ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​សាកល​កម្ពុជា ​មាន​តម្រុយ​ចូល​ទីផ្សារ​ប្រដាល់​ជប៉ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ទីផ្សារ​ប្រដាល់ សាកល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​នោះ កីឡាករ​-​កីឡាការិនី ប្រភេទ​នេះ​បែរជា​ត្រូវ​បាន​គេ​អះអាង​ថា នឹង​មាន ហាង​ឆេង​នៅ​ក្នុង​ទឹកដី​ជប៉ុន​ក្នុង​ពេល​ឆាប់​ៗ តាម​រយៈ​សហព័ន្ធ​ប្រដាល់​សាកល​កម្ពុជា បញ្ជូន…

រាជធានី​ភ្នំពេញ ៖ ខណៈ​ទីផ្សារ​ប្រដាល់ សាកល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​នោះ កីឡាករ​-​កីឡាការិនី ប្រភេទ​នេះ​បែរជា​ត្រូវ​បាន​គេ​អះអាង​ថា នឹង​មាន ហាង​ឆេង​នៅ​ក្នុង​ទឹកដី​ជប៉ុន​ក្នុង​ពេល​ឆាប់​ៗ តាម​រយៈ​សហព័ន្ធ​ប្រដាល់​សាកល​កម្ពុជា បញ្ជូន ទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ទីនោះ ។ សកម្មភាព​ទាំងនេះ​ធ្វើ​ឡើង​ដើម្បី​ជួយ​ជំរុញ​វិស័យ​មួយ​នេះ ឱ្យ​មានការ​ឈាន​ឡើង ក្រោយ​ពី​នៅ​កម្ពុជា​គ្មាន​សង្វៀន​ប្រដាល់​សាកល​។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​ប្រដាល់​សាកល​កម្ពុជា បាន​ថ្លែង​បញ្ជាក់ ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​គណៈកម្មការ ប្រដាល់​សាកល​អាជីព​(Cambodia Professional Boxing Commission) កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០២០ ថា សហព័ន្ធ​បាន​ធ្វើ​កិច្ចសហការ​ជាមួយ​ប្រទេស​ជប៉ុន​រួច​ហើយ ដើម្បី​ជំរុញ​ដល់​វិស័យ​នេះ ។

លោក​ថា ប្រដាល់​សាកល​នៅ​កម្ពុជា​ពុំ​សូវ​មាន​សង្វៀន ប្រកួត ទើប​សហព័ន្ធ​បាន​សម្រេច​បង្កើត​គណៈ កម្ម​ការ​ប្រដាល់​សាកល​អាជីព ដើម្បី​សម្រប​សម្រួល និង​ស្វែងរក​ទីផ្សារ​ប្រកួត​នៅ​ក្រៅ
ប្រទេស​ជូន​កីឡាករ​កម្ពុជា ។ ក្រោយ​គណៈ​កម្ម​ការ​នេះ​ដាក់​ឲ្យ​ដំណើរការ លោក​ថា​កីឡាករ នេះ​អាច​នឹង​មាន​ទីផ្សារ​ប្រកួត​ច្រើន​នៅ​ក្រៅ ប្រទេស ជា​ពិសេស​ប្រទេស​ជប៉ុន​តែ​ម្តង ។

គោលបំណង​នៃ​ការ​បង្កើត​គណៈកម្មការ​ប្រដាល់​សាកល​អាជីព​នេះ គឺ​ដើម្បី​គ្រប់គ្រង​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​សាកល​នៅ​កម្ពុជា ។ ជា​ពិសេស គឺ​ជួយ​សម្របសម្រួល​ក្នុង​ការ​បញ្ជូន កីឡា​ករ កីឡាការិនី អាជីព ទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ក្រៅប្រទេស ។ នេះ​ជា​ជំហាន វិជ្ជមាន​មួយ​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​ប្រដាល់​សាកល​នៅ​កម្ពុជា ដើម្បី​ឈាន​ឆ្ពោះទៅ ដណ្តើម​មេដាយ​នៅ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

លោក​បន្ត​ថា បើ​ប្រដាល់​សាកល​អាជីព​នៅ​តែ​គ្មាន​សង្វៀន​ប្រកួត​នៅ​ក្នុងស្រុក សហព័ន្ធ និង​គណៈកម្មការ​ប្រដាល់​សាកល​អាជីព​កម្ពុជា​ត្រូវ​តែ​បញ្ជូន​កីឡាករ​ឲ្យ​ទៅ​ហ្វឹកហាត់ និង ប្រកួត​នៅ​ប្រទេស​ជប៉ុន ជា​ជំនួស ។ លោក​ថា គណៈកម្មការ​ប្រដាល់​សាកល​អាជីព​កម្ពុជា គឺជា​ស្ថាប័ន​តែ​មួយ​គត់​ដែល​មាន​សិទ្ធិ​គ្រប់​គ្រង រៀបចំ​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាប្រដាល់​សាកល​អាជីព​នៅ​កម្ពុជា ក៏​ដូច​ជា​គ្រប់គ្រង និង​ដឹកនាំ​កីឡាករ​ទៅ​ប្រកួត​ជា​លក្ខណៈ អន្តរជាតិ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គណៈកម្មការ ប្រដាល់​សាកល​អាជីព​កម្ពុជា ដែល​ដាក់​ឲ្យ​ដំណើរការ កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០២០ បាន​បង្ហាញ​នូវ​សមាជិក​១០​រូប​ដោយ​ក្នុង​នោះ​ក៏​មាន​ជន​បរទេស​៨​រូប​ផង​ដែរ ។ សមាជិក​ទាំងនោះ​រួម​មាន លោក ប៊ុ​យ សុ​ភ័​ណ ជា​ប្រធាន​, លោក Motohashi Yukiharu អនុប្រធាន​, លោក Isobe Masahiro នាយក​ប្រតិបត្តិ​, លោក ហ៊ុន ដា​វី​រតនា នាយករង​ប្រតិបត្តិ​, លោកស្រី Motohashi Yuko, លោក Motohashi Ryotaro, លោក Motohashi Taiga, លោក Kamehashi Nagakazu, លោក Fukuda Akira និង​លោក Takamori Jou ជា​សមាជិក ។

ជាមួយនឹង​ការ​ប្រកាស​របស់​លោក​ធ្វើ​ឱ្យ​អ្នក​ដើរ​ក្នុង​អាជីព​ប្រដាល់​សាកល​មាន​ទឹកមាត់​លេប បន្ទាប់​ពី​អ្នក​ជ្រក​ក្នុង​វិស័យ​មួយ​នេះ​ថ្ងូរ​ជា​រៀង​រាល់ថ្ងៃ​ថា​គ្មាន​ទីផ្សារ និង​អត់​រំពឹង ។ ការ​ប្រកាស នេះ​ក៏​មាន​ន័យ​ថា វិស័យ​កីឡា​នៅ​កម្ពុជា​កាន់​​តែ​មានការ​ឈាន​ឡើង​បើ​ទោះជា​ស្ទើរ​គ្រប់​សង្វៀន​ប្រដាល់​នៅ​តាម​ស្ថានីយទូរទស្សន៍​ពុំ​មានការ​ប្រកួត​ប្រដាល់​សាកល​ព្រោះតែ​ភាគ​ច្រើន​មាន​តែ​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ ។

កត្តា​នេះ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​សាកល​នៅ​កម្ពុជា ។ កីឡាករ​ប្រដាល់​សាកល​មួយ​ចំនួន​បាន​ផ្លាស់​ទៅ​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​ដោយសារ កីឡា​នេះ​មាន​ទីផ្សារ​ប្រកួត​ច្រើន តែ​តាម​រយៈ​ឱកាស​ចេញ​ប្រកួត​នៅ​ជប៉ុន គឺ​ពិតជា​ធ្វើ​ឱ្យ​វិស័យ​នេះ​មាន​សន្ទុះ​ល្អ​ប្រសើរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ