រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី ដ៏ធំមួយ ខាងផលិតរថយន្តដឹកទំនិញ នៅក្នុងប្រទេសរុស្ស៊ី និងមានសាខានៅបណ្តាលប្រទេសមួយចំនួនថែមទៀតនោះ មានបំណងវិនិយោគនៅរាជធានីភ្នំពេញបន្ថែមទៀត ខណៈដែលនៅប្រទេសវៀតណាម ក្រុមហ៊ុននេះ បាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស ។
បំណងខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី ដឹកនាំដោយលោក ដុលហ្គូវ ឡេអូនីត (Mr. Dolgov Leonid) នាយកគ្រប់គ្រង GAZ Group និងលោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ សីហានេះ នៅសាលារាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំពិភាក្សានេះ លោក ដុលហ្គូវ ឡេអូនីត (Mr. Dolgov Leonid) បានធ្វើបទបង្ហាញពីគុណភាព និងសមត្ថភាពរថយន្តដឹកទំនិញជាច្រើនប្រភេទរបស់ GAZ Group ដោយលោកបានមានប្រសាសន៍លើកឡើងថា នេះជាលើទី២ហើយ ដែលលោកបានមកកម្ពុជា លោកនឹងធ្វើបទបង្ហាញម្តងទៀតពីក្រុមហ៊ុន GAZ Group។ ផលិតផល GAZ យើងបានធ្វើ៩១ឆ្នាំហើយ មាន១៥រោងចក្រ ចុងក្រោយ ក្រុមហ៊ុននេះ បានបង្កើតរោងចក្រផលិតនៅប្រទេសវៀតណាម ដែលជាបច្ចេកទេសរុស្ស៊ីទាំងអស់ មានទាំងប្រភេទរថយន្តដឹកទំនិញ រថយន្តក្រុង ឡានទឹក រថយន្តសង្គ្រោះបន្ទាន់ជាដើម ដោយប្រើប្រាស់សាំង ម៉ាស៊ូត ហ្គាសនិងអគ្គិសនី។ ក្រោយការសិក្សា នៅប្រទេសកម្ពុជា មានតម្រូវការច្រើនជាមួយក្រុមហ៊ុន GAZ Group។ ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគនៅកម្ពុជាបន្តទៀត។ កិច្ចការងារនេះ ក្រុមហ៊ុន GAZ Group បានជួបពិភាក្សាការងារជាមួយសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ម្តងរួចហើយ ក្នុងអំឡុងពេលសម្តេចទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី។ ក្រុមហ៊ុនចង់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ សម្របសម្រួលជួយរកទីតាំង ដើម្បីឱ្យក្រុមហ៊ុន បានដំណើរការនៅពេលឆាប់ៗនេះ នៅប្រទេសកម្ពុជា ដោយគ្រោងផលិតរថយន្ត និងគ្រឿងបន្លាស់ ។
ជាមួយគ្នានោះដែរ បន្ទាប់ពីការពិភាក្សាគ្នារួច ក្រុមហ៊ុន GAZ Group បានអញ្ជើញ លោកអភិបាលរង និងក្រុមការងារ ពិនិត្យគំរូ រថយន្ត ចំនួន២គ្រឿង ដើម្បីធ្វើការជ្រើសរើស យក១ ព្រោះក្រុមហ៊ុន នឹងផ្តល់ជាអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ ចំនួន១គ្រឿង។ បន្ទាប់មក ក្រុមហ៊ុននឹងបញ្ជូនរថយន្តនោះពីរោងចក្រ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញតែម្តង ដោយក្រុមហ៊ុនបានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកសម្របសម្រួលលើបែបបទនាំចូល ។
ការឆ្លើយតប លោក អ៊ីមរ៉ន ហាស្សាន់ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ គាំទ្រជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុន GAZ Group នៅប្រទេសកម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយក៏បានសន្យា នឹងជួយសម្របសម្រួលផ្លូវច្បាប់ឱ្យក្រុមហ៊ុន ផងដែរ ៕












ចែករំលែកព័តមាននេះ