រាជធានីភ្នំពេញ ៖ អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា បានបញ្ជាក់ថាយោធិនដែលកំពុងបំពេញកាតព្វកិច្ចយោធាត្រូវទទួលប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀលក្នុងមួយខែ និងគោលរបបផ្សេង ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងក្នុងសន្នីសីទសារព័ត៌មានថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានរាជរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែសីហា ។ អនុក្រឹត្យនេះបានកំណត់ច្បាស់លាស់នូវលក្ខខណ្ឌ និងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការពន្យារពេលអំពីប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗ ការលើកទឹកចិត្ត ព្រមទាំងបែបបទ និងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាឱ្យចូលបម្រើការងារ ឬបន្តការសិក្សាឡើងវិញដើម្បីធានាថា ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។


អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុ ចាប់ពី១៧ ដល់២៥ឆ្នាំ សម្រាប់ការធ្វើជំរឿន និងពី១៨ ដល់២៥ឆ្នាំ សម្រាប់ការបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ ។ ការជ្រើសរើសប្រជាពលរដ្ឋឱ្យចូលបំពេញកាតព្វកិច្ចយោធាត្រូវអនុវត្តតាមរយៈការស្ម័គ្រចិត្ត និងតាមរយៈការចាប់ឆ្នោត ។ ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសត្រូវទទួលបានការអញ្ជើញដោយផ្ទាល់ដល់សាម៉ីខ្លួន ទៅតាមចំនួនតម្រូវការប្រចាំឆ្នាំ ។ ប្រជាពលរដ្ឋដែលជាសិស្ស និស្សិត ដែលកំពុងសិក្សា ជនោះអន្តោប្រវេសន៍ការងារ ឬមន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស អាចទទួលបានការអនុញ្ញាតឱ្យពន្យារពេល១ឆ្នាំម្តងៗចំនួន៤ដង ។

រយៈពេលនៃការពន្យារពេល ត្រូវបូកបន្ថែមទៅលើអាយុដែលត្រូវបំពេញកាតព្វកិច្ចយោធា ដោយសាម៉ីខ្លួនត្រូវដាក់ពាក្យសុំពន្យារពេលដោយបញ្ជាក់មូលហេតុ និងមានការបញ្ជាក់ពីក្រសួង ឬស្ថាប័នមានសមត្ថកិច្ច ។ យោងតាមអនុក្រឹត្យយោធិន ដែលកំពុងបំពេញកាតព្វកិច្ចយោធា ត្រូវទទួលប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗដូចជា ៖ ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន៤០ម៉ឺនរៀល និងគោលរបបផ្សេងៗមានដូចជា ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន របបអង្ករប្រចាំថ្ងៃ និងរបបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខាចាំបាច់មួយចំនួនទៀត ។

យោធិនដែលមានជំងឺ ឬរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការសង្គ្រោះព្យាបាល និងការថែទាំពីក្រសួងការពារជាតិ ។ យោធិន ដែលបានបញ្ចប់កាតព្វកិច្ចយោធា បានទទួលការលើកទឹកចិត្តដូចជា មានអាទិភាពទទួលបានការអប់រំប ណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅក្នុងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសាធារណៈ និងមានអាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារជាយោធិនអាជីពក្នុងកងយោធពលខេមរភូមិន្ទ ។ យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាត្រូវបញ្ចូលទៅបម្រើការងារវិញ ក្នុងក្របខ័ណ្ឌដើមរបស់ស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ ឬឯកជន និងអង្គការសង្គមស៊ីវិល ដោយរក្សាមុខតំណែងដូចមុនពេលបំពេញកាតព្វកិច្ចយោធា ។ សហគ្រាសសាធារ ណៈ ឬឯកជន និងអង្គការសង្គមស៊ីវិលដែលមិនព្រមទទួលប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាឱ្យចូលធ្វើការវិញ និងរក្សាតំណែងដដែលដូចមុនពេលចូលបំពេញកាតព្វកិច្ចយោធា ត្រូវផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ និងសោហ៊ុយជំងឺចិត្តស្របតាមច្បាប់ស្តីពីការងារ ។

គ្រឹះស្ថានសិក្សា ឬគ្រឹះស្ថានបណ្តុះ បណ្តាលបច្ចេកទេសវិជ្ជាជីវៈ ត្រូវទទួលឱ្យសិស្ស និស្សិត ដែលបានបញ្ចប់កាតព្វកិច្ចយោធាឱ្យបន្តការសិក្សាវិញដោយរក្សាលទ្ធផលនៃការសិក្សាកន្លងមករបស់សាម៉ីជន ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយព្រះរាជក្រម ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ ។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ។ ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ទុកជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។
យោងតាមសម្តេចធិបតី គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។
ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលមានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធា ដោយចាត់ទុកថា នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមដែលខ្លួនបានហ្វឹកហាត់ចំណេះជំនាញមួយដ៏មានសារសំខាន់បំផុត ដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅពេលណាដែលជាតិត្រូវការជំនួសឱ្យការព្រួយបារម្ភពីការខាតប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងអំឡុងពេលនៃការចូលហ្វឹកហាត់និងបំពេញកាតព្វកិច្ចយោធា ។
សម្តេចធិបតី ចាត់ទុកបទពិសោធន៍និងការឈឺចាប់រយៈពេលជាង១ឆ្នាំចុងក្រោយនេះ ជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយកូនខ្មែរទាំងអស់ ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវត្រៀមខ្លួនដើម្បីជួយជាតិ តាមរយៈការប្រែក្លាយស្មារតីស្នេហាជាតិឱ្យទៅជាកម្លាំងដ៏រឹងមាំពិតប្រាកដមួយ និងត្រៀមលក្ខណៈជាស្រេចដើម្បីជួយប្រទេសជាតិ នៅពេលដែលជាតិត្រូវការ ៕
ចែករំលែកព័តមាននេះ