ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យបុរសម្នាក់ និងស្ត្រីម្នាក់បាត់បង់ជីវិតទាំង២នាក់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៨ មីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩២-១៩៣ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ភាគីខាងម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបាត់បង់ជីវិត និងស្ត្រីម្នាក់ជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ បានបាត់បង់ជីវិត ។ ចំណែកភាគីខាងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស-ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ៣C-០១៩៤ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងជិះគ្នា២នាក់ធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃបុកជាមួយរថយន្តមួយគ្រឿងដែលមានទិសដៅផ្ទុយគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់ដែលបាត់បង់ជីវិត ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិដើម្បីឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ