ជម្រុញប្រជាពលរដ្ឋខ្មែររស់នៅតាមដងទន្លេ ចូលរួមស្រលាញ់បរិស្ថាន ដោយវេចខ្ចប់ និងទុកសំរាមឲ្យបានត្រឹមត្រូវ
រាជធានីភ្នំពេញ ៖ អង្គការ សម្អាតទន្លេ សមុទ្រ (Ocean River) សហការជាមួយរដ្ឋបាលខេត្តកណ្ដាល ប្រារព “ទិវាអំពើល្អ”…
រាជធានីភ្នំពេញ ៖ អង្គការ សម្អាតទន្លេ សមុទ្រ (Ocean River) សហការជាមួយរដ្ឋបាលខេត្តកណ្ដាល ប្រារព “ទិវាអំពើល្អ”…
រាជធានីភ្នំពេញ ៖ អង្គការ សម្អាតទន្លេ សមុទ្រ (Ocean River) សហការជាមួយរដ្ឋបាលខេត្តកណ្ដាល ប្រារព “ទិវាអំពើល្អ” លើកទី៥ សំដៅដល់ការជម្រុញ លើកទឹកចិត្តប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេចតុមុខ ចូលរួមស្រលាញ់បរិស្ថាន ដោយវេចខ្ចប់ និងទុកសំរាមឲ្យបានត្រឹមត្រូវ ។
លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសម្អាតទន្លេ សមុទ្រ បានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះថា បញ្ហាបរិស្ថាន កំណើនកំដៅ ទឹកជំនន់ គ្រោះរាំងស្ងួត វិបត្តិខ្វះទឹកប្រើប្រាស់ បាននឹងកំពុងគំរាមកំហែង ជាបញ្ហាពិភពលោក ដែលបង្កឡើងដោយមនុស្សម្នាក់ៗ ក្រុម ផ្នែក វិស័យ ប្រទេសនិមួយៗ ដែលទាមទារ នូវការចូលរួមដោះស្រាយទាំងអស់គ្នា ។
នាយកប្រតិបត្តិរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា “គ្រាន់តែការចូលរួមដាំដើមឈើ ការទុកដាក់សំរាមបានត្រឹមត្រូវ នៅក្នុងប្រទេសកម្ពុជា ក៏អាចជួយផ្តល់ នូវភាពប្រសើរឡើងមួយចំណែកដល់បរិស្ថាន ពិភពលោកផងដែរ ដូច្នេះការចូលរួមរបស់ប្រទេសកម្ពុជា ជាមួយពិភពលោក មានភាពចាំបាច់ ដើម្បីដោះស្រាយបញ្ហាបរិស្ថានជាសកល” ។
លោក នូ សុវណ្ណ បានលើកឡើងថា ប្រទេសកម្ពុជាមានអំណោយផលល្អប្រសើរពីធម្មជាតិ ដី ព្រៃប្រឹក្សា ទឹក សមុទ្រ ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ បឹងបួរ ធនធានធម្មជាតិ ជាច្រើនផ្សេងៗទៀត ដែលខេត្តកណ្តាល មានស្ទើរទាំងអស់ដូច្នេះហើយ អង្គការសម្អាតទន្លេ សមុទ្រ បានចាត់ទុកខេត្តកណ្តាល ជាខេត្តអទិភាព ក្នុងការជួយធ្វើឲ្យប្រសើឡើង នូវការគ្រប់គ្រងសំរាមសំណល់រឹង ជាពិសេសការប្រមូលនសំណល់ ដែលជនមួយចំនួនបានបោះចោលតាមច្រាំងទន្លេ និងក្នុងទឹកទន្លេ បញ្ជៀសការបំពុលប្រភពទឹកប្រើប្រាស់ និងប្រភពអាហាររបស់ប្រជាពលរដ្ឋយើង ។
លោកបានលើកឡើងថា អង្គការសម្អាតទន្លេសមុទ្រ បានចុះជួយសម្អាតទន្លេបាសាក់ នៅថ្ងៃព្រះរាជពិធីបុណ្យ អុំទូកអកអំបុក សំពះព្រះខែ នៅមុខវេទិការប្រណាំងទូក។ សំរាមជាង ៥តោន ត្រូវបានប្រមូលចេញ និង១៥តោន ទៀតនៅទន្លេចតុមុខ ។
លោកបានបញ្ជាក់បន្ថែមថា ចាប់តាំងពីឆ្នាំ២០២០ មកដល់ខែមេសា ២០២៤នេះ អង្គការសម្អាតទន្លេ សមុទ្រ ប្រមូលសំរាម បាន១,៧៥០តោន ពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក នេះជាអំពើល្អសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជម្រុញការទាក់ទាញភ្ញៀវទេសចរណ៍ និងការថែទាំធនធានធម្មជាតិរបស់យើង ។
គួរំលឹកថា នៅប្រទេសកម្ពុជា ទិវាអំពើល្អ បានចាប់ផ្តើមនៅដើមឆ្នាំ២០២០ នារដូវកាលកូវី-១៩ កំពុងរីករាលដាលយ៉ាងខ្លាំង ទូទាំងក្នុងប្រទេស និងពិភពលោក ។
យ៉ាងណាមិញ ក្រុមយុវជនស្ម័គ្រចិត្តរបស់អង្គការសម្អាតទន្លេ សមុទ្រ ដឹកនាំដោយយុវជនឈ្មោះ ហុង គីបូរ៉ា ជាប្រធានបេសកកម្មសម្អាតទន្លេ សមុទ្រ លោកបានគៀងគថវិការ ឧបភោគ បរិភោគ ពីសប្បុរសជន ក្នុង និងក្រៅប្រទេស ហើយបានចុះចែកអាហារ ភេសជ្ជៈ ជូនដល់ជនក្រីក្រមួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ក្នុងគ្រាដ៏លំបាកនោះ ។
ចាប់តាំងពីនោះមក អង្គការសម្អាតទន្លេ សមុទ្រ បានក្លាយជាសមាជិករបស់ Good Deeds Day Global ហើយបានរៀបចំកម្មវិធីជារៀងរាល់ឆ្នាំ ជាមួយពិភពលោក ចាប់តាំងពីពេលនោះមក ។
គួរបញ្ជាក់ថា អំពើល្អ ជាទង្វើងាយៗណា ដែលផ្តល់នូវផលវិជ្ជមានតូច ឫធំណាមួយ ដែលធ្វើឲ្យល្អប្រសើរ សម្រាប់ការរស់នៅរបស់មនុស្ស សត្វ និងនិរន្តរភាពរបស់ធម្មជាតិ។ អំពើល្អ ចាប់ពីយើងម្នាក់ៗ ពីការគិតល្អ និយាយល្អ និងការប្រព្រិត្តអំពើល្អ ហើយលទ្ធផលនឹងល្អប្រសើឡើងសំរាប់យើង គ្រួសារយើង ភូមិយើង ខេត្តយើង ប្រទេសយើង និងពិភពលោកយើង ៕
ចែករំលែកព័តមាននេះ