ប្រទេសចិន ៖ Influencer (បុគ្គលល្បីលើបណ្តាញសង្គម) ស្ត្រីជនជាតិចិនម្នាក់ ឈ្មោះ Jiang Xiaorou ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈការចុះទៅថតទីតាំងដែលគេល្បីថាមានខ្មោចលងនោះ បានទទួលមរណភាពហើយនៅក្នុងវ័យត្រឹម ២៤ឆ្នាំ ពោលរយៈពេល១ឆ្នាំ បន្ទាប់ពីនាងបានធ្វើវីដេអូមួយវាយបំបែករូបបដិមាព្រះម៉ែគង់ស៊ីអ៊ីម ដើម្បីចង់ដឹងថា តើមានបណ្តាសាធ្លាក់មកលើខ្លួននាងមែនឬអត់។ នេះបើតាមប្រភពពី The Sun និង Yahoo News ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
តាមរបាយការណ៍ព័ត៌មាន កញ្ញា Jiang Xiaorou គឺជាអ្នកដំណើរម្នាក់នៅក្នុងរថយន្ត១គ្រឿងដែលធ្វើដំណើរពីខេត្តក្វាងស៊ី (Guangxi) ទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) ភាគខាងត្បូងប្រទេសចិន ហើយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា។ ប្រព័ន្ធផ្សព្វផ្សាយចិនទម្លាយថា ផ្អែកតាមឯកសារវេជ្ជសាស្ត្រជនរងគ្រោះមានរបួសច្រើនកន្លែង ហូរឈាមខ្លាំង ព្រមទាំងខូចសរីរាង្គ និងប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរផងដែរ។ នាងត្រូវបានដាក់ឱ្យសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់ដោយប្រើម៉ាស៊ីនជំនួយដង្ហើមនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងក្វាងចូវ ដោយមិនដឹងខ្លួន។ បន្ទាប់ពីព្យាបាលអស់រយៈពេល១ខែ ថ្នាក់ដឹកនាំសហគមន៍នៅស្រុកកំណើតនាងបានប្រកាសពីមរណភាពរបស់នាងនៅថ្ងៃទី១០ ខែសីហា កន្លងទៅ។
ប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថា Jiang ដែលមាននាមត្រកូលពិតថា Li កើតនៅស្រុកឡានសាន (Lanshan) ទីក្រុងយុងចូវ (Yongzhou) ខេត្តហួណាន (Hunan)។ នាងមានអ្នកតាមដានប្រមាណ ១,៣ លាននាក់លើគណនី Douyin (TikTok)។ វីដេអូនាងទូទៅផ្តោតលើការទៅរុករកតាមបណ្តាអគារគេបោះបង់ចោល ដើម្បីរកភស្តុតាងជំនឿអរូបិយខ្មោចព្រាយបិសាច ព្រមទាំងការប្រឈមមុខ ឬសាកល្បងប្រឆាំងនឹងជំនឿទាំងនោះទៅតាមតំបន់ផងដែរ។ នាងតែងតែទៅកន្លែងទាំងនោះនៅពេលយប់ ដោយបោះដែកគោលភ្ជាប់នឹងក្រដាសថ្ងៃខែឆ្នាំកំណើតនាងទៅនឹងដើមឈើ ហើយពេលខ្លះនាងថែមទាំងទៅគេង១យប់នៅក្នុងអគារទាំងនោះទៀតផង។
វីដេអូមួយក្នុងចំណោមវីដេអូជាច្រើន ដែលកំពុងត្រូវបានគ្រប់គ្នារំលឹកឡើងវិញនៅពេលនេះ បង្ហាញពី Jiang បានវាយបំបែករូបព្រះម៉ែគង់ស៊ីអ៊ីម ដែលជាព្រះនៃសេចក្តីមេត្តាករុណា ដោយគេមានជំនឿថា ការបំផ្លាញរូបបដិមានេះ គឺដូចជាការដុតកំហឹងបណ្តាសាទេវតាឱ្យធ្លាក់មកលើខ្លួនឯងអញ្ចឹង។ ហេតុនេះហើយ ទើបនាងយកញញួរទៅវាយកម្ទេចរូបបដិមានោះ ព្រមទាំងប្រាប់អ្នកទស្សនាឱ្យរង់ចាំមើលបណ្តាសានោះទៀតផង។ វីដេអូនោះទទួលបានការរិះគន់ខ្លាំង ព្រោះការខ្វះការគោរពចំពោះសាសនា ប៉ុន្តែអ្នកតាមដានភាគច្រើនរបស់នាងបានគាំទ្រភាពក្លាហានរបស់នាងទៅវិញ។
វីដេអូនោះបានផ្ទុះលើបណ្តាញសង្គមសាជាថ្មី បន្ទាប់ពីព័ត៌មានពីការបាត់បង់ជីវិតរបស់នាងត្រូវបានចុះផ្សាយ ដោយអ្នកលេងអ៊ីនធឺណិតភាគច្រើនបានចាត់ទុកគ្រោះថ្នាក់នោះថាជាកម្មផល។ ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយចិនមួយចំនួនអះអាងថា គ្មានការបញ្ជាក់តាមបែបវិទ្យាសាស្ត្រណាមួយទាក់ទងគ្នារវាងហេតុការណ៍ទាំងនេះឡើយ។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់បានចេញផ្សាយរបាយការណ៍ផ្លូវការណាមួយអំពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នោះនៅឡើយទេ៕






ចែករំលែកព័តមាននេះ