រាជធានីភ្នំពេញ ៖ នាវាទេសចរណ៍៥គ្រឿងដែលបានចូលមកដល់ដែនដីប្រទេសកម្ពុជាវិញ និងកំពុងចតនៅកំពង់ផែភ្នំពេញ ហើយត្រូវបានក្រុមការងារជំនាញ ចត្តាឡីស័ក នៃក្រសួងសុខាភិបាលកម្ពុជា ធ្វើតេស្តសុខភាពពិនិត្យ ទាំងនាវិក បុគ្គលិក និងភ្ញៀវទេសចរទាំងអស់២០០នាក់ គឺមានកម្តៅធម្មតាទេ មិនមានឆ្លង វីរុសកូវីត-១៩ឡើយ ។
នៅម៉ោងជិត៩ព្រឹក ថ្ងៃទី១៨ មីនា ២០២០នេះ ភ្ញៀវទេសចរប្រទេសន័រវែសចំនួន៣៤នាក់ ក៏បានធ្វើដំណើរចេញទៅប្រទេសកំណើតពួកគេវិញ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបន្តតាមជើងហោះប្រទេសថៃ ។
លោក ផាន សុបិន្ត បានលើកឡើងថា ចំពោះថ្លៃសំបុត្រសម្រាប់ការចេញដំណើររបស់ភ្ញៀវទេសចរទៅកាន់ប្រទេសកំណើតពួកគេវិញ គឺក្រុមហ៊ុនទេសចរណ៍ជាអ្នករ៉ាប់រង ព្រោះភ្ញៀវទេសចរខកជើងយន្តហោះ នៅប្រទេសវៀតណាម ។
ដោយឡែក ភ្ញៀវទេសចរដែលនៅសល់លើនាវា ក៍និងចេញដំណើរទៅប្រទេសរៀងៗវិញដែរ នៅថ្ងៃទី១៩ មីនា ស្អែកនេះ ។
គួរបញ្ជាក់ថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ កាលពីថ្ងៃទី១៧ មីនា បានអនុញ្ញាតឱ្យនាវាទេសចរណ៍ចំនួន៥គ្រឿង បានវិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីប្រទេសវៀតណាមបានបដិសេធមិនឲ្យចូលប្រទេសគេ ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍បានឲ្យដឹងថា នាវាទេសចរណ៍ទាំង៥គ្រឿងនេះ មាន ១-ឈ្មោះ AQUA MEKONG ផ្ទុកនាវិក ៣១នាក់ មាន ០៣សញ្ជាតិ, ២. ឈ្មោះ RA LAN DIEP ផ្ទុកនាវិក ២២នាក់ មាន ០២សញ្ជាតិ, ៣.ឈ្មោះ INDOCHINE ផ្ទុកនាវិក ២៤នាក់ មាន ០២សញ្ជាតិ រួមទាំងភ្ញៀវទេសចរណ៍ ៣៦នាក់ មាន ០២សញ្ជាតិ រុស្ស៊ី ០២នាក់, បារាំង ៣៤នាក់ ស្រី ១៩នាក់, ៤. ឈ្មោះ RV TOUM TIOU II ផ្ទុកនាវិក ១៦នាក់ មាន ០២សញ្ជាតិ រួមទាំងភ្ញៀវទេសចរណ៍ ០៦នាក់ មាន ០៤សញ្ជាតិ កាណាដា ០២នាក់ ស្រី ០១នាក់, ស្វីស ០២នាក់ ស្រី ០១នាក់, អាមេរិក ០១នាក់, ខ្មែរ ០១នាក់ និង៥. ឈ្មោះ INDOCHINE II ផ្ទុកនាវិក ២៩នាក់ មាន ០៤សញ្ជាតិ រួមទាំងភ្ញៀវទេសចរណ៍ ៣៤នាក់ មាន ០២សញ្ជាតិ ដាណាម៉ាក ៣៣នាក់ ស្រី ១៧នាក់, បារាំង ០១នាក់។
បន្ទាប់ពីមានការត្រួតពិនិត្យរួចមក កម្លាំងនគរបាលអន្តោប្រវេសន៍ បានធ្វើការអមនាវាទាំង០៥គ្រឿងខាងលើ ឆ្ពោះទៅកាន់កំពង់ផែអន្តរជាតិភ្នំពេញ ។
សូមរម្លឹកថា វិលវល់កណ្តាលទន្លេ ព្រោះវៀតណាមមិនឱ្យចូលចត បារម្ភជំងឺកូវីដ-១៩




ចែករំលែកព័តមាននេះ