ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃមុនគាំងផ្អើលពិភពលោក! ថ្មីៗនេះ មេហ្វេស​ប៊ុកជះ៣០០លានដុល្លារ ទិញនាវាប្រណីតកាដូខ្លួនឯង

1 ខែ មុន

សហរដ្ឋអាម៉េរិក ៖ យោងតាមរបាយការណ៍របស់កាសែត The Sun និង New York Post បានរាយ

សហរដ្ឋអាម៉េរិក ៖ យោងតាមរបាយការណ៍របស់កាសែត The Sun និង New York Post បានរាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុនមេតា «Meta» មហាសេដ្ឋីអាម៉េរិក លោក Mark Zuckerberg កាលពីពេលថ្មីៗនេះ ទើបតែជះលុយ៣០០លានដុល្លារអាម៉េរិក ទិញនាវាទំនើបដ៏ប្រណិតមានឈ្មោះថា «Launchpad»។

ប្រភពពីគេហទំព័រ Business Insider ក៏បានរាយការណ៍ថា Launchpad ប្រវែង១១៨ម៉ែត្រ បានចតនៅកំពង់ផែទីក្រុង Fort Lauderdale រដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។

ដោយផ្អែកទៅលើរូបភាព Launchpad គឺមានពណ៌ទឹកប៊ិកក្រម៉ៅ ហើយបើយោងតាមគេហទំព័រ Superyacht Times បានបង្ហាញថា នាវាទំនើបដ៏ប្រណីតនេះមានសមត្ថភាពបើកក្នុងលឿនរហូតដល់ ៣៧.០៤គីឡូម៉ែត្រក្នុង១ម៉ោង ដោយត្រូវបានរចនាឡើងផ្តល់ផាសុកភាព និងអាចផ្ទុកភ្ញៀវបានចំនួន ២៦នាក់ និងក្រុមនាវិករហូតដល់ទៅ ៤៩នាក់។

នាវា Launchpad គឺជាផលិតផលរបស់ក្រុមហ៊ុន Feadship ដែលជាក្រុមហ៊ុនសាងសង់នាវដ៏ល្បីមួយ ដែលមានទីស្នាក់ការនៅក្នុងប្រទេសហូឡង់ ហើយរហូតមកទល់ពេលនេះ នាវាប្រវែងជាង១០០ម៉ែត្រ ត្រូវបានក្រុមហ៊ុនផលិតតែ៧០គ្រឿងប៉ុណ្ណោះ ដែលគេជឿថា ការផលិតនាវាដ៏ពិសេសបែបនេះ គឺសម្រាប់តែសមាជិកក្រុមហ៊ុនតែប៉ុណ្ណោះ។

បើយោងតាមប្រភពទស្សនាវដ្តីពាណិជ្ជកម្មអាម៉េរិក Forbes បានបង្ហាញថា មហាសេដ្ឋីបច្ចេក​វិទ្យា​អាម៉េរិក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលក្រុមហ៊ុនមេរបស់កម្មវិធីទំនាក់ទំនងសង្គម Facebook, Instagram, Whatsapp និង Threads មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបចំនួន ១៧៨.៦ពាន់លានដុល្លារអាម៉េរិក គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ដោយឈរនៅចំណាត់ថ្នាក់លេខ ៤ នៅលើពិភពលោក។

គួររំលឹកជូនថា កាលពីដើមខែមីនានេះ ក្រុមហ៊ុន Meta បានបាត់បង់ប្រាក់ចំណូលប្រហែល ១០០​លានដុល្លារអាម៉េរិក ពោលត្រឹមតែជាង២ម៉ោងប៉ុណ្ណោះ នៅពេលដែលបណ្ដាញសង្គម Facebook, Instagram និងកម្មវិធីផ្ញើសារ Messenger បានគាំងដំណើរការជាមួយជួបបញ្ហា Log Out គាំងមិនអាចចូលប្រើប្រាស់គណនីបាន និងលោតសារថា Session Expired នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង មុនពេលអាចចូលប្រើប្រាស់វិញបាន។

ក្រុមហ៊ុន Meta បានបង្កើតប្រាក់ចំណូលភាគច្រើនរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលត្រូវបានបង្ហាញដល់អ្នកប្រើប្រាស់ ហើយជាមួយបញ្ហាបច្ចេកទេស ដែលបណ្ដាលឱ្យ Facebook, Instagram និង Messenger គាំងដំណើរការ ក៏បានទម្លាក់ប្រាក់ចំណូលរបស់ក្រុមហ៊ុនផងដែរ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ អ្នកជំនាញបានអះអាងថា តួលេខនៃការបាត់បង់នេះ មិនមែនជាបញ្ហាធំចំពោះក្រុមហ៊ុន Meta នោះទេ ក៏ព្រោះតែក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាម៉េរិកមួយនេះ បានរកប្រាក់ចំណូលប្រហែល ១៣៤ពាន់លានដុល្លារអាម៉េរិកឯណោះ កាលពីឆ្នាំមុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ