មិនខ្វល់រដូវបិទនេសាទ ! ឈ្មួញសម្រុកដឹកកូនត្រីល្មើសច្បាប់ទាំងយប់ទាំងថ្ងៃ នៅស្រុកកៀនស្វាយ និងលើកដែក
- កណ្តាល
ខេត្តកណ្តាល ៖ រដូវបិទនេសាទ គេសង្កេតឃើញមានសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនកូនត្រីល្អិតតាមរថយន្តតូច-ធំ ឬតាមរឺម៉កម៉ូតូ និងទូកឆ្លងកាត់ទឹកដីភូមិសាស្ត្រស្រុកកៀនស្វាយ និងស្រុកលើកដែក យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ដោយគ្មានការទប់ស្កាត់ ឬបង្ក្រាបពីស្ថាប័នពាក់ព័ន្ធនោះឡើយ ។
ប្រភពបានលួចបង្ហើបអោយដឹងថា កូនត្រីតូចៗចម្រុះដែលក្រុមឈ្មួញដើរប្រមូលទិញពីក្រុមអ្នកដាក់ឡុកស្បៃមុងដែលជាបទល្មើសជលផល តាមបឹងបួរ អូរ ព្រែកពីតាមតំបន់ទំនាបដែលទឹកហូរចូលដូចជា ខាងស្រុកស្អាង ស្រុកកោះធំ ស្រុកល្វាឯម ខេត្តកណ្តាល និងស្រុកពាមរក៍ ស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីយកមកចែកចាយលក់បន្តអោយអ្នកចិញ្ចឹមត្រីឆ្តោធ្វើជាចំណីក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែក ក្នុងមួយថ្ងៃៗរាប់តោន ។ ប្រភពដដែលបន្តថា ពួកក្រុមឈ្មួញច្រើនតែធ្វើសកម្មភាពដឹកជញ្ជូនកូនត្រីតូចៗក្នុងរដូវបិទនេសាទនេះ ចន្លោះចាប់ពីម៉ោង ៣-៤ ជិតភ្លឺ ហើយជួនកាលពេលថ្ងៃក៏ឃើញមានដឹកជញ្ជូនដែរ ។
ជាក់ស្តែង កាលពីវេលាម៉ោងប្រហែល ៩ព្រឹក ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ ក្រុមអ្នកសារព័ត៌មានបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ២៣ បានប្រទះឃើញរថយន្តកូរ៉េ ១គ្រឿងចំណុះប្រហែល ២តោនកន្លះបានដឹកកូនត្រីចម្រុះពេញឡានកំពុងឈប់ថ្លឹងសាងកូនត្រីអោយម៉ូយនៅចិញ្ចើមផ្លូវលេខ ២៣ នៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ចំងាយប្រហែល ៥០ម៉ែត្រពីប៉ុស្តិ៍ ។ ប៉ុន្តែមិនឃើញមានមនុស្សនៅក្បែរឡានដឹកជញ្ជូនផលអនុផលល្មើសនោះឡើយ សង្ស័យឃើញឡានអ្នកកាសែតមកដល់ ពួកគាត់ស្មានតែឡានមន្ត្រីជំនាញនាំគ្នារត់ចូលព្រៃពួនអស់ទៅ ដោយបន្សល់ទុកតែជញ្ជីងថ្លឹងត្រីនៅខាងក្រោយឡាន ១ផងដែរ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ