វីរុសកូវីដ-១៩ ជាគ្រោះដ៏កាចសាហាវមួយដែលបង្កឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិតជុំវិញពិភពលោក ប៉ុន្តែវាក៏ជាប្រធានបទមួយដែលធ្វើឲ្យជនឆ្លៀតឱកាសជាច្រើនរកលុយដែរ ។ ក្នុងចំណោមនោះ គឺមានតារាលើប្រព័ន្ធសង្គមដែលបានឆ្លើយតបនឹងការរាតត្បាតនៃវីរុសនេះដោយបង្ហោះរូបភាពពាក់ម៉ាស់ ឬប្រើវីរុសនេះដើម្បីបោកប្រាស់អតិថិជនដទៃឲ្យទិញផលិតផលរបស់ពួកគេជាដើម ។
ហេតុការណ៍ទាំងនេះបានកើតមានឡើងតាំងពីពេលមានព័ត៌មានផ្សព្វផ្សាយពីវីរុសខាងលើដំបូងនៅខែមករា ។ តារាលើប្រព័ន្ធសង្គមបានចាប់ផ្តើមបង្ហោះរូបខ្លួនពាក់ម៉ាស់ ទាំងដែលរាងកាយស្លៀកពាក់ខោអាវហែលទឹក និងប្រើ #coronavirus ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ។
តារា YouTube ម្នាក់ដែលជាជនជាតិអាល្លឺម៉ង់បានបង្ហោះរូបជាមួយមិត្តស្រីពេលដែលអ្នកទាំងពីរនៅប្រទេសថៃ និងបាននិយាយថា «ពួកយើងមិនខ្លាចវីរុសនេះទេ ។ ពួកយើងនៅតែមានវិស្សមកាលយ៉ាងសប្បាយ និងសង្ឃឹមថារឿងដ៏អាក្រក់នេះត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ!» ។
តារា YouTube ម្នាក់ទៀតគឺ ឡូហ្គេន ផល (Logan Paul) ដែលចូលចិត្តបង្ហោះវីដេអូដែលទទួលបានការរិះគន់ជាច្រើនបានបង្ហោះរូបរបស់ខ្លួនជាមួយស្រីៗដែលពាក់ម៉ាស់ការពារផ្សែង និងបានសរសេរជេរប្រមាថវីរុសនេះលេងសើចថែមទៀត ។
យោងទៅតាម Business Insider បានឲ្យដឹងកាលពីខែកុម្ភៈមកថា តារាដែលផ្សព្វផ្សាយផ្នែកធ្វើលំហាត់ប្រាណកំពុងតែផ្តល់ដំបូន្មានខុសទៅកាន់អតិថិជនដើម្បីជំរុញឲ្យអ្នកដទៃទិញវីតាមីនដែលខ្លួនលក់ ដោយអះអាងថាវីតាមីនទាំងនោះអាចការពារខ្លួនពីវីរុសកូវិដ-១៩ បាន ប៉ុន្តែអ្នកជំនាញបានប្រាប់មកថា វីតាមីនទាំងនោះអាចប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទានទៅវិញទេ ។
ការសិក្សាបានបង្ហាញឲ្យដឹងថា ការផ្សព្វផ្សាយពីព័ត៌មានដែលមិនត្រឹមត្រូវលើប្រព័ន្ធសង្គមអាចត្រូវបានបញ្ជូនទៅដល់មនុស្សច្រើនជាងព័ត៌មានដែលត្រឹមត្រូវ ព្រោះវាទូទៅមានភាពងាយស្រួលក្នុងការយល់និងអនុវត្ត ។
ជាក់ស្តែង មានតារាលើប្រព័ន្ធសង្គមជាច្រើនក៏កំពុងតែប្រើប្រាស់វេទិកាដែលខ្លួនមានក្នុងការផ្តល់ជឫការរំឭក និងលើកទឹកចិត្តដល់អ្នកគាំទ្រខ្លួនពីវីរុសនេះដែរ ។ ចំណុចដែលអ្នកត្រូវចងចាំគឺ មុនពេលជឿលើដំបូន្មានរបស់តារាដែលអ្នកគាំទ្រ អ្នកត្រូវតែផ្គៀងផ្ទាត់ការអះអាងរបស់ពួកគេជាមួយនឹងអ្វីដែលអ្នកជំនាញនិយាយជាមុនសិន ៕
ចែករំលែកព័តមាននេះ