រដ្ឋបាលខេត្តកំពង់ឆ្នាំងបញ្ចប់តំណែងមន្ត្រីរាជការ២រូប ពាក់ព័ន្ធរឿងមិនប្រក្រតីតម្លៃផ្លូវ និងបណ្តាញសូឡា
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញដីកាសម្រេចបញ្ចប់មុខតំណែងមន្ត្រីរាជការចំនួន២រូប ពាក់ព័ន្ធនឹងករណីភាពមិនប្រក្រតីនៃតម្លៃធ្វើផ្លូវ និងបង្គោលភ្លើងសូឡា ។

យោងតាមការសម្រេចរបស់អភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីទាំង២រូប ដែលត្រូវដកតំណែងពីនាយកទីចាត់ការ រួមមាន៖
ទី១-លោក ហង្ស ពិសី ត្រូវបានបញ្ចប់តំណែងពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ឱ្យមកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង ។
ទី២-លោក វ៉ាន់ ថេន ត្រូវបានបញ្ចប់តំណែងពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ឱ្យមកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង ។
អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃនឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានា ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ។
ការចេញដីកាសម្រេចនេះ បានកើតឡើងបន្ទាប់ពីអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវរកឃើញភាពមិនប្រក្រតីនៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន៥ ក្នុងខេត្តកំពង់ឆ្នាំង រួមទាំងរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ផងដែរ ។




ចែករំលែកព័តមាននេះ