រាជធានីភ្នំពេញ ៖ អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិរហូតមកទល់ពេលនេះជួសជុលជិតរួចរាល់១០០ភាគរយហើយដោយបានប្រើប្រាស់ថវិកាអស់ជាង២លានដុល្លារអាមេរិក។ នេះបើតាមការឱ្យដឹងពីលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកកាលពីពេលថ្មីនេះ។
លោកអគ្គលេខាធិការរូបនេះបានឱ្យដឹងថា អាងហែលទឹកមួយនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនចិន តាំងពីខែកញ្ញា ឆ្នាំ២០១៩ មកម៉្លេះ បើគិតរហូតមកទល់ពេលនេះមានរយៈពេលប្រមាណជាង៦ខែប៉ុណ្ណោះ។ អាងហែលទឹកនេះជាអាងដែលមានលក្ខណៈស្តង់ដាអន្តរជាតិត្រឹមត្រូវ ព្រោះទីតាំងអាងត្រូវបានចែកចេញជា២ផ្នែក ។ ផ្នែកម្ខាងជា កន្លែងសម្រាប់ប្រកួតឬហ្វឹកហាត់ ហែលចម្ងាយ និងផ្នែកម្ខាងទៀតជាកន្លែងទឹកជ្រៅសម្រាប់ហ្វឹកហាត់ឬប្រកួតលោតពីលើចុះមកក្រោម។មិនតែប៉ុណ្ណោះបរិវេណជុំវិញមានបំពាក់កៅអីជ័រប្រភេទស្ដង់ដារសម្រាប់អ្នកទស្សនាទៀតផង។
អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិនេះត្រូវបានជួសជុលនិងកែលម្អឡើងវិញទាំងស្រុង មានទាំងបន្ទប់ស្នាក់នៅរបស់កីឡាករជម្រើសជាតិ បន្ទប់ផ្លាស់ប្ដួរសម្លៀកបំពាក់ និងមានអាហារដ្ឋាន ទៀតផង ។ អាងហែលទឹកមួយនេះជាកន្លែងមួយដ៏សំខាន់សម្រាប់បម្រើឱ្យការប្រកួតថ្នាក់ជាតិនិងអន្តរជាតិធំៗ ជាពិសេសបម្រើដល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
លោក ហែម គិរី បានឱ្យដឹងទៀតថា រហូតមកទល់ពេលនេះនៅមិនទាន់ជួសជុលសាងសង់បាន១០០ភាគរយនៅឡើយទេ ព្រោះនៅសេសសល់តិចតួចប៉ុណ្ណោះលើការងារចុងក្រោយគឺការសម្អាត ។ ទោះបីជាការសាងសង់ជិតរួចរាល់១០០ភាគរយទៅហើយក្ដី ប៉ុន្តែចំពោះពេលវេលានៃការបើកឱ្យសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយនោះទេ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ