រាជធានីភ្នំពេញ ៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងរៀបចំជាកន្លែង pop street ផងដែរនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីបម្រើអោយភ្ញៀវជាតិ អន្តរជាតិ បានមកទិញទំនិញ និងដើរលេងកម្សាន្តពេលយប់ ហើយគម្រោងនេះ នឹងរៀបចំអោយបានរួចរាល់ នៅមុនចូលឆ្នាំសកល ឆ្នាំ២០២៥ ខាងមុខនេះ ។
នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំ ស្តីពីការងាររៀបចំផ្លូវថ្មើរជើង មុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងថា ផ្លូវថ្មើរជើង រាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់ មានទំហំ៥៧ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មានព្រំប្រទល់
-ខាងជើង៖ ផ្លូវលេខ៩៤
-ខាងត្បូង៖ ផ្លូវលេខ១០៦
-ខាងលិច៖ ផ្លូវលេខ១៣
-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។
ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់
-ខាងជើង៖ ផ្លូវលេខ ១០៦
-ខាងត្បូង៖ ផ្លូវលេខ ១៨៤
-ខាងលិច៖ ផ្លូវលេខ១៣
-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ pop street)។
ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់
-ខាងជើង៖ ផ្លូវលេខ ១៨៤
-ខាងត្បូង៖ មហាវិថីព្រះសីហនុខាងលិច៖ ផ្លូវលេខ០៧
-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់ លំហែកាយ)។
លោក សាំ ពិសិដ្ឋ បញ្ជាក់ថា តំបន់ទាំង៣នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឡើងអោយមានសោភណ្ឌភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង pop street ផងដែរ។ តំបន់នេះក្រោយការរៀបចំរួចនឹងបើកអោយភ្ញៀវជាតិ អន្តរជាតិ ចូលទិញទំនិញនិងកម្សាន្តសប្បាយ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា គម្រោងនេះយើងបានសិក្សារួចអស់ហើយ ដូច្នេះលោកជម្រុញអោយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញចាប់ផ្តើមអនុវត្តការងាររៀបចំគម្រោងនេះ ចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា៦ខែ ពោលគឺអោយរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ ដើម្បីអោយតំបន់នេះ ក្លាយជាតំបន់ មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង pop streetផងដែរ ៕







<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ