រាជធានីភ្នំពេញ ៖ អំពើហិង្សាមួយបានកើតឡើង បន្ទាប់ពីប្តីប្រពន្ធ២នាក់ឈ្លោះប្រកែកគ្នា ហើយប្តីបានជេរតិះដៀលពូជខាងប្រពន្ធយ៉ាងចាស់ដៃ រហូតឪពុកម្តាយបងប្អូនគេឮបានលើកគ្នាទៅរករឿងវាយ បណ្តាលឱ្យប្តីនិងកូនប្រុសរងរបួស ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ កញ្ញា ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។
គ្រួសារមានទំនាស់ខាងលើប្តីឈ្មោះ លី ជិន អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ផា សាវី អាយុ៣៣ឆ្នាំ មានកូនប្រុសឈ្មោះ លី ង៉ាន់ អាយុ១៣ឆ្នាំ ។ ប្តីប្រពន្ធនេះត្រូវឪពុកឈ្មោះ ម៉ូត សម្បត្តិ អាយុ៥៦ឆ្នាំ ជាមន្ត្រីយោធា និងម្តាយឈ្មោះ អន សុខុម អាយុ៥២ឆ្នាំ (ឪពុកម្តាយខាងប្រពន្ធ) កាត់កាលលែងរាប់រកមួយឆ្នាំមកហើយ ។
បើតាមស្ត្រីជាប្រពន្ធឈ្មោះ ផា សាវី ប្រាប់ឱ្យដឹងថា នៅវេលាម៉ោង១០យប់ថ្ងៃទី១៧ កញ្ញា ខ្លួននិងប្តីមានទំនាស់ឈ្លោះប្រកែកគ្នា ហើយប្តីបានជេរបញ្ចោរ តិះដៀលពូជរបស់នាង រហូតដឹងដល់ឪពុកម្តាយបងប្អូនរបស់នាង ស្រាប់តែនៅម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ កញ្ញា ពួកគាត់ក៏បានលើកគ្នាមករករឿងវាយកូនប្រសា ដោយនិយាយថា បើឈ្លោះគ្នាប្តីប្រពន្ធ កុំដៀលដល់ពួកគាត់ ។
ក្រោយពីកើតហេតុគ្រួសារខាងលើ ត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រែកតាសេក ៕
ចែករំលែកព័តមាននេះ