ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងបង្គោលសូឡា ក្លាយជាប្រធានបទក្តៅ នាយករដ្ឋ​មន្ត្រីឱ្យអភិបាលខេត្តជម្រះបញ្ជីរឿងថ្លៃកប់ពពក

2 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពេល​នេះ ប្រធានបទ​មួយកំពុង​ជជែក​ដេញដោល​គ្នា​ពី​មួយ​ទៅ​មួយ ពិសេស​តាម​បណ្តាញ​សង្គម​តែ​ម្តង បាន​ញ័រ​កក្រើក​ដោយសារ​តែ​រឿង​បង្គោល​ភ្លើង​សូ​ឡា​១​ដើម មាន​តម្លៃ ៨​លាន​រៀល ស្មើនឹង ២ ០០០​ដុល្លារ ដែល​ការ​វាយតម្លៃ​មិន​ថ្លៃ​ដល់​ថ្នាក់​នេះ​ទេ ។ បង្គោល​ភ្លើង​សូ​ឡា​នេះ ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ។

ឥឡូវនេះ​ទាំង​គូទ​ឆ្នាំង ទាំង​គម្របឆ្នាំង ក្តៅ​ស្ទើរ​ស្មើគ្នា​ហើយ ។សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​បន្ទាន់​ដល់​អភិបាល​ខេត្តកំពង់ឆ្នាំង ត្រូវ​ត្រួតពិនិត្យ​មើល​ករណី​បង្គោល​ភ្លើង​សូ​ឡា​១​ដើម​មាន​តម្លៃ​រហូត​ដល់​៨​លាន​រៀល ឬ​ស្មើ ២ ០០០​ដុល្លារ ដែល​បាន​ដាក់​ដំឡើង​នៅ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ។ 

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បន្ទាប់​ពី​កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ករណី​បង្គោល​ភ្លើង​សូ​ឡា​តម្លៃ​១​ដើម ៨​លាន​រៀល (​ប្រហែល ២ ០០០​ដុល្លារ​) កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ និង​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​នៅ​លើ​បណ្តាញ​សង្គម ។  

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា នៅ​ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៦សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះ​ឃើញ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​បង្គោល​ភ្លើង​សូ​ឡា​តម្លៃ ២​ពាន់​ដុល្លារ​នៅ​ខេត្តកំពង់ឆ្នាំង ។ ហេតុនេះ រដ្ឋបាល​ខេត្ត​ត្រូវ​ចុះ​ពិនិត្យ​មើល​ករណី​នេះ​យ៉ាងណា​ដែរ ? 

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​បន្ត​ថា «​ប៉ុន្មាន​ថ្ងៃនេះ ឃើញ​អា​រឿង​ស្អី​បង្គោល​ភ្លើង​២​ពាន់​ដុល្លារ ឡើង​ផ្អើល អាហ្នឹង​ហេតុផល​យ៉ាងម៉េច​ត្រូវ​មើល ខេត្ត​ត្រូវ​ពិនិត្យ​មើល អាហ្នឹង​គេ​ដាក់​ខ្ពស់​ដេញថ្លៃ តែ​ទម្លាក់​ថ្លៃ​លូ ថ្លៃ​អី​ខ្ញុំ​មិនដឹង​ទេ ប៉ុន្តែ​ត្រូវ​ពង្រឹង​» ។  សម្តេច​ធិ​បតី​បាន​លើក​ឡើង​ទៀត​ថា ត្រូវ​ពិនិត្យ​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​ទទួល​មក​វិញ​បាន​ផល​ច្រើន ។ 

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​បង្គោល​ភ្លើង​នេះ​ដែរ បើ​យោង​តាម​របាយការណ៍​គម្រោងឃុំ​បាន​ដំឡើង​ចំនួន ៣​បង្គោល ដែល​ចំណាយ​អស់​សរុប ២៤​លាន​រៀល ។ គម្រោង​អភិវឌ្ឍន៍​រួម​មាន ផ្លូវ លូ និង​បង្គោល​សូ​ឡា​នេះ គឺ​ដេញថ្លៃ​បាន​ដោយ​ក្រុមហ៊ុន «​ឡាយ ផល្លា​» ។ មេឃុំ​បាន​បកស្រាយ​ថា នេះ​ជា​យុទ្ធសាស្ត្រ​ដេញថ្លៃ​របស់​ក្រុមហ៊ុន ដែល​ទម្លាក់​តម្លៃ​មុខទំនិញ​ខ្លះ​ឱ្យ​ថោក ហើយ​ដំឡើង​តម្លៃ​បង្គោល​សូ​ឡា​នេះ​ឱ្យ​ខ្ពស់ ដើម្បី​ឱ្យ​ជាប់​ការ​ដេញថ្លៃ​គម្រោង​សរុប ។

ជុំវិញ​ករណី​រឿង​បង្គោល​ភ្លើង​សូ​ឡា ១​ដើមតម្លៃ​៨​លាន​រៀល ជា​គម្រោង​សាងសង់​ផ្លូវ​របស់​មូលនិធិ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ធ្វើ​ឱ្យ​កក្រើក​ពេញ​បណ្ដាញ​សង្គម និង​មានការ​ដេញដោល ចោទ​ជា​ច​ម្ង​ល់​ថា ហេតុ​អី្វ​បានជា​មាន​តម្លៃ​ថ្លៃ​ម្ល៉េះ ហើយ​ក៏​មាន​សារព័ត៌មាន​ខ្លះ​បាន​លែបខាយសម្ដី​ថា ប្រហែល​ធ្វើ​អំពី​មាស​ឬ​ប្លា​ទី​ន​ទៀត​ផងនិង​កែ​បង្គោល​ធម្មតា​មក​ស្រោបមាស ។ មក​ដល់ពេល​នេះ នៅ​តែ​មានការ​ស្រពេចស្រពឹល មាន​ភាព​មិន​ច្បាស់លាស់ បើ​ទោះបី​លោក​មេឃុំ​ទឹកហូត បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​បណ្ដា​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​ជា​ច្រើន​ក្តី ក៏​នៅ​តែ​ចុង​ក្រោយ រង់ចាំ​ការ​បកស្រាយ​របស់​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ព្រោះ​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ហើយ ។

មន្ត្រីឃុំ​និយាយ​ថា គម្រោង​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ក្នុង​ឃុំ​ទឹក​រហូត ស្រុក​រលាប្អៀរ ត្រូវ​បាន​ប្រកាស​ឲ្យ​ដេញថ្លៃ​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៦ មាន​ប្រវែង ២ ០៤០ម៉ែត្រ ទទឹង​៥​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ ដាក់​លូ​២​កន្លែង ដាក់​សូ​ឡា ៣​កន្លែង និង​ផ្លា​ក​សញ្ញា​គម្រោង​សាងសង់​១​កន្លែង ដែល​មាន​តម្លៃ​ប៉ាន់ស្មាន ១៣៥ ៩០៩ ៣៦៥​រៀល​។ ពេល​នោះ​មាន​ក្រុមហ៊ុន​ចូល​ដេញថ្លៃ​ចំនួន​៩ និង​ដេញ​បាន​ទៅក្រុមហ៊ុន​សំណង់ ឡាយ ផល្លា តម្លៃ​ទាប​ជាងគេ ដេញ​បាន​ក្នុង​តម្លៃ ៦៦ ៩០០ ០០០​រៀល​គត់ ។

ថ្មី​ៗ​នេះ បណ្ដា​សារព័ត៌មាន​នានា​និង​បណ្ដាញ​សង្គម បាន​ចុះ​ផ្សាយ​ព្រោងព្រាត​អំពី​បញ្ហា​បង្គោល​ភ្លើង​សូ​ឡា​១​ដើម​មាន​តម្លៃ​៨​លាន​រៀល​ដែល​បាន​ដាក់​នៅ​លី​ទីតាំង​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ក្នុង​ឃុំ​ខាងលើ ដែល​ធ្វើ​ឲ្យ​មហាជន បណ្តា​អ្នក​សារព័ត៌មាន​កើត​ច​ម្ង​ល់ ធ្វើ​ឲ្យ​ផ្ទុះ​ពេញ​បណ្ដាញ​សង្គម  ។

លោក ជ័យ ម៉ូត មេឃុំ​ទឹក​ហូត បាន​ចេញ​សេចក្តី​បំភ្លឺ​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៦ ដែល​កោះសន្តិភាព​សូម​ដកស្រង់​ខ្លឹមសារ​សង្ខេប​មួយ​ចំនួន​ថា «​ការ​បើក​សំណើ​ដាក់​ឲ្យ​ដេញថ្លៃ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៦ គម្រោង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មាន​ប្រវែង ២ ០៤០​ម៉ែត្រ និង​មាន​ទទឹង កម្រាស់  ចំនួន​សូ​ឡា​ហ្នឹង ចំនួន​លូ ដូច​បាន​រៀបរាប់​មក​ខាងលើ​(​ពេល​ប្រកាស​ដេញថ្លៃ​) ។

លុះ​ពេល​ចុះ​កិច្ចសន្យា​អនុវត្ត​គម្រោង​ផ្លូវ​ក្រាល​ក្រួស​ក្រហម គឺ​មាន​ប្រវែង​ដល់​ទៅ៣ ០៩២​ម៉ែត្រ ទទឹង​៥​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ លូ​ចំនួន​២ សូ​ឡា​១៥​កន្លែង មាន​ផ្លា​ក​គម្រោង​១ ដែល​មាន​តម្លៃ​ក្នុង​កិច្ចសន្យា​សរុប ១៨៤ ៩១៩ ៨០៥​រៀល​គត់​» ។ លើ​ចំណុច​ត្រង់នេះ លោក​មេឃុំ​បាន​បញ្ជាក់​ថា ផ្អែក​លើ​ការ​ណែនាំ​របស់​សៀវភៅ​ភី​ម​ឆ្នាំ​២០១៧ ក្នុង​ជំពូក​ទី​៣ ចំណុច​ទី​៣,១៣ ,២ ក្នុង​ទំព័រ​ទី​២៥១ នៃ​សៀវភៅ​ភី​ម ដោយ​ក្នុង​នោះចែង​ថា ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាច​សម្រេច​ផ្លាស់​ប្ដូរ​ចំនួន​លទ្ធផល​កិច្ចសន្យា​តម្លៃ ដេញថ្លៃ​ឈ្នះ គឺ​ទាប​ជាង​តម្លៃ​ប៉ាន់ស្មាន ។ ករណី​នេះ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាច​សម្រេច​បន្ថែមចំនួន​លទ្ធផល​កិច្ចសន្យា​ដើម្បី​ប្រើប្រាស់​ថវិកា​ដែល​នៅ​សល់​ពី​ការ​ដេញថ្លៃ​នោះ​បាន​» ។

ដូច​ក្នុង​ន័យ​ខ្លឹមសារ​នៃ​ការ​បកស្រាយ​របស់លោក ជ័យ ម៉ូត មេឃុំ​ទឹក​ហូត ពិត​ណាស់​គម្រោង​ដាក់​ដេញថ្លៃ​មាន​ប្រវែង​តែ ២ ០៤០ម៉ែត្រ ប៉ុន្តែ​ពេល​ចុះ​អនុវត្ត​មាន​ប្រវែង ៣ ០៩២ម៉ែត្រ គឺ​បាន​បន្ថែម​ផ្លូវ​ប្រវែង​១ ០៥២​ម៉ែត្រ និង​បាន​បន្ថែម​សូ​ឡា ១២​កន្លែង បន្ថែម​ទៀត លើ​គម្រោង​ដេញថ្លៃ​មាន​តែ​៣​កន្លែង ដូច្នេះ​សរុប ១៥​កន្លែង ។

កោះសន្តិភាព មិន​ទាន់​ហ៊ាន​បកស្រាយ​ថា​មិន​មាន​ភាព​ប្រក្រតី​ឬ​យ៉ាងណា​នោះ​ទេ ។ ប៉ុន្តែ​រាល់​គម្រោង​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ មាន​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​ចូលរួម​កត់ត្រា លើ​កំណ​ត់​ហេតុ​ដែល​ក្រុមហ៊ុន​ដេញ​បាន រួម​ទាំង​ផ្លូវ​បេតុង ផ្លូវ​ក្រាល​ក្រួស​ក្រហម សា​លាម​ត្តេ​យ្យ​ជាដើម ហើយ​បាន​យក​មក​ផ្សព្វផ្សាយ​ថា ការ​ចំណាយ​ថវិកា​មូលនិធិ​របស់​ឃុំ​-​សង្កាត់ មាន​តម្លាភាព​ឬ​គ្មាន​តម្លាភាព និង​ពី​លទ្ធផល​នៃ​ការ​ដេញថ្លៃ​នា​ថ្ងៃ​នោះ ។

ចុះ​ហេតុ​អី្វ ចាំបាច់​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចុះ​អនុវត្ត​គម្រោង​ហើយ បែរជា​ទៅ​អាជ្ញាធរ​ឃុំ ពន្លាត​ប្រវែង បំពាក់​សូ​ឡា​បន្ថែម​ទៀត ដែល​មើលទៅ​ហាក់ដូចជា​កីឡាប្រដាល់ ស៊ី​ញ៉ូ​ឆ្វេង វ៉ៃស្ដាំ​ឬ​យ៉ាងណា ?

សំណុំរឿង​អំ​ពូ​ល​ភ្លើង​សូ​ឡា​តម្លៃ​៨​លាន​រៀល ក្នុង​១​ដើម​ប្រហែលជា​អាច​នឹង​គិតដល់​ការ​បន្ថែម​ផ្លូវ​ដែល​មាន​ចម្ងាយ​ជាង ១ ០០០​ម៉ែត្រ និង​បំពាក់​សូ​ឡា​បន្ថែម​១២​ដើម​ហ្នឹង​ទេ​ដឹង ?

ជុំវិញ​ករណី​ខាងលើ​នេះ លោក ឡាយ ផល្លា ក្រុមហ៊ុន​សំណង់ ឡាយ ផល្លា បាន​បញ្ជាក់​ថា  ពេល​ចុះ​អនុវត្ត​គម្រោង អាជ្ញាធរ​ឃុំ​បាន​ស្នើ​សុំ​ឲ្យ​បន្ត​ប្រវែង​ផ្លូវ​បន្ថែម​សម្រាប់​សម្រួល​ដំណើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទើប​ក្រុមហ៊ុន​យល់ព្រម​ធ្វើ​បន្ត បើ​គួប​ផ្សំ​នឹង​តម្លៃ​ទាប​ពេល​ដាក់​ដេញថ្លៃ និង​តម្លៃ​ធ្វើ​បន្ត ក្រុមហ៊ុន​មិន​ចំណេញ​ទេ សល់​តិចតួច ណា​នៅ​កំពុង​សាងសង់​ស្ពាន​រដ្ឋ​ទៀត​ផង ។

ទោះជា​យ៉ាងនេះ​ក្តី រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២៦ នៅ​មិន​ទាន់​ឃើញខាង​ជំនាញ​ណា​បកស្រាយ​ច្បាស់លាស់​នៅឡើយទេ រង់ចាំ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​របស់​អាជ្ញា​ធរ​ខេត្ត នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ ៕