ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចូល​ប្រេងឥន្ធនៈ​កើនឡើង​១១% ខណៈ​ប្រជា​កសិករ​សង្ឃឹម​ប្រេង​ធ្លាក់​ថ្លៃ​ឲ្យ​បាន​ច្រើន​សម្រួល​ដល់​ការ​ដាំ​ដុះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២០​នេះ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​ឆ្លងកាត់​តាម​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​មាន​បរិមាណ​សរុប​ជាង​៦៦​ម៉ឺន​តោន កើនឡើង​ប្រមាណ​១១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ ទន្ទឹម​នឹង​តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​នៅ​ក្នុងស្រុក​មានការ​កើនឡើង​គេ​សង្កេត​ឃើញ​ថា​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​៣១ ខែមីនា​នេះ​ក៏​បាន​ធ្លាក់​ថ្លៃ​បន្តិច​ផង​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​១៥​ថ្ងៃ​ដំបូង (​ពី​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២០​នេះ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​ឆ្លងកាត់​តាម​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​មាន​បរិមាណ​សរុប​ជាង​៦៦​ម៉ឺន​តោន កើនឡើង​ប្រមាណ​១១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ ទន្ទឹម​នឹង​តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​នៅ​ក្នុងស្រុក​មានការ​កើនឡើង​គេ​សង្កេត​ឃើញ​ថា​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​៣១ ខែមីនា​នេះ​ក៏​បាន​ធ្លាក់​ថ្លៃ​បន្តិច​ផង​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​១៥​ថ្ងៃ​ដំបូង (​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី ១៥ ខែមីនា​) ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ។

ខណៈ​តម្លៃ​ប្រេង​ឥន្ទ​នៈ​ហាក់​ធ្លាក់​ចុះ​នៅ​ទីផ្សារ​កម្ពុជា​នោះ ប្រជា​កសិករ​ដាំ​ដុះ​ម្រេច​និង​កសិផល​ផ្សេង​ទៀត​សំណូមពរ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សម្រួល​តម្លៃ​ប្រេង​ឲ្យ​បាន​ធូរ​ថ្លៃ​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​បងប្អូន​កាត់​បន្ថយ​ថ្លៃដើម​នៃ​ការ​ដាំ​ដុះ​កសិផល​និង​ផលដំណាំ​កសិកម្ម​ផ្សេង​ៗ ព្រោះ​ការ​ចំណាយ​លើ​ការ​បូមទឹក​ស្រោចស្រព​ផលដំណាំ​កន្លង​មក​មានតម្លៃ​ខ្ពស់ ប៉ះពាល់​ដល់​ថ្លៃដើម​របស់​កសិផល​ផង​ដែរ ។

​យោង​តាម​របាយការណ៍​អាជីវកម្ម​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ចេញផ្សាយ​ថ្មី​ៗ​នេះ​បង្ហាញ​ថា ទំនិញ​ប្រេងឥន្ធនៈ​នាំ​ចូល​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​នៅ​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២០​មាន​ប្រមាណ​៦៦៣.៧៤០ តោន​កើនឡើង​១១ %​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​ត្រឹមតែ ៥៩៩.៩៨៤​តោន ។​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​គូសបញ្ជាក់​ថា​«​ទំនិញ​ជា​ប្រេងឥន្ធនៈ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​កាលពី​ខែមករា​កើនឡើង​១៣%​ហើយ​ក្នុង​ខែកុម្ភៈ​កើនឡើង​តែ​៨% បើ​ប្រៀបធៀប​គ្រា​ដូច​គ្នា​ឆ្នាំ​មុន​»​។

​ស្រប​ពេល​ការ​នាំ​ចូល​ក៏​ដូច​ជា​តម្រូវការ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​បន្ត​មាន​កំណើន បើ​គេ​ក្រឡេក​មើលទៅ​លើ​តម្លៃ​លក់រាយ​សម្រាប់​សាំង​ធម្មតា​និង​ប្រេងម៉ាស៊ូត ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី ៣១ ខែមីនា​ឆ្នាំ​២០២០ ចុង​ក្រោយ​នេះ​បាន​ធ្លាក់​ចុះ​បន្តិច​មក​វិញ ពោល​តម្លៃ​សាំង​ធម្មតា​ក្នុង​១​លី​ត្រ​ថ្លៃ​៣.០៥០​រៀល​និង​ប្រេងម៉ាស៊ូត​២.៨០០​រៀល​ក្នុង​១​លី​ត្រ បើ​ធៀប​ទៅ​ការ​កំណត់​ថ្លៃ​រយៈពេល​១៥​ថ្ងៃ​ដំបូង​នៃ​ដើមខែ​មីនា​គឺ​សាំង​ធម្មតា​ថ្លៃ​៣.៤៥០​រៀល​និង​ប្រេងម៉ាស៊ូត​ថ្លៃ​៣.១៥០​រៀល​។

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​បង្ហាញ​ថា យោង​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់​និង​អន្តរជាតិ ផ្នែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃ​ទី​១៦​ដល់​៣១​មីនា​ឆ្នាំ​២០២០​នឹង​ត្រូវ​លក់​៣.២១០​រៀល​ក្នុង​១​លី​ត្រ​សម្រាប់​សាំង​ធម្មតា​និង​២.៩៩៩​រៀល​សម្រាប់​ប្រេងម៉ាស៊ូត​។

ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​នៅ​របស់​ប្រជាជន​និង​ដោយ​មានការ​រួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​ក្នុង​១​លី​ត្រ​។​ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​៣១​ខែមីនា​ឆ្នាំ​២០២០​នឹង​ចុះ​មក​៣.០៥០​រៀល​ក្នុង​១​លី​ត្រ​សម្រាប់​សាំ​ធម្មតា​និង​២.៨០០​រៀល​សម្រាប់​ប្រេងម៉ាស៊ូត​។

ប្រជា​កសិករ​ដាំ​ម្រេច​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ​ថា​សព្វ​ថ្ងៃនេះ​ប្រជា​កសិករ​បន់​ឱ្យ​តែ​តម្លៃ​ប្រេង​ចុះថ្លៃ ព្រោះ​កសិករ​ចំណាយ​ប្រាក់​អស់​ច្រើន​លើ​ការ​ទិញ​ប្រេងម៉ាស៊ូត​បូមទឹក​ស្រោចស្រព​ដំណាំ​ម្រេច​ក្នុង​រដូវប្រាំង​ដោយ​ក្នុង​មួយ​អាទិត្យ​អស់យ៉ាង​តិច​៣​ម៉ឺន​រៀល​។

លោក​សម្បត្តិ កសិក​ដាំ​ម្រេច​នៅ​ខេត្ត​ខាងលើ​បានឱ្យ​ដឹង​ថា​ក្នុង​មួយ​អាទិត្យ​លោក​ចំណាយ​ប្រាក់​ទិញ​ប្រេង​សម្រាប់​បូមទឹក​ស្រោចស្រព​ដំណាំ​ម្រេច​អស់​ប្រមាណ​៣​ម៉ឺន​រៀល ហើយ​ការ​ចំណាយ​នេះ​វា​មិន​ទៀត​បើ​រដូវវស្សា​ចូល​មក​ដល់​លឿន​ក្នុង​នាម​យើង​ជា​កសិករ​មាន​អារម្មណ៍​ធូរ​ក្នុង​ចិត្ត​បន្តិច​ព្រោះ​ចំណាយ​ប្រាក់​អស់​តិច​។ ប៉ុន្តែ​បើ​រដូវ​ប្រាំ​អូស​បន្លាយ ឬ​អត់​មាន​ភ្លៀង​នោះ​ការ​ចំណាយ​ប្រាក់​ទិញ​ប្រេង​បូមទឹក​អស់​លុយ​ច្រើន​។

​បើ​តាម​លោក​សម្បត្តិ ការ​ទិញ​ប្រេង​បូមទឹក​ស្រោចស្រព​ដំណាំ​ប្រេច​ចាប់ផ្តើម​តាំងពី​ពាក់កណ្តាល់​ខែតុលា​រហូត​ដល់​ខែឧសភា​ហើយ​នៅ​ក្នុង​ខែមេសា​ឬ​ឧសភា​នេះ​ត្រូវការ​ចំណាយ​ប្រាក់​អស់​៣០​ម៉ឺ​រៀន លើ​ម្រេច​១.៤០០​ជន្លុង​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ