អ៊ែនឌី មូរ៉េ បានបង្ហាញនូវភាពខ្លាំងរបស់ខ្លួនសាជាថ្មីក្នុងព្រឹត្តិការណ៍ធំ US Open ឆ្នាំ២០១៤ ខណៈកាលពីថ្ងៃចន្ទ ទី១ ខែកញ្ញា គេបានបំបាក់កីឡាករជើងខ្លាំងរបស់បារាំង Jo-Wilfried Tsonga ក្នុងលទ្ធផល៣សិតផ្ទួនៗឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយក្តីរីករាយ ។ ដូចជាឆ្នាំកន្លងទៅដែរ ការប្រកួតនៅឆ្នាំនេះត្រូវបានរៀបចំធ្វើនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
មូរ៉េ ជាកីឡាករជើងខ្លាំងប្រចាំប្រទេសអង់គ្លេស បានយកឈ្នះ Tsonga ក្នុងលទ្ធផល៧-៥, ៧-៥ និង៦-៤ ។ គេបានថ្លែងថា ៖ «និយាយដោយស្មោះត្រង់ទៅ គឺយើងមិនដឹងថា យ៉ាងណានោះទេ ។ បុ៉ន្តែនៅពេលនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងកំពុងប្រកួតបានយ៉ាងល្អ ។ ខ្ញុំនឹងលេងឱ្យបានល្អជាងនេះទៅទៀតដើម្បីយកឈ្នះពានព្រឹត្តិការណ៍ទាំងមូល ។ យ៉ាងណាក៏ដោយ រយៈពេល២-៣ថ្ងៃទៅមុខទៀត យើងមិនអាចទស្សន៍ទាយបានថា នឹងមានអ្វីកើតឡើងនោះទេ។ មួយសប្តាហ៍កន្លងមកនេះ ខ្ញុំគ្មានអារម្មណ៍ល្អសោះ។ បុ៉ន្តែពេលនេះ ខ្ញុំបានឈានចូលដល់វគ្គពាក់កណ្តាលហើយ» ។
គួរកត់សម្គាល់ថា ចាប់តាំងពីឈ្នះពានក្របខ័ណ្ឌ Wimbledon ឆ្នាំ២០១៣ រួចមក មូរ៉េ មិនបានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ណាមួយនៅឡើយទេ ។ បុ៉ន្តែសម្រាប់វគ្គ១/៤ ផ្តាច់ព្រ័ត្រវិញ គេបានឈានចូលច្រើនលើកហើយ ។នៅវគ្គបន្ទាប់ មូរ៉េ នឹងប៉ះជាមួយកីឡាករលំដាប់ទី១ ពិភពលោកមកពីប្រទេសស៊ែប៊ី ណូវ៉ាក់ យូ៉កូវិច ។លទ្ធផលផ្នែកនារីវិញ នាងស៊េរីណា វីលៀម ជាកីឡាការិនីការពារជើងឯក បានយកឈ្នះកីឡាការិនីអេស្តូនី Kaia Kanepi ក្នុងលទ្ធផល៦-៣ និង៦-៣ ពោលបន្ទាប់ពីប្រើពេលអស់១ម៉ោង និង៥នាទី ។ នៅវគ្គបន្ទាប់ កីឡាការិនីអាមេរិករូបនេះនឹងប៉ះជាមួយនាង Flavia Pennetha មកពីប្រទេសអុីតាលី ។
សម្រាប់ស៊េរីណា ជ័យជម្នះលើកនេះបានរក្សានូវក្តីសង្ឃឹមរបស់ខ្លួនដែលប្រាថ្នាឈ្នះពានជើងឯក US Open ៣ឆ្នាំបន្តបន្ទាប់គ្នា ។
ដោយឡែក នៅឆ្នាំនេះវិញ គឺជាលើកទី១ សម្រាប់នាងដែលបានឈានចូលដល់វគ្គ១/៤ ផ្តាច់ព្រ័ត្រក្របខ័ណ្ឌធំ ។ នាងបានថ្លែងថា ៖ «ជ័យជម្នះលើកនេះធ្វើឱ្យខ្ញុំរំភើបខ្លាំងណាស់ ។ ខ្ញុំមិនធ្លាប់គិតបែបនេះឡើយ ពិតណាស់ ខ្ញុំមិនចង់ឱ្យក្តីសប្បាយនៅពេលនេះបញ្ចប់ឡើយ» ៕
ចែករំលែកព័តមាននេះ