ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បង្ក្រា.ប​បទល្មើស​ព្រៃឈើ និង​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ ក្នុង​ប្រតិបត្តិការ​ល្បាត ៣​ថ្ងៃ

26 នាទី មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​៖ មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អង្គការ WCS និង​សហគមន៍ បាន​ចុះ​ប្រតិបត្តិការ​ល្បាត​រយៈពេល​៣​ថ្ងៃ​ជាប់​ៗ​គ្នា​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៦ ដោយ​សម្រេច​បាន​លទ្ធផល​សំខាន់​ៗ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ និង​ការ​ការពារ​សត្វព្រៃ​កម្រ ក្នុង​ដែនជម្រកសត្វព្រៃ «​គូលែន​-​ព្រហ្ម​ទេព​» និង «​ឆែប​-​ព្រះ​រការ​»​។

ប្រតិបត្តិការ​នេះ ដឹកនាំ​ផ្ទាល់​ដោយ លោក មឿ​ន សុ​ភេទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស តំណាង​រដ្ឋបាល​ស្រុក ក្រុមការងារ​អង្គការ​សង្គ្រោះ​សត្វព្រៃ (WCS) និង​ប្រជា​សហគមន៍ ក្នុង​តំបន់​ព្រៃ​សហគមន៍​ការពារ​ធម្មជាតិ​ត្មា​ប៉ើយ (​ស្រុក​ជាំ​ក្សាន្ត​) និង​ដែនជម្រកសត្វព្រៃ​ឆែប​-​ព្រះ​រការ (​ស្រុក​ឆែប​)​។

លទ្ធផល​សំខាន់​ៗ​នៃ​ប្រតិបត្តិការ​ល្បាត ៣​ថ្ងៃ​៖​ការទប់ស្កាត់​ដី​ព្រៃ​៖ ក្រុមការងារ​បាន​រក​ឃើញ និង​វ៉ៃ​ឃ្លុំ​បេឡា​ដី​រង​ការ​ទន្ទ្រាន​ខុសច្បាប់​នៅ​ចំណុច «​ស្រះ​ព្រីង​» ដែល​ជាទី​តាំង​ស្រះ​បុរាណ និង​ទួល​ប្រាសាទបុរាណ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។
ការ​បង្ក្រាប​ឈើ​ប្រណីត​៖ បាន​ឃាត់​ទុក​គោ​យន្ត​កែច្នៃ​ដឹកឈើ​ចំនួន ២​គ្រឿង ដឹកឈើ​ប្រភេទ​ឈើទាល និង​ស្រឡៅ សរុប ៧៥​សន្លឹក (​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​)​។ បច្ចុប្បន្ន វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ «​ដំរី​បូត​» ដើម្បី​បន្ត​នីតិវិធី​។

ការ​ស្រាវជ្រាវ​បទល្មើស​កាប់​ឈើ​៖ រក​ឃើញ​គល់ឈើ​ចំនួន ៨​គល់ ដែល​ជនសង្ស័យ​បាន​លួច​កាត់ ជ្រៀក និង​ដឹក​ចេញ​កាលពីដើម​ឆ្នាំ​២០២៦​។ អាជ្ញាធរ​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ដើម្បី​យក​មក​ផ្តន្ទា​ទោស​។​ពាក់ព័ន្ធ​ករណី​ខាងលើ​សុំ​ត្ថ​កិច្ច​បាន​ប្រមូល​និង​ដកហូត​អន្ទាក់​សត្វព្រៃ ព្រមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់​បាន​ចំនួន ២​ឈុត​។

ក្រៅពី​កិច្ចការ​បង្ក្រាប​បទល្មើស ក្រុមការងារ​ល្បាត​ក៏​បាន​ប្រទះ​ឃើញ​ស្នាមជើង​សត្វព្រៃ​សំខាន់​ៗ​ជា​ច្រើន រួម​មាន ស្នាម​ជើងដំរី​មេ និង​កូន​, ជ្រូកព្រៃ​, ស្វាន និង ប្រភេទ​សត្វ​ស្លាប​កម្រ​ៗ ជា​ច្រើន​ប្រភេទ នៅ​ចំណុច «​ស្រះ​ខ្នា​» នៃ​ដែនជម្រកសត្វព្រៃ​ឆែប​-​ព្រះ​រការ​។
លោក​ប្រធាន​មន្ទីរ​បរិស្ថាន​បាន​គូសបញ្ជាក់​ថា «​ស្រះ​ខ្នា​» គឺជា​ប្រភព​ទឹក​ដ៏​សំខាន់ និង​ជា​គោលដៅ​យុទ្ធ​សាស្ត្រ​នៃ​ការ​អភិរក្ស​សត្វព្រៃ រួម​មាន ដំរី ស្វាន ឈ្លូស ទន្សោង និង​ជ្រូកព្រៃ​។ ផ្អែក​តាម​ទិន្នន័យ​ស្រាវជ្រាវ​កន្លង​មក​របស់​អង្គការ WCS តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព (Camera Trap) បាន​បង្ហាញ​ថា តំបន់​ស្រះ​ខ្នា​នេះ មាន​សត្វ​ទន្សោង​ប្រមាណ ៣០​ក្បាល​, ដំរីព្រៃ​ចន្លោះ​ពី ១៥ ទៅ ២០​ក្បាល ព្រមទាំង​សត្វព្រៃ​កម្រ​ផ្សេង​ៗ​ទៀត តែងតែ​ចេញចូល​រកស៊ី​ជា​ប្រចាំ​។

មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​អះអាង​សារ​ជា​ថ្មី​ពី​បេសកកម្ម​របស់​ខ្លួន ក្នុង​ការ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ និង​ការពារ​ជម្រក​សត្វព្រៃ​ឱ្យ​បាន​គង់វង្ស សម្រាប់​ជា​សម្បត្តិ​បេតិកភណ្ឌ​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕