មូលនិធិគន្ធបុប្ផាកម្ពុជាកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចេញសារមួយពញាក់ឲ្យស្ត្រីមានផ្ទៃពោះប្រុងប្រយ័ត្ននឹង ជំងឺគ្រុនឈាម ។

មូលនិធិនេះបានអះអាងថា មកដល់ថ្ងៃជូនដំណឹងនេះ ស្ត្រីមានផ្ទៃពោះយ៉ាងហោចណាស់ ១២នាក់ មានជំងឺគ្រុនឈាម ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបជួយសម្រាល និងសង្គ្រោះជីវិត។ សូមប្រុងប្រយ័ត្ន ស្ត្រីមានផ្ទៃពោះអាចមានគ្រោះថ្នាក់ដោយសារតែជំងឺគ្រុនឈាម ។
ស្ត្រីមានផ្ទៃពោះត្រូវបានគេដឹងថា អាចមានហានិភ័យខ្ពស់ជាងមនុស្សទូទៅ ប្រសិនបើឆ្លងជំងឺគ្រុនឈាម ។ នៅក្នុងអំឡុងពេលមានផ្ទៃពោះ ហើយឆ្លងជំងឺគ្រុនឈាមស្ត្រីអាចគ្រោះថ្នាក់ហូរឈាមខ្លាំង ដោយសារតែកម្រិតបា្លកែត និងប្រព័ន្ធកំណកឈាមប្រែប្រួលខ្លាំង ។ ស្ត្រីមានផ្ទៃពោះក៏អាចនឹងបាត់បង់សារធាតុរាវចេញពីសរសៃឈាម ដែលអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ និងកើតអាការៈគាំងបេះដូង ។
ក្រៅពីនោះជំងឺគ្រុនឈាមអាចបង្កឲ្យទារកសម្រាលមុនកំណត់ ទម្ងន់កំណើតទារកទាប ហើយបើករណីធ្ងន់វាក៏អាចនឹងបង្កហានិភ័យដល់ជីវិតទារកផងដែរ ៕
ចែករំលែកព័តមាននេះ