ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ី​ហ្គេ​ម​នៅ​ហ្វី​លី​ពី​ន​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​​ទី​៣០​នៅ​ប្រទេស​ហ្វី​លី​ពី​ន នា​ពេល​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​​ទី​៣០​នៅ​ប្រទេស​ហ្វី​លី​ពី​ន នា​ពេល​កន្លង​មក គឺជា​បទ​ពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២​ឆ្នាំ​២០២៣​ខាង​មុខ ។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​ធ្វើ​មហាសន្និបាត​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៅ​កាន់​តំណាង​សហព័ន្ធ​កីឡា​ជាតិ​ថា ថ្វី​ត្បិត​តែ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វី​លី​ពី​ន​មាន​កន្លែង​ខ្លះ​ធ្វើ​មិនសូវ​បាន​ល្អ​បន្តិច​មែន តែបើ​និយាយ​ពី​ធនធានមនុស្ស​របស់​គេ​គឺ​ល្អ​ខ្លាំង​ណាស់​ហើយ​ក៏​សម្បូរ​ណាស់​ដែរ ។ លោក​បន្ត​ថា យើង​មិនបាច់​សម្លឹង​ទៅ​ប្រទេស​សិង្ហ​បុរី​ឬ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​ខ្លាំង​ជាង​យើង​ឆ្ងាយ​នោះ​ទេ បើសិនជា​យើង​ធ្វើ​បាន​ប្រហែល​ប្រទេស​ហ្វី​លី​ពី​ន​គឺ​ល្អ​ហើយ​។

ថ្វី​ត្បិត​ចាប់​បី​ពេល​នេះ​ទៅ​ការងារ​មួយ​ចំនួន​គឺជា​បន្ទុក​របស់​CAMSOC​ដូច​ជា​ការងារ​រដ្ឋបាល ការងារ​ដឹក​ជញ្ជូន និង​បដិសណ្ឋារកិច្ច ប៉ុន្តែ​ការងារ​ជំនាញ​វិញ​គឺជា​បន្ទុក​របស់​សហព័ន្ធ​កីឡា​ជាតិ ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្រឹត្យ ក្រម​របស់​សហព័ន្ធ​កីឡា​អាស៊ាន ។ លោក​ជំរុញ​ទៅ​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​តែ​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឱ្យ​បាន​ច្រើន​ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍​បន្ថែម​ឱ្យ​បាន​ច្រើន​ដល់​ពេល​ប្រកួត​កីឡា​ស៊ី ហ្គេ​ម​គឺ​មាន​ភាព​រលូន​តែ​ម្ដង ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វី​លី​ពី​ន​កន្លង​មក មាន​កន្លែង​ខ្លះ​មិនសូវ​បាន​ល្អ​នោះ​ទេ តែ​កុំ​ភ្លេច​ថា ហ្វ៊ី​លី​ពី​ន​គឺជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​ផ្នែក​កីឡា សម្បូរ​ធនធានមនុស្ស និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ​ណាស់ ។ ម្យ៉ាងវិញទៀត ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ហ្វី​លី​ពី​ន​គេ​ប្រើ​ពេល​ត្រៀម​តែ​២​ឆ្នាំ​មុន​ប៉ុណ្ណោះ ដូច្នេះ​បាន​ន័យ​ថា កម្រិត​របស់​គេ​នៅ​តែ​ខ្លាំង​ជាង​យើង ។

លោក​មិន​បន្ទោស​ទៅ​លើ​សហព័ន្ធ​ណាមួយ​នោះ​ទេ ព្រោះ​សហព័ន្ធ​នីមួយ​ៗ មានការ​រីក​ចម្រើន​ខុស​ៗ​គ្នា ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការ​គ្រប់គ្រង ការ​ដឹកនាំ និង​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​ទើប​អាច​ទៅ​រួច​ដូច​ជា​សហព័ន្ធ​កីឡាបាល់ទាត់​ជា​គំរូ​ស្រាប់​។

គួរ​រំលឹក​ថា អង្គ​មហាសន្និបាត​នេះ​គឺ​តម្រូវ​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​មាន​មតិយោបល់​លើក​ឡើង​ពី​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​ដែល​ខ្លួន​មាន​ដើម្បី​ដាក់​ចេញ​នូវ​ទិស​ដៅ ផែនការ សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ប្រទេស​វៀតណាម និង​ឆ្ពោះទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ