ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីពុករលួយនឹងដកក្រវាត់ចោលដូចស្ពៃ

2 ម៉ោង មុន

អ្នក​រៀបចំ​គម្រោង​ថវិកា​អភិវឌ្ឍន៍ និង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​សូម​មានការ​ប្រយ័ត្ន ហើយ​កុំ​ចេះ​តែ​បំប៉ោង​ចំណាយ ដើម្បី​បាន​ចូល​ហោប៉ៅ ពីព្រោះ​រាស្ត្រ​នៅ​សម័យ​២០២៦​នេះ មិន​ដូច​ជា រាស្ត្រ​នៅ​សម័យ​មុន​ឡើយ ។ មន្ត្រី​អស់តំណែង​ច្រើន​គ្នា​ហើយ ដោយសារ​តែ​ស្នាដៃ​រាស្ត្រ ពីព្រោះ​តែ​រឿង​បំប៉ោង​ចំណាយ ហើយ​យក​ទៅ​ចូល​ហោប៉ៅ ។

ក្រោយ​បែកធ្លាយ​ករណី​ដាក់​ដេញថ្លៃ បង្គោល​ភ្លើង​សូ​ឡា​១​ដើម ៨​លាន​រៀល ឬ​ប្រហែល ២.០០០​ដុល្លារ នៅ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង រាស្ត្រ​រិះគន់​ពេញ​បណ្តាញ​សង្គម ។ បញ្ហា​នេះ គឺជា​ករណី​បំប៉ោង​ចំណាយ ស្រប​ពេល​ដែល​បង្គោល​សូ​ឡា​១​ដើម ដែល​មាន​រាង​សម​ញ្ញ​បំផុត​មិន​គួរ​មាន​តម្លៃ​ដល់​ថ្នាក់​នោះ​ទេ ទើប​សកម្មភាព​នេះ​ទទួល​ការ​រិះគន់ ហើយ​ក្លាយជា​ប្រធានបទ​ក្តៅ​រហូត​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ​បាន​ទទួល​ពិន័យ​រដ្ឋបាល ។ ដោយសារ​តែ​រឿងអាស្រូវ​បែប​នេះ មន្ត្រីជាន់ខ្ពស់​នៅ​ខេត្តកំពង់ឆ្នាំង ២​រូប​ត្រូវ​អស់បុណ្យអស់ស័ក្តិ នៅ​ក្នុង​មួយ​ពព្រិច​ភ្នែក ។

មន្ត្រី​ទាំង​ពីរ​រូប​នោះ គឺ​មាន​តំណែង​ជានា​យក​ទីចាត់ការ​ផែនការ​និង​វិនិយោគ​សាលាខេត្ត និង​មួយ​រូប​ទៀត​ជានា​យក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត ។ អ្នក​ទាំង​ពីរ​អស់បុណ្យ​ស័ក្តិ​ជា​ប្រធាន ដោយ​ត្រូវ​ដក​តំណែង​ហើយ​ក្លាយជា​មន្ត្រី​សាមញ្ញ ដោយ​ម្នាក់​ក្លាយជា​មន្ត្រី​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត និង​ម្នាក់​ក្លាយជា​មន្ត្រី​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត ។

កុំ​ចេះ​តែ​ហ៊ាន ទម្រាំ​កសាង​ស្នាដៃ​ហើយ​ទទួល​បានការ​ទុកចិត្ត​ហើយ​ឡើង​តំណែង​មួយ​ថ្នាក់​ៗ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ គឺ​ត្រូវ​ចំណាយ​ពេលវេលា និង​ថាមពល​ក៏​ដូច​ជា ថា​ម​វ័​ន្ត​ការងារ​ជា​ច្រើន​ណាស់ ហើយ​សុខ​ៗ​អស់តំណែង បែប​នេះ​វា​គឺជា​រឿង​មួយ​ដែល​គួរតែ​យកចិត្តទុកដាក់ ។

គេ​សង្ស័យ​ថា​ថា ក្រៅពី​គម្រោង​ដេញថ្លៃ​បង្គោល​ភ្លើង​សូ​ឡា​ថ្លៃ មិន​សមរម្យ​នៅ​ខេត្តកំពង់ឆ្នាំង​នេះ គឺជា​ករណី​តូច​មួយ​ប៉ុណ្ណោះ សព្វ​ថ្ងៃនេះ​នៅ​តាម​ក្រសួង​មន្ទីរ​នានា អាច​នៅ​មាន​ករណី​បំប៉ោង​ចំណាយ​មិន​សម​ហេតុផល​បែប​នេះ​មិន​តិច​ឡើយ ។
សូម​ប្រុង​ប្រយ័ត្ន ហើយ​លើកកម្ពស់​តម្លាភាព​នៃ​គម្រោង ក្រៅពី​នោះ​រាល់​ការ​ចំណាយ​គួរតែ​សម​ហេតុផល ។ យើង​សរសេរ​គម្រោង គឺ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​មិនមែន​សរសេរ​គម្រោង​ដើម្បី​បំប៉ោង​ចំណាយ ហើយ​បាន​លុយ​យក​មក​អភិវឌ្ឍន៍​តែ​មួយ​ភាគ​តូច ហើយ​មួយ​ភាគ​ធំ​យក​ទៅ​ចែកចាយ​ចូល​ហោប៉ៅ​បាន​ឡើយ ។ កុំអោយ​រាស្ត្រ​ឫ​បុគ្គលិក​ដឹង ! ការ​ធ្វើ​គម្រោង​ដែល​បំប៉ោង​សកម្មភាព​បំប៉ោង​ថវិការ​ក្រោម​ហេតុផល​ផលប្រយោជន៍ ហើយ​មាន​តម្លៃ​មិន​សមរម្យ តែ​រាស្ត្រ​ដឹង នោះ​អ្នក​នឹង​មាន​ពិរុទ្ធ​ហើយ​ត្រូវ​ទទួលខុសត្រូវ​មិន​ខាន ។

ការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍ និង​ការ​ប្រើប្រាស់​ថវិកា​ផ្សេង​ៗ គឺជា​ការ​ទទួលខុសត្រូវ​ដ៏​ធ្ងន់ធ្ងរ​របស់​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​គ្រប់​រូប ព្រោះ​ថវិកា​ទាំងនោះ​ជា​ថវិកា​ដែល​កើត​ចេញពី​ធនធាន​ជាតិ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ។ រាល់​ការ​រៀបចំ​គម្រោង ការ​កំណត់​តម្លៃ និង​ការ​ចំណាយ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សម​ហេតុផល តម្លាភាព ប្រសិទ្ធភាព និង​គណនេយ្យ​ភាព មិន​ត្រូវ​យក​គម្រោង​អភិវឌ្ឍន៍​មក​ធ្វើ​ជា​មធ្យោបាយ​បំប៉ោង​ចំណាយ ឬ​បែងចែក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។

ករណី​ដែល​មានការ​រិះគន់​ពាក់ព័ន្ធ​នឹង​តម្លៃ​បង្គោល​ភ្លើង​សូ​ឡា គួរ​ត្រូវ​បាន​ចាត់ទុកជា​មេរៀន​សម្រាប់​អ្នក​រៀបចំ​គម្រោង​គ្រប់​លំដាប់ថ្នាក់​ថា ក្នុង​សម័យ​ដែល​ព័ត៌មាន​មានការ​ផ្សព្វផ្សាយ​យ៉ាង​ឆាប់រហ័ស ហើយ​ប្រជាពលរដ្ឋ​មានការ​ចូលរួម​តាមដាន​កាន់តែ​ខ្លាំង ។ គ្រប់ការ​ចំណាយ​របស់​រដ្ឋ​គួរតែ​អាច​បកស្រាយ​បាន​យ៉ាង​ច្បាស់លាស់ និង​អាច​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​សាធារណជន​បាន​។ ការ​ធ្វើ​អ្វីមួយ​ដោយ​គិត​ថា រាស្ត្រ​មិនដឹង មិនមែន​ជា​វិធី​ធានា​សុវត្ថិភាព​នៃ​ការងារ​ឡើយ ព្រោះ​នៅ​ទីបំផុត តម្លាភាព និង​ការ​តាមដាន​ពី​សាធារណជន​អាច​បង្ហាញ​ការ​ពិត​បាន​។

ហេតុនេះ អ្នក​រៀបចំ​គម្រោង និង​មន្ត្រី​ពាក់ព័ន្ធ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចាប់ពី​ការ​សិក្សា​តម្រូវការ ការ​គណនា​បរិមាណ ការ​កំណត់​តម្លៃ ការ​ដេញថ្លៃ រហូត​ដល់​ការ​អនុវត្ត និង​ត្រួតពិនិត្យ​គម្រោង ។ រាល់​ការ​ចំណាយ​ត្រូវ​មាន​មូលហេតុ​ច្បាស់លាស់ មាន​ឯកសារ​គាំទ្រ និង​ស្រប​តាម​តម្លៃ​ទីផ្សារ ដើម្បី​ធានា​ថា ថវិកាជាតិ​មួយ​រៀល​ៗ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​ប្រទេស និង​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្រើន​បំផុត ។

ការ​ឡើង​កាន់​តំណែង​ត្រូវការ​ពេលវេលា សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ការ​បាត់បង់​ការ​ទុកចិត្ត​អាច​កើតឡើង​ក្នុង​រយៈពេល​ដ៏​ខ្លី ប្រសិនបើ​មានការ​ប្រព្រឹត្ត​ខុសឆ្គង ឬ​បាត់បង់​ភាព​ជឿជាក់​ពី​សាធារណជន ។ ដូច្នេះ មន្ត្រី​គ្រប់​រូប​គួរ​យល់​ថា តំណែង​មិនមែន​ជា​ខែល​ការពារ​កំហុស​ទេ ហើយ​ថវិការដ្ឋ​ក៏​មិនមែន​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ដែរ​។

យើង​គួរ​រួម​គ្នា​លើកកម្ពស់​វប្បធម៌​ការងារ​ដែល​ផ្តល់​តម្លៃ​ដល់​ភាព​ស្មោះត្រង់ តម្លាភាព គណនេយ្យ​ភាព និង​ប្រសិទ្ធភាព ។ គម្រោង​អភិវឌ្ឍន៍​គួរ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ផលប្រយោជន៍​ពិតប្រាកដ និង​ឱ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន មិនមែន​ដើម្បី​បំប៉ោង​ថវិកា និង​បែងចែក​ផលប្រយោជន៍​ចូល​ហោប៉ៅ​បុគ្គល​មួយ​ចំនួន​ឡើយ​។

ជា​ចុង​ក្រោយ​នេះ សូមអ្នក​រៀបចំ​គម្រោង និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​រូប ចង​ចាំ​ថា រាល់​ថវិការដ្ឋ​ដែល​យើង​កាន់កាប់ និង​សម្រេច​ចំណាយ គឺជា​ការ​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​។ កុំ​រង់ចាំ​ដល់​ពេល​មានរឿង​អាស្រូវ ទើប​ចាប់ផ្តើម​ប្រុង​ប្រយ័ត្ន ។ ការ​ធ្វើការ​ឱ្យ​ត្រឹមត្រូវ​តាំងពី​ដំបូង គឺជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ការពារ​កិត្តិយស​របស់​ខ្លួន ការពារ​ស្ថាប័ន និង​ការពារ​ផលប្រយោជន៍​ជាតិ ៕