ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក គាំទ្រ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន រួម​ទាំង​ការ​ឆបោក​តាម​អន​ឡាញ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន រួម​ទាំង​ការ​ឆបោក​តាម​អន​ឡាញ ។

យោង​តាម​បណ្តាញ​សង្គម​របស់​ស្ថានទូត​អា​មេ​រិ​ក នៅ​កម្ពុជា បានឱ្យ​ដឹង​ថា លោកស្រី Aleks Zittle ភារធារី​ស្ថានទូត​អា​មេ​រិ​ក បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អំពី​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា របស់​កម្ពុជា និង​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ នៃ​ការ​ស៊ើបអង្កេត និង​នាំ​យក​អ្នក​រៀបចំ និង​បញ្ជា​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អន​ឡាញ ព្រមទាំង​អ្នក​ដែល​ជួយ​សម្របសម្រួល​ឱ្យ​ប្រតិបត្តិការ​ទាំងនេះ​អាច​បន្ត​រីក​ចម្រើន ទៅ​កាត់ទោស​តាម​ច្បាប់ ។

ភាគី​ទាំង​ពីរ បាន​ពិភាក្សា​អំពី​ជំនួយ​បច្ចេកទេស​យ៉ាង​ទូលំទូលាយ ដែល​សហរដ្ឋអាមេរិក កំពុង​ផ្តល់​ជូន ដើម្បី​ជួយ​កម្ពុជា​ទប់ស្កាត់​ការ​គំរាមកំហែង​ពី​ក្រុម​ឧក្រិដ្ឋជន​ឆ្លង​ដែន ដែល​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ នៅ​កម្ពុជា ។

សហរដ្ឋអាមេរិក នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​ពលរដ្ឋ​អា​មេ​រិ​ក និង​អ្នក​ដទៃ​ទៀត​ពី​បណ្តាញ​ឧក្រិដ្ឋជន​ទាំងនេះ ៕