ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់! អតីត​តារា​កំប្លែង «​នាយ​គ្រោង​» ​ជួប​គ្រោះថ្នា.ក់​ចរាចរណ៍​នៅ​ផ្លូវជាតិលេខ៤

36 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ អតីត​តារា​កំប្លែង​ដែល​ធ្លាប់​មានឈ្មោះ​ល្បី​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ គឺ «​នាយ​គ្រោង​» ដែល​មានឈ្មោះ​ពិត អ៊ុ​ក សំណាង ហៅ ឡាំ សេន អាយុ​៧២​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​រាយការណ៍​ថា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ ចំណុច​មុខ​ផ្សារ​កំពង់ស្ពឺ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤៧​ទៅ ៤៨ ស្ថិត​នៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៦​នេះ ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​បាន​និយាយ​ដឹង​ថា លោក អ៊ុ​ក សំណាង ហៅ នាយ​គ្រោង បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ហើយ​ត្រូវ​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៤ បណ្ដាល​ឲ្យ​រង​របួស​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​ព្យាបាល​ភ្លាម​ៗ​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា លោក អ៊ុ​ក សំណាង ហៅ នាយ​គ្រោង អាយុ​៧២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​លើក សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ជីវភាព​ខ្វះខាត និង​កំពុង​រស់នៅ​ជាមួយ​កូន​។

អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​អតីត​តារា​កំប្លែង​រូប​នេះ​ជួប​ការ​លំបាក គឺ​ភរិយា​របស់​លោក​មាន​ជំងឺ រហូត​ដល់​មិន​អាច​ដើរ​បាន​លោក និង​ភរិយា ក៏​មិន​មាន​លំនៅ​ឋាន​សមរម្យ​សម្រាប់​រស់នៅ​ផង​ដែរ​។ សម្រាប់​បងប្អូន​ដែល​ធ្លាប់​ទស្សនា​ស្នាដៃ​សិល្បៈ​កាលពី​អតីតកាល ប្រាកដជា​នៅ​ចង​ចាំ «​នាយ​គ្រោង​» ដែល​ធ្លាប់​សម្តែង​ជាមួយ​តារា​ល្បី​ៗ ក្នុង​នោះ​មាន​លោក ព្រាប សុវត្ថិ និង នាយ​ព្រែក ក្នុង​បទ «​ភ្លេច​សន្យា​សាយ័ណ្ហ​» ដែល​ធ្លាប់​ធ្វើ​ឱ្យ​ទស្សនិកជន​ជា​ច្រើន​ទទួល​បាន​ភាព​សប្បាយ​រីករាយ និង​សំណើច​។ ដោយសារ​បច្ចុប្បន្ន «​នាយ​គ្រោង​» និង​ភរិយា​កំពុង​ជួប​ការ​លំបាក​ខ្លាំង សូម​សាធារណជន និង​សប្បុរសជន​មេត្តា​ចូលរួម​អាណិតអាសូរ និង​ជួយ​តាម​លទ្ធភាព​។

មនុស្ស​ដែល​ធ្លាប់​ផ្តល់​សំណើច និង​សេចក្តី​សប្បាយ​ដល់​មហាជន ក៏​សម​នឹង​ទទួល​បានការ​យកចិត្តទុកដាក់ និង​ការ​ជួយ​គាំទ្រ នៅ​ពេល​ជីវិត​ជួប​ការ​លំបាក​ផង​ដែរ​៕​