រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាជាតិមួយគឺសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជាដែលធ្លាប់ធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតឈឺក្បាលអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះពេលនេះបានធ្វើការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្មីហើយ តាមរយៈមហាសន្និបាតកាលពីដើមឆ្នាំ២០២០កន្លងមកនេះ ។
គេនៅចាំបានថា សហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណអាណត្តិចាស់ដែលដឹកនាំដោយលោក សេរី សុខមង្គល អស់រយៈពេលជាច្រើនឆ្នាំមកនេះ តែងតែបង្កឱ្យមានបញ្ហាមិនចេះចប់ជាពិសេសរឿងប្រធានសហព័ន្ធរូបនេះស៊ីដាច់ប្រាក់រង្វាន់កីឡាករដែលខំបញ្ចេញញើសឈាមប្រកួតដណ្ដើមបានមេដាយពីក្រៅប្រទេស ។ មិនតែប៉ុណ្ណោះថែមទាំងបានធ្វើឱ្យមានបញ្ហាស្មុគ
ស្មាញជាច្រើនទៀតរហូតដល់ថ្នាក់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការព្រមានជារឿយៗ
ទៀតផង ។
ប៉ុន្តែរហូតមកទល់ពេលនេះរាល់បញ្ហាទាំងអស់ត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈការធ្វើមហាសន្និបាតរុះរើក្បាលម៉ាស៊ីនចាស់ចោលផ្លាស់ដាក់អ្នកដឹកនាំថ្មីកាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២០ ដោយមានការប្រកាសទទួលស្គាល់យ៉ាងពេញទំហឹងពីសំណាក់ក្រសួងអប់រំ យុវជននិងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទៀតផង ដើម្បីអនុញ្ញាតឱ្យសហព័ន្ធកីឡាជាតិមួយនេះមានឱកាសបំពេញការងាររបស់ខ្លួនប្រកបទៅដោយគុណភាព ប្រសិទ្ធភាពខ្ពស់ ។
ការប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជាអាណត្តិថ្មីនេះ គឺយោងទៅតាមសំណើរបស់សហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជា ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។ ចំណែកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាវិញក៏បានប្រកាសទទួលស្គាល់សហព័ន្ធកីឡាមួយនេះជាសមាជិកពេញសិទ្ធិក្នុងក្របខ័ណ្ឌកីឡាមិនអូឡាំពិក របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់អាណត្តិទី៣ឆ្នាំ២០២០-២០២៤។
ចំពោះសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីរបស់សហព័ន្ធចំនួន១១រូបរួមមានដូចខាងក្រោមនេះ ៖ លោក តឹក ប៊ុនវី ជាប្រធានលោក ចាប វ៉ាន់នី អនុប្រធាន លោកសុខ វណ្ណៈអគ្គលេខាធិការ លោកណុំ សុបិន្ត អគ្គលេខាធិការរង លោក ហេង សារ៉ាត់ អគ្គហេរញ្ញឹក លោក ធិ ប៊ុនធី អគ្គហេរញ្ញឹករង និងសមាជិកចំនួន៥រូបទៀត រួមមាន លោក ហ៊ុន សុភី លោកឈុនឌី រតនា លោកនុត សុផល លោកសំបូរ ណាន និងលោក អ៊ុន បូរ៉ាត់។
ទន្ទឹមជាមួយគ្នានេះដែរ ប្រធានសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជា អាណត្តិថ្មី ក៏ដូចជាគណៈកម្មាធិការប្រតិបត្តិទាំងអស់សន្យាថា នឹងរួមចិត្តគ្នាតែមួយដើម្បីកសាង អភិវឌ្ឍន៍សហព័ន្ធកីឡាជាតិមួយនេះឱ្យកាន់តែមានការរីកចម្រើនឈានទៅដណ្ដើមមេដាយនៅលើឆាកអន្តរជាតិមកជូនជាតិឱ្យបានទៀតផង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ