កងទ័ពបា៉គីស្ថានកាលពីថ្ងៃទី១ កញ្ញា បានធ្វើអន្តរាគមន៍រុញច្រានពួកបាតុករប្រឆាំងរដ្ឋាភិបាលជាច្រើនរយនាក់ដែលលើកគ្នាចូលត្រួតត្រាទូរទស្សន៍រដ្ឋនៅកណ្តាលរដ្ឋធានីអីុស្លាមា៉បាដ ។ ពួកបាតុករដែលកាន់ព្រនង់មុននេះបានលុកចូលក្នុងការិយាល័យរបស់ទូរទស្សន៍ PTV ដើម្បីឱ្យទូរទស្សន៍នោះបញ្ឈប់ការផ្សាយ ។ ក៏ប៉ុន្តែប្រមាណជា៣០នាទីក្រោយមក កងកម្លាំងសន្តិសុខបានរុញច្រានពួកគេចេញពីទីនោះវិញ ដោយគ្មានការប៉ះទង្គិចគ្នាឡើយ ។
ពួកបាតុករពេលលុកចូលអុកឡុកទូរទស្សន៍រដ្ឋក៏បានវាយបំផ្លាញសម្ភារនានា ហើយដករូបនាយករដ្ឋមន្ត្រីលោក ណាវ៉ាស់ សារីហ្វ ចេញ ។ពួកអ្នកគាំទ្រមេដឹកនាំប្រឆាំងលោក អីុមរ៉ានខាន់ និងលោក តាហៀ អ៊ុលកាឌ្រី ប្រមុខសាសនាម្នាក់ បានបោះជំរំតវា៉ចាប់តាំងពីថ្ងៃទី១៥ សីហា មក នៅទីក្រុងអីុស្លាមា៉បាដ ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែងដោយចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតសភា កាលពីខែឧសភា ឆ្នាំ២០១៣ ។
បាតុកម្មនៅតែធ្វើដោយសន្តិវិធីរហូតដល់យប់ថ្ងៃទី៣០ សីហា ពេលមេដឹកនាំប្រឆាំងទាំង២រូបអំពាវនាវឱ្យពួកអ្នកគាំទ្រលើកគ្នាទៅកាន់និវេសនដ្ឋានរបស់នាយករដ្ឋមន្ត្រី ។ ប្រឈមមុខនឹងបាតុករជាច្រើនពាន់នាក់ ប៉ូលិសបា៉គីស្ថានបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូដើម្បីបំបែក ។
ពួកបាតុករប្រឆាំងក៏បានវាយប្រហារលើការិយាល័យរបស់ទូរទស្សន៍ឯកជន GEO ដែលចាត់ទុកថា ជួយគាំទ្ររដ្ឋាភិបាលដែរ ។
ការប៉ះទង្គិចគ្នារវាងប៉ូលិសនិងពួកបាតុករដែលនៅបន្តនាថ្ងៃទី១ កញ្ញា នៅកណ្តាលរដ្ឋធានីបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៣នាក់ និងជិត៥០០នាក់ត្រូវរបួស ៕
ចែករំលែកព័តមាននេះ