ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ ត្រូវបាន​ដាក់​បញ្ចូល​ជា​បេក្ខភាព​ ​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងបរិស្ថាន​ បានឱ្យ​ដឹង​ថា ​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​ នៃ​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន​ លើក​ទី​២៨ និង​កិច្ចប្រជុំ​ឧត្តមមន្ត្រី​បរិស្ថាន​អាស៊ាន ​លើក​ទី​៣៧ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១០-១១ ខែសីហា ឆ្នាំ​២០២៦ តាម​ប្រព័ន្ធ​វី​ដេ​អូ រដ្ឋ​សមាជិក​អាស៊ាន​ បាន​គាំទ្រ និង​ឯកភាព​ដាក់​ប​ញ្ចូល​បេក្ខភាព​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ​ទៅ​ជា​តំបន់​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន ​ឆ្នាំ​២០២៦ ​។

តំបន់​រ៉ា​ម​សារ​ព្រែក​ទាល ​ជា​តំបន់ដីសើម ស្ថិត​ក្នុង​ខេត្តបាត់ដំបង​។ តំបន់​ព្រែក​ទាល់​ជា​ជម្រក ដ៏​សម្បូរ​បែប ​នៃ​ប្រភេទ​សត្វ​ដែល​កំពុង​រង​ការ​គំរាមកំហែង​ជា​សាកល ដូច​ជា សត្វ​អណ្ដើក​ទន្លេ ក្រពើ​ភ្នំ ត្រី​គល់រាំង និង​ត្រី​រាជ​។ ក្រៅពី​សម្បូរ​ធនធាន​កម្រ និង​ជិត​ផុត​ពូជ តំបន់​នេះ មានព្រៃ​លិច​ទឹក សត្វ​ស្លាប​ទឹក និង​ភូមិ​អណ្ដែត​ទឹក ដែល​អំ​ណាយ​ផល​ដល់​អេកូ​ទេសចរណ៍ធម្មជាតិ​ ។

សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​មាន​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​ចំនួន​ពីរ ​រួម​មាន ៖ ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ស្ថិត​នៅ​ខេត្តរតនគិរី និង​ស្ទឹង​ត្រែង និង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស «​បូកគោ​» ស្ថិត​នៅ​ខេត្តកំពត​ត្រូវ​ដាក់​បញ្ចូល​ និងអនុម័ត​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០០៣​។ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ពេល​ដែល​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ស្ថិត​នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​ដោយ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​នោះ ប្រទេស​កម្ពុជា ​នឹង​មាន​តំបន់​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​ចំនួន​បី ដែល​ជា​លទ្ធផល​គួ​ឱ្យ​មោទនភាព​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ច​ការពា ​និង​អភិរក្ស​ធនធានធម្មជាតិ​សម្រាប់​ជាតិ​យើង​។

ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា​នា​ពេល នេះ​ក្រសួង​កំពុង​សិក្សា​វាយតម្លៃ​សក្តានុពល​ នៃ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ ដែល​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ជីវៈចម្រុះ ប្រភេទ​សត្វ​ងាយ​រង​គ្រោះ ជិត​ផុត​ពូជ កំពុង​ទទួល​រង​ការ​គំរាម​គំ​ហេង និង​ជា​ជម្រក​ពង​កូន​ដែល​មាន​សក្ក​ដា​នុ​ពល​ក្នុង​ការ​ដាក់​ស្នើ​សុំ​ទៅ​ជា​ជា​តំបន់​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​ នា​ពេល​អនាគត​ផង​ដែរ​ ៕