រាជធានីភ្នំពេញ ៖ បុរស២នាក់បានផ្តួលម៉ូតូចំនួន២គ្រឿង រួចរត់គេចខ្លួនខណៈជិះជួបសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមជិះម៉ូតូល្បាតតាមមូលដ្ឋាន ដែលធ្វើឱ្យកម្លាំងសមត្ថកិច្ចមានការសង្ស័យក៏ចូលទៅពិនិត្យម៉ូតូទាំងពីរគ្រឿងនោះ ឃើញសុទ្ធតែដែកអក្សទេ សម្រាប់ធ្វើសកម្មភាពកាច់.ក ម៉ូតូ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៤ កញ្ញា ២០១៤ នៅតាមផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ម៉ូតូពីរគ្រឿងដែលជនសង្ស័យទាំងពីរនាក់ផ្តួលចោលនោះទី១.ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1R-1925 ទី២.ម៉ាក ស្មាស រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-5263 ។
បន្ទាប់ពីប្រទះឃើញម៉ូតូចំនួន២គ្រឿងខាងលើ នៅវេលាម៉ោង១និង៣០នាទី អាធ្រាត្រថ្ងៃដដែលនោះ សមត្ថកិច្ចបានទទួលដំណឹងមកថាមានចោរគាស់ផ្ទះជួលរបស់ប្រជាពលរដ្ឋ មួយកន្លែងដែលមានផ្ទះលេខ៧១០ ក្រុមទី១៥ ភូមិត្នោតជ្រុំ៥ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ លួចយកម៉ូតូអស់ចំនួនពីរគ្រឿង ហើយមានភិនភាគដូចម៉ូតូដែលសមត្ថកិច្ចប្រទះឃើញជនសង្ស័យផ្តួលចោលនោះ ។ ម្ចាស់ម៉ូតូដែលចោរលួចម៉ូតូយកទៅនោះទី១. ឈ្មោះចេង វិត ភេទប្រុស អាយុ២១ឆ្នាំ ជាជាងកាត់ដេរ ជាម្ចាស់ម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1R-1925 និងទី២.ឈ្មោះ ក្តឹប សុខសាន្ត អាយុ៣២ឆ្នាំ ជាជាងសំណង់។ ជនរងគ្រោះទាំងពីរនាក់ខាងលើស្នាក់នៅផ្ទះជួលលេខ ៧១០ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
សមត្ថកិច្ចបានយកម៉ូតូទាំងពីរគ្រឿងខាងលើទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមសិន ចាំស្អែកឡើងនិងប្រគល់ម៉ូតូខាងលើទៅឱ្យម្ចាស់វិញ ។
គួរកត់សម្គាល់ផងដែរថានេះជាហេតុការណ៍មួយដែលកម្រនឹងប្រទះ ព្រោះថាពេលម្ចាស់ភ្ញាក់ផ្អើលបាត់ម៉ូតូស្រាប់តែទទួលដំណឹងមកថា សមត្ថកិច្ចប្រទះឃើញម៉ូតូដែលមានភិនភាគដូចម៉ូតូដែលបាត់ទៅនោះភ្លាមៗដែលជាសំណាងមួយរបស់ម្ចាស់ម៉ូតូ។
ចែករំលែកព័តមាននេះ