ចាស់ៗនិយាយតំណាលតៗគ្នាមកថា រូបអាបដើមឡើយបានសិក្សារៀនសូត្រស្នេហ៍មុខ ។ រូបអាបកម្រមានភេទប្រុសណាស់ ។ ស្ត្រីដែលរៀនស្នេហ៍មុខនេះ លុះបានកាន់អនុវត្តយូរៗទៅ សិល្ប៍មន្តស្នេហ៍នេះក៏ចូលជោកជាំក្នុងខ្លួនស្ត្រីនេះ ហើយក្លាយទៅជារូបអាបទៅ ។ ព្រលឹងអាបបានសណ្ឋិតស្នាក់នៅក្នុងតួអង្គរូបនេះជានិច្ចកាល ។ ប្រសិនបើរូបអាបនេះថ្នាំងថ្នាក់ អាក់អន់ចិត្ត ខឹងនឹងអ្នកណាមួយ ព្រលឹងអាបទៅធ្វើអ្នកនោះឱ្យចុកពោះ ឈឺពោះ ឬឡប់ស្មារតី និយាយលែងដឹងខុសត្រូវ ។
ចាស់ៗនិយាយទៀតថា ពេលយប់ព្រលឹងអាបចេញពីតួរូបទៅរកស៊ីឈាមគំរង់ កូនកង្កែប ហ៊ីងត្រីមានរូបភាពជាភ្លើងពណ៌ខៀវ ធំជាងភ្លើងអំពិលអំពែក ។ ពេលវាដើរ ឬអណ្តែត ភ្លើងនេះមិនមានសកម្មភាព ភ្លឹបភ្លែតៗ ភ្លឺរលត់ៗ ដូចអំពិលអំពែកទេ គឺវាភ្លឺធ្លោរហូតតែបើកាលណាវាចង់បំបាំងខ្លួន ឬគេចពីឧបសគ្គអ្វីមួយ វាពន្លត់ភ្លើងឱ្យងងឹតមួយសំបក់ ។ បើសភាពការណ៍បានស្រួលឡើងវិញ ទើបអាបបញ្ចេញរស្មីភ្លឺខៀវជាបន្តទៀត ។
គេតែងឃើញអាបអណ្តែតផិតៗដីស្វែងរកអ្នកដែលទើបសម្រាលកូនថ្មីៗដែលជាធម្មតា តែងតែមានឈាមធ្លាក់ចុះមកក្រោមផ្ទះ ឬក្រោមគ្រែដែលជាកន្លែងសម្រាលកូននោះ ។ ប៉ុន្តែជាទូទៅនៅស្រុកស្រែចម្ការ ពេលសម្រាលកូនគេតែងរកគ្រូមកធ្វើកិច្ចសែកមន្តវិជ្ជាការព័ទ្ធសីមាដើម្បីការពារព្រាយក្រឡាភ្លើង ឬការពារអាបមកយាយីព្យាបាទស្ត្រីសម្រាលកូនដោយយកអំបោះមកព័ទ្ធសីមា ឬស្រាស់បន្លាជុំវិញគំនរឈាម ។
គេតែងនិយាយតៗគ្នាថា គេឃើញរូបភាពអាបជាពោះវៀន រតេរតាយធ្លាក់ចុះប៉ប្រះដី ឯភ្លើងខៀវផ្នែកខាងលើ គឺជាក្បាលអាប ។ គេថា ពោះវៀននោះគឺជាពោះវៀនរបស់ស្ត្រីជាតួរូបអាបនោះឯង ។ លុះស្វែងរកស៊ីចំណីក្នុងពេលយប់បានឆ្អែតឆ្អន់ហើយ អាបក៏វិលមកចូលក្នុងតួរូបអាបជាមនុស្សវិញ ។
ប្រសិនបើក្នុងពេលរកស៊ី ពោះវៀនអាបទាក់ជាប់ស្អិតក្នុងបន្លារើពុំរួច ឬក៏ត្រូវគ្រូសិល្ប៍ណាមួយចាប់បាននោះ គេថារូបអាបជាមនុស្សនោះនឹងត្រូវឈឺស្លាប់ភ្លាម ។ នៅក្នុងភូមិនានានៃស្រុកស្រែចម្ការ អ្នកផងតែងតែខ្លាចរូបអាបនេះណាស់ ។ បើកាលណារូបអាបនេះមករកទិញ ខ្ចី ឬសុំអ្វី គេតែងបំពេញចិត្តគាត់ភ្លាម ធ្វើយ៉ាងណាកុំឱ្យគាត់ខឹង ព្រោះខ្លាចព្រលឹងអាបមកធ្វើបាប ប៉ុន្តែបើយាយអាបឈឺស្លាប់វិញនោះ អ្នកស្រុកគេហាក់ដូចជាធូរចិត្តច្រើនណាស់ ព្រោះគេលែងមានអ្នកឱ្យទុក្ខដល់គេទៀត ។ សាន សារិន
ចែករំលែកព័តមាននេះ