អគ្គិភ័យ​ឆាបឆេះ​ព្រៃ​សហគមន៍​២​កន្លែង​ផ្សេង​គ្នា​អស់​ជាង​១០​ហិ​កតា


ខេត្តសៀមរាប ៖ ព្រៃ​លិច​ទឹក​នៅ​ចំណុច​ព្រៃ​សហគមន៍​នេសាទ​ថ្នល់​ដាច់ ឃុំ​ដាន​រុន និង​ព្រៃ​សហគមន៍ នេសាទ​ព្រែក​ស្រមោច ក្នុង​ឃុំ​កំពង់​ឃ្លាំង ត្រូវ​ភ្លើង​ឆេះ​អស់​ជាង​១០​ហិ​កតា ក្នុង​រយៈពេល​៣​ថ្ងៃ ទើប​រលត់ ខណៈ មានការ​សហការ​ពី​មន្ត្រី​ជលផល និង អាជ្ញាធរ​ស្រុក ដឹកនាំ​ដោយ​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម និង ដឹកនាំ​កម្លាំង ដោយ​លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ការិយាល័យ​ពន្លត់ បង្ការ និង​សង្គ្រោះ ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង និង​ត្រាក់ទ័រ​ចំនួន​៥​គ្រឿង ទើប​អាច​ទប់​ស្ថានភាព​នោះ​បាន​ដោយ​ជោគជ័យ​។

ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ខាងលើ​នោះ​បាន​កើតឡើង​អស់​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ តំបន់​ព្រៃ​លិច​ទឹក ចំណុច​ព្រៃ​សហគមន៍​នេសាទ​ថ្នល់​ដាច់ ឃុំ​ដាន​រុន និង ព្រៃ​សហគមន៍​នេសាទ​ព្រែក​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០​នេះ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០ នេះ​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ខាងលើ​នោះ មាន​ប្រជាពលរដ្ឋ​ទៅ​មើល​គោ ក្របី នៅ​ឯ​វាល​ព្រៃ​សហ​គមន៍ ហើយ​ប្រហែលជា​នាំ​គ្នា​ដុត​ភ្លើង​រក​ឃ្មុំ ទើប​ធ្វើ​ឱ្យ​ឆាបឆេះ រាល​ពេញ​ព្រៃ ខណៈ​ពេល​នោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​បាន​រាយការណ៍​មក​ថា មាន​ភ្លើង​ឆេះ​ព្រៃ ទើប​កម្លាំង​បាន​នាំ​គ្នា​ចុះ​ជួយ​អន្តរាគមន៍​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​បាន​នាំ​គ្នា​ដាក់​ទឹក​ក្នុង​គោ​យន្ត​សណ្តោង​រឺ​ម៉ក់​យក​ទៅ​បាញ់​ពន្លត់ ប៉ុន្តែ​មិន​រលត់​នោះ​ទេ ខណៈ​ខ្យល់​បក់​បោក​កាន់តែ​ខ្លាំង ទើប​សុំ​អន្តរាគមន៍​ពី​លោក​អភិបាលស្រុក​សូទ្រនិគម​ន៍ និង​មន្ត្រី​ជលផល ព្រមទាំង​សុំ​អន្តា​គម​ន៍​ពី​លោកស្នងការ​ខេត្ត ដើម្បី​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក​បាន​ចំនួន​៣​គ្រឿង​ចុះ​ជួយ​អន្តរាគមន៍ ទើប​អាច​ទប់ទល់​ស្ថានការណ៍​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ខ្លាំង​នេះ​បាន​ដោយ​ជោគជ័យ​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ប្រតិបត្តិការ​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ខាងលើ​នោះ រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​ចំនួន​២​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​១០​គ្រឿង ដើម្បី​ទប់ទល់​ភ្លើង​ឆេះ​ព្រៃ ស្ថិត​នៅ​ចំនុច​ភូមិ​ថ្នល់​ដាច់ ឃុំ​ដាន​រុន​។ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក​សូទ្រនិគម ចំនួន​១​គ្រឿង ប្រើ​ទឹក​អស់​៥​គ្រឿង និង ត្រាក់ទ័រ​ចំនួន​៥​គ្រឿង មាន​សណ្តោង​រឺ​ម៉ក់​ទឹក ម៉ាស៊ីនបូមទឹក​ចំនួន​៤​គ្រឿង និង​ម៉ាស៊ីន​បាញ់ថ្នាំ​ចំនួន​៦​គ្រឿង ដើម្បី​អាច​ទប់ទល់​ភ្លើង​ឆេះ​ព្រៃ​ស្ថិត​នៅ​ចំនុច ឃុំ​កំពង់​ឃ្លាំង​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ដោយសារ​រថយន្ត​ពន្លត់​អគ្គិភ័យ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ជួយ ព្រោះ​ផ្លូវ​ចង្អៀត ហើយ​ខ្យល់​បក់​ខ្លាំង ទើប​ភ្លើង​រាល​ឆេះ​ច្រើន​កន្លែង ហើយ​ព្រៃ​ក្រាស់ កំ​ដៅ​ខ្លាំង​ផង ទើប​ងាយស្រួល​ឆេះ​បែប​នេះ ណាមួយ​ប្រភព​ទឹក​នៅ​ឆ្ងាយ​ផង ទើប​មានការ​យឺតយ៉ាវ​ក្នុង​ការ​ជួយ ។ ស្ថានភាព​ជាក់ស្តែង ពុំ​អាច​ទប់ស្កាត់​បាន ដោយសារ​មិន​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​។

សូម​បញ្ជាក់​ផង​ដែរ​ថា មក​ដល់​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០​នេះ ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ឆេះ​ឡើង​វិញ បណ្តើរ​ៗ​ទៀត​ហើយ ខណៈនោះ​អាជ្ញាធរ​ស្រុក និង កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជលផល ព្រមទាំង​មន្ត្រី​សហ​គមន៍​នៅ​មិន​ទាន់​ចង់ឱ្យ​ប្រភព ព័ត៌មាន​ចុះ​ផ្សាយ​ទេ ព្រោះ​ភ្នាក់ងារ​កោះសន្តិភាព​បាន​ទូរស័ព្ទ​សួរ​អភិបាលស្រុក លោក ម៉ក់ ប្រុស គាត់​ឱ្យ​សួរ​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ការិយាល័យ ពន្លត់ បង្ការ និង​សង្គ្រោះ​អគ្គិភ័យ ហើយ​លោកស្នងការ​រង​ឱ្យ​សួរ​ទៅ​ប្រធាន​ការិយាល័យ​ពន្លត់ បង្ការ និង​សង្គ្រោះ ហើយ​លោក​ប្រធាន​ការិយាល័យ​បាន​ប្រាប់​វិញ​ថា ចាំ​លោក​ឆ្លង​យោបល់​លោកស្នងការ​រង​សិន​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ