ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងក្នុងទីក្រុងតូក្យូ បានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនោះ បានបញ្ចប់ទៅតាមការគ្រោងទុក ក្រោមរូបភាពស្ងប់ស្ងាត់បំផុត ដោយគ្មានវត្តមានអ្នកគាំទ្រតាមដងផ្លូវឡើយ។
ក្នុងព្រឹត្តិការណ៍នេះ មានអ្នករត់ប្រណាំងត្រឹមតែពីរទៅបីរយនាក់ប៉ុណ្ណោះ ដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19 ខណៈការប្រកួតប្រជែងដ៏ធំនេះជាធម្មតា បានទាក់ទាញអ្នកចូលរួមជាង ៣៨.០០០នាក់។ ក្រុមមន្ត្រី រួមទាំងបុគ្គលិកស្មគ្រ័ចិត្ត និងអ្នកប្រកួតប្រជែងទាំងអស់ ត្រូវបានគេចែកម៉ាស់ការពារ និងទឹកលាងសំអាតដៃ។
ងាកមកកាន់ការប្រកួតវិញ កីឡាករមកពីប្រទេសអេត្យូពី Birhanu Legese បានឈ្នះការប្រណាំងផ្នែកបុរស ដែលឆ្នាំទី២ជាប់ៗគ្នារបស់គេ ដោយប្រើពេល២ម៉ោង៤នាទី និង ១៥វិនាទី ខណៈកីឡាការនី Lonah Chemtai Salpeter របស់ប្រទេសអ៊ីស្រាអែលជាអ្នកឈ្នះការប្រណាំងផ្នែកនារី ដោយចំណាយពេល ២ម៉ោង ១៧នាទី និង ៤៥វិនាទី។
សូមបញ្ជាក់ថា ទីក្រុងតូក្យូ នឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៤ កក្កដា ដល់ថ្ងៃទី៩ សីហា ខណៈដែលការពិភាក្សាជុំវិញជោគវាសនានៃព្រឹត្តិការណ៍នេះកំពុងត្រូវបានបន្ត ស្របពេលដែលប្រទេសជប៉ុន កំពុងជួបវិបតិ្តដោយសារតែវីរុស Covid-19 ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ