងក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បាននៃដំណោះស្រាយសន្ធិសញ្ញានេះ ។ ម្ប៉ាងវិញទៀត ភាគីទាំងពីរបាន សម្រេចយកការបកស្រាយមួយនៃដំណោះស្រាយសន្ធិសញ្ញា ដែលបណ្ដាលឱ្យខ្សែនៅលើផែនទីនេះមានអនុភាពលើសលប់លើបទប្បញ្ញត្ដិផ្សេងទៀតរបស់សន្ធិសញ្ញា ទោះបីខ្សែនេះអាចងាកចេញពីខ្សែបែងចែកទឹកក៏ដោយ ។ ដូច្នេះ រហូតតមកដល់ពេលនេះ យើងមិននិយាយពីបទប្បញត្ដិ នៃសន្ធិសញ្ញាទៀតដែរ គឺយើងនិយាយអំពីផែនទី ដែលភាគីទាំងពីរបានព្រមព្រៀងទទួលយក ។ បើដូច្នេះ តំបន់ជុំវិញប្រាសាទ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយគ្មានរបស់ដែលហៅថាតំបន់ត្រួតស៊ីគ្នា ឬតំបន់មានជម្លោះឡើយ ។ នៅថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ១៩៦២ វេលាថ្ងៃត្រង់ ត្រង់តំបន់ជុំវិញនេះ ថៃបានអនុវត្ដពេញលេញដោយ ដកកងកំលាំងប្រដាប់អាវុធ កងនរបាល និងឆ្នាំរបស់ខ្លួនទាំងអស់ ដែលខ្លួនបានដាក់តាំងក្នុងឆ្នាំ១៩៥៤ ក៏ប៉ុន្ដែនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០០៨ វេលាថ្ងៃត្រង់ កងទ័ពថៃវិលត្រឡប់មកវិញឈ្លានពានចូលក្នុងតំបន់ជុំវិញនេះ រហូតមកដល់សព្វថ្ងៃនេះ ។ តើនេះជាការអនុវត្ដ ពេលលេញ តាមសាលដីកានៃតុលាកាយុត្ដិធម៌អន្ដរជាតិឬទេ?
ការលើកឡើងក្នុងលិខិតរបស់ អាប់ភីស៊ីត បានរៀបរាប់ត្រង់ចំណុចទី១ អំពីទំនាក់ទំនងល្អជាមួយប្រទេសជិតខាងខ្លួន និងកិច្ចសហប្រតិបត្ដិការ និងកិច្ចសម្របសម្រួលដោយយន្ដការទ្វេភាគី និងអនុតំបន់ ។ល។ និងត្រង់ចំណុចទី២ អំពីយន្ដការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដែលអានទៅហាក់ដូចជាពិរោះស្ដាប់ ក៏ប៉ុន្ដែការអនុវត្ដជាក់ស្ដែងដូច ជាផ្លែល្វា ដែលយន្ដការនៃដំណោះព្រំដែនទ្វេភាគីមិនអាចដើរទៅមុខបានដែលដំណើការ ទាំងអស់នេះ កំពុងក្លាយជាសន្លឹកអាត់បៀរបស់ អាប់ភីស៊ីត និងគូកន ដើម្បីពន្យាពេល និងដាក់ធ្វើជាចំណាប់ខ្មាំងដើម្បីរក្សាអំណាចតែប៉ុណ្ណោះ ហើយល្បែងបែបនេះ នឹងត្រូវបានអ្នកនយោបាយថៃលេងដោយគ្មានទីបញ្ចប់ដែលនឹង គ្មានអ្នកនយោបាយថៃណាម្នាក់ហ៊ានចេញមុខអះអាងថា គ្មានតំបន់ត្រួតស៊ីគ្នា ឬតំបន់មានជម្លោះក្បែរប្រាសាទព្រះវិហារ បើពុំនឹងមិនអាចទ្រទ្រង់អំណាចបានឡើយ ។
ថ្មីៗនេះ អ្នកនាំពាក្យស្ដីទីរបស់រដ្ឋបាល អាប់ភីស៊ីត បនិឋាន វ៉ាតាណាយ៉ាកន ថ្លែងថា អាប់ភីស៊ីត នឹងលើកឡើងអំពីជម្លោះលើប្រាសាទព្រះវិហារនៅពេល អាប់ភីស៊ីតទៅចូលរួមមហាសន្ដិបាតសហប្រជាជាតិខែក្រោយនេះ ។ បើដូច្នោះ ដំណើការ ទៅក្រុមប្រឹក្សាសន្ដិសុខ នឹងច្បាស់ជាមិនអាចជៀសផុតបានឡើយ ដែលកម្ពុជាត្រូវដំណើរឿងនោះហើយ នៅពេលយន្ដការទ្វេភាគីមិនអាចដោះស្រាយ បានត្រូវស្នើឱ្យអនុវត្ដតាមមាត្រា៩៤ នៃធម្មនុញ្ញសហប្រជាជាតិ ដើម្បីធានាបាននូវការអនុវត្ដ មានប្រសិទ្ធភាព តាមកាតព្វកិច្ចដែលផ្ដល់ជូន ក្នុងសាលដីការនៃតុលាការយុត្ដិធម៌អន្ដរជាតិ ឆ្នាំ១៩៦២ លើរឿងក្ដីព្រះវិហារ រវាងកម្ពុជា និងថៃ ។ ម្យ៉ាងដើម្បីបង្គាប់ឱ្យថៃដកកងទ័ព របស់ខ្លួនចេញពីតំបន់ជុំវិញប្រាសាទ និងធានា បាននូវភាពជាស្ថាពរ និងនីត្យានុកូលភាពអន្ដរជាតិនៃខ្សែព្រំដែនអន្ដរជាតិរវាងកម្ពុជា និងថៃ តាមផែនទីអន្ដរជាតិឆ្នាំ១៩០៨ ដែលភាគីទាំងពីរបាន ព្រមព្រៀងទទួលយកជារហូតមក ទើបដំណើជាក្រោយនូវយន្ដការទ្វេភាគី លើការងារ វាស់វែង និងខ័ណ្ឌព្រំសីមា ព្រំដែនគោក រវាងប្រទេសទាំងពីរជាការប្រសើរ ។
ឥឡូវនេះ អាប់ភីស៊ីតកំពុងភូតកុហក ស្ថាប័នកំពូលនៃពិភពលោក។ ក៏ប៉ុន្ដែ អាប់ភីស៊ីត មិនអាចបន្ដបំភាន់ភ្នែកអង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ឬឧបមាថា មានសន្និសិទអន្ដរជាតិស្ដីពីជម្លោះ ព្រំដែនកម្ពុជា និងថៃ បើសិនអនុញ្ញតឱ្យមានការចុះស្វែងរកការពិតនៅត្រង់តំបន់នេះ នោះការពិតនឹងបញ្ជាក់ច្បាស់ថា កងទ័ពថៃបានឈ្លានពានចូលទៅក្នុងទឹកដីកម្ពុជាជាប្រាកដមែន ។ ត្រង់ចំណុចនេះ បានបញ្ជាក់ច្បាស់ថា អាប់ភីស៊ីត និងគូកន មិនចង់ឱ្យមានដំណើការចូលរួមរបស់សន្និសិទអន្ដរជាតិ ស្ដីពីជម្លោះកម្ពុជា និងថៃ ក៏ដូចជា ខ្លាចក្រុមប្រឹក្សាសន្ដិសុខ ប្រើប្រាស់នូវធានការតាមច្បាប់ដែលហាក់ដូចជា ធ្វើឱ្យថៃកាន់តែប្រឈមមុខទៅនឹងការខាតបង់ច្រើនជាងផលចំណេញ ពីជម្លោះព្រំដែន ដោយសារតែភាគីកម្ពុជាមាន មូលគតិយុត្ដិអន្ដរជាតិ និងឯកសារច្បាប់អន្ដរ ជាតិរឹងមាំដូចដែកថែប ។ ចំពោះការចរចារក្នុងក្របខណ្ឌទ្វេភាគីអាចនឹងធ្វើទៅបាន ល្គិកណា កំណត់ហេតុប្រជុំចំនួន៣ ត្រូវបានផ្ដល់សច្ចាប័ន ដោយសភាថៃសិន បើពុំនោះការចរចារ នឹងក្លាយជាចំណាប់ខ្លាំងរបស់ថៃ ៕
ឡុង សុគុណ
ចែករំលែកព័តមាននេះ