ស្រី​ស្អាត​ចង.ក​ធ្វើ​អត្ត​ឃាត​ចោល​ប្តី​នៅ​អាមេរិក​


ខេត្តបាត់ដំបង ៖ នារី​ស្រស់​សោភា​ម្នាក់​ដែល​មាន​ស្វាមី​ជា​អាណិកជន​នៅ​សហរដ្ឋអាមេរិក​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ ស្ថិត​នៅ​ក្នុងភូមិ​កសិកម្ម ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ហើយ​ត្រូវ​ឪពុក​ឃើញ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ កញ្ញា​។ ចំពោះ​ការ​ចង​.​ក​ធ្វើ​អត្តឃាត​នេះ ក្រុម​គ្រួសារ​អះអាង​ថា ព្រោះតែ​ខឹង​នឹង​ឪពុក​ម្ដាយ​ជំទាស់​មិន​ឲ្យ​នាង​ទៅ​រៀន​បន្ត​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​រៀប​ការ​រួច​មក ព្រោះ​យល់​ថា មាន​ប្តី​ហើយ​រៀន​អី​ទៀត ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នារី​ដែល​ធ្វើ​អត្តឃាត​នេះ ឈ្មោះ​លឿង ម៉េ​ង​លី អាយុ​២១​ឆ្នាំ ទើប​រៀប​ការ​បាន​រយៈពេល​៤​ខែ​ជាមួយ​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក ។ មន្ត្រី​ដដែល​បន្ត​ថា នាង​បាន​យក​អាវ​រាត្រី​ចង​.​ក​ខ្លួនឯង​នឹង​តម្ពក់​វាំងនន ភ្ជាប់​ជាមួយ​បង្អួច ដើម្បី​បញ្ចប់ជីវិត​ចោល​ស្វាមី​នៅ​ឯនាយ​សមុទ្រ ។ ឪពុក​​របស់​នាង​គឺ​លោក លឿង វិច្ឆិកា ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​សម្តី​ថា កូនស្រី​គាត់​រៀប​ការ​ជាមួយ​ស្វាមី​ជា​អាណិកជន​នៅ​សហរដ្ឋអាមេរិក​រយៈពេល​៤​ខែ​ហើយ ។ ក្រោយ​ពី​ស្វាមី​នាង​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ នាង​បាន​ទទូច​សុំ​ទៅ​រៀន​បន្ត​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​គាត់​និង​ប្រពន្ធ​បាន​បដិសេធ​សំណូមពរ​របស់​កូនស្រី ព្រោះ​យល់​ថា នាង​មាន​ស្វាមី​ហើយ ។ ប៉ុន្តែ​ដោយ​នាង​ទទូច​ខ្លាំង​ពេក គាត់​និង​ប្រពន្ធ​ក៏​យល់ព្រម តែ​ចាំ​រួច​បុណ្យ​ភ្ជុំបិណ្ឌ​សិន ខណៈ​នាង​ចង់ទៅ​រៀន​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង ។

គាត់​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​កូនស្រី​គាត់​បាន​ឡើង​ទៅ​ពួន​សម្ងំ​ដេក​ក្នុង​បន្ទប់​តាំងពី​ម៉ោង​១១​ព្រឹក ។ លុះ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ដោយ​មិនឃើញ​កូនស្រី​ចេញពី​បន្ទប់ គាត់​ក៏​ឡើង​ទៅ​គោះ​ទ្វារ​បន្ទប់ តែ​មិន​ឮ​នាង​ឆ្លើយ​តប ទើប​មានការ​សង្ស័យ​ក៏​ទម្លុះ​ទ្វារ​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​កូនស្រី​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្ដង ។ មិន​មាន​ប្រភព​ណាមួយ​បានដឹង​អំពី​មូលហេតុ​លើស​ពី​នេះ​ដែល​នាំ​ឲ្យ​នាង លឿង ម៉េ​ង​លី ធ្វើ​អត្តឃាត​ចោល​ស្វាមី​នៅ​ឯនាយ​សមុទ្រ​នោះ​ទេ ក្រៅ​តែ​អំពី​ការ​អះអាង​របស់​ឪពុក​ម្តាយ​នាង ។ ប៉ុន្តែ​អ្វី​ដែល​នាំ​ឲ្យ​មជ្ឈដ្ឋាន​នានា​កំពុង​មាន​ច​ម្ង​ល់​នោះ គឺ​នៅ​ពេល​ឪពុក​ម្តាយ​នាង​អនុញ្ញាត​ឲ្យ​ទៅ​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​ហើយ ហេតុ​អ្វី​បានជា​នាង​ទទូច​ចង់ទៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ ខណៈ​ឪពុក​ម្ដាយ​នាង​ឲ្យ​រង់ចាំ​បុណ្យ​ភ្ជុំបិណ្ឌ​ចប់់​រួចរាល់​សិន ?

ជុំវិញ​ការ​ស្លាប់​របស់​នាង លឿង ម៉េ​ង​លី បើ​តាម​ការ​សន្និដ្ឋាន​ជាបឋម​របស់​សមត្ថកិច្ច​ជំនាញ​ថា ទំនងជា​ធ្វើ​អត្តឃាត​តាំងពី​វេលា​ថ្ងៃត្រង់​មក​ម្ល៉េះ នេះ​បើ​តាម​ការ​ពិនិត្យ​លើ​ស្ថានភាព​សព ។ ប៉ុន្តែ​ក្រុម​គ្រួ​សារបាន​ព្យាយាម​បញ្ជូន​នាង​ទៅ​ឲ្យ​គ្រូពេទ្យ​ជួយ​ពិនិត្យ​ដោយសារ​មិន​អស់ចិត្ត ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយ​​ពី​​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​រួច​ហើយ ៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ