រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ កញ្ញា នៅសណ្ឋាគារកាំបូឌីយ៉ាណា មានរៀបចំបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការពិគ្រោះយោបល់នៃការបញ្ចូលជាតិដែកក្នុងស្តង់ដាកម្ពុជាសម្រាប់ផលិតផលទឹកស៊ីអ៊ីវ និងទឹកត្រី ក្រោមអធិបតីភាពលោក សាត សាមី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលរៀបចំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងផែនការ និងអង្គការ RACHA ។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេលមួយថ្ងៃដែលមានសិក្ខាកាមជាតំណាងមកពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងផែនការ ក្រសួងស្ថាប័នពាក់ព័ន្ធមន្ទីរឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីរពាក់ព័ន្ធតាមបណ្តាខេត្ត-ក្រុង តំណាងគណៈកម្មការបចេ្ចកទេសស្តង់ដាផ្នែកម្ហូបអាហារ និងម្ហូបអាហារកែច្នៃ តំណាងសិប្បកម្ម និងឧស្សាហកម្មផលិតទឹកត្រី ទឹកស៊ីអុីវ អង្គការជាតិ និងអន្តរជាតិ មកចូលរួមសរុបប្រមាណ១៨០នាក់ ។
នៅក្នុងឱកាសនោះដែរ លោក សាត សាមី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថា ផលិតផលទឹកស៊ីអ៊ីវ និងទឹកត្រី គឺជាផលិតផលដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃសម្រាប់ប្រជាជនគ្រប់រូប ដូច្នេះបើសិនជាផលិតផលទាំងពីរនេះ មានលក្ខណៈគ្រប់គ្រាន់សម្រាប់សុខភាព និងសុវត្ថិភាព យើងក៏អាចនាំផលិតផលទាំងពីរនេះ ទៅចែកចាយនៅប្រទេសដទៃទៀតបានយ៉ាងស្រួលផងដែរ ។ លោកបន្តទៀតថា ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា វិស័យទេសចរណ៍កំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង អ្នកទេសចរគ្រប់ជាតិសាសន៍ បានមកទស្សនានៅប្រទេសរបស់យើង ហើយកំពុងបរិភោគអាហាររបស់យើង ក្នុងនោះក៏មានផលិតផលទឹកត្រីទឹកស៊ីអ៊ីវផងដែរ ។ ដូច្នេះប្រសិនបើផលិតផលយើងល្អ និងត្រឹមត្រូវទៅតាមស្តង់ដាកម្ពុជា មានគុណភាព សុវត្ថិភាពគ្រប់គ្រាន់នៅក្នុងការបរិភោគ និងមានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់បំប៉នសុខភាព នោះគេនឹងពាំនាំផលិតផលរបស់យើងទៅផ្សព្វផ្សាយនៅប្រទេសរបស់គេ ហើយករណីនេះក៏ជាមធ្យោបាយជួយផ្សព្វផ្សាយផលិតផលរបស់យើងនៅលើទីផ្សារអន្តរជាតិដោយស្វ័យប្រវត្តិ ។ ដូច្នេះក្រៅពីសារធាតុផ្សេងៗដែលមានកំណត់នៅក្នុងស្តង់ដាកម្ពុជា ជាតិដែកគឺជាអាហារនៅក្នុងអាហារូបត្ថម្ភផ្សេងទៀត ដែលបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងម្ហូបអាហារ ហើយបច្ចុប្បន្ននេះការកំណត់នៃការបញ្ចូលជាតិដែកទៅក្នុងម្ហូបអាហារក៏កំពុងត្រូវបានអភិវឌ្ឍនៅក្នុងបណ្តាប្រទេសជាច្រើននៅលើពិភពលោកយើងនេះផងដែរ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍តែម្តង ។
លោក ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក៏បានមានប្រសាសន៍ដែរថា សិក្ខាសាលានៅថ្ងៃនេះគឺជាការកំណត់ជាតិដែក ដែលត្រូវបញ្ចូលនៅក្នុងទឹកត្រីនិងទឹកស៊ីអ៊ីវ ជាពិសេសយើងចង់ផ្តោតទៅលើការពន្យល់ និងបញ្ហាអំពីនីតិវិធី និងរបៀបនៃការបញ្ចូលជាតិដែកនៅក្នុងទឹកត្រី ទឹកស៊ីអ៊ីវ ។ ការខ្វះជាតិដែកនៅក្នុងខ្លួនមនុស្សយើងអាចបណ្តាលឱ្យមានជំងឺស្លេកស្លាំង និងជំងឺផ្សេងៗទៀត ដោយសារតែការកង្វះអាហារដែលមានជាតិដែក ។
លោកបញ្ជាក់ថា ស្តង់ដាកម្ពុជាគឺមានពីរ ទី១-ស្តង់ដាទឹកស៊ីអ៊ីវ និងទី២-ស្តង់ដាទឹកត្រី ។ ស្តង់ដាទឹកត្រី ត្រូវបានកំណត់ឱ្យទៅជាស្តង់ដាជាតិតាំងពីឆ្នាំ២០០៣មកម្ល៉េះ ប៉ុន្តែស្ថិតជាស្តង់ដាស្ម័គ្រចិត្ត ។ ចំពោះស្តង់ដាទឹកស៊ីអ៊ីវ គឺលេខCS.066 ក្នុងឆ្នាំ២០១១ក៏បានកំណត់ស្តង់ដាឱ្យទៅជាស្តង់ដាបញ្ជាដែរ ប៉ុន្តែក៏នៅតែជាស្តង់ដាស្ម័គ្រចិត្តដដែល ។
ចែករំលែកព័តមាននេះ