ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​តាម​ផ្ទះ​អា​ជីករ​កក្រើក​ផ្សារ តែ​សមត្ថកិច្ច​បិទ​ព័ត៌​មាន​​ស្ងាត់ឈឹង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​យោង​តាម​ព័ត៌មាន​បឋម​ដែល​កោះសន្តិភាព​ទទួល​បាន​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ពី​ជន​រង​គ្រោះ​ផ្ទាល់ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជាង​១​ស​ប្ដា​ហ៍​ចុង​ក្រោយ​នៃ​ខែកុម្ភៈ កន្លង​ទៅ​នេះ អំពើ​ចោរកម្ម​បាន​កើត​ឡើងជា​បន្តបន្ទាប់​ស្ទើរ​រាល់​យប់ ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ…

ខេត្តបាត់ដំបង ៖ បើ​យោង​តាម​ព័ត៌មាន​បឋម​ដែល​កោះសន្តិភាព​ទទួល​បាន​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ពី​ជន​រង​គ្រោះ​ផ្ទាល់ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជាង​១​ស​ប្ដា​ហ៍​ចុង​ក្រោយ​នៃ​ខែកុម្ភៈ កន្លង​ទៅ​នេះ អំពើ​ចោរកម្ម​បាន​កើត​ឡើងជា​បន្តបន្ទាប់​ស្ទើរ​រាល់​យប់ ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ បាន​ចូល​លួច​តាម​ផ្ទះ​អាជីវករ​នានា​នៅ​ក្នុង «​ផ្សារ​ដំណាក់​ស្ដៅ​» ស្ថិត​ក្នុង​ឃុំ​ស្ដៅ ស្រុក​រតនៈ​មណ្ឌល ហើយ​ភាគច្រើន គឺ​កើតឡើង​នៅ​ពាក់​កណ្ដាល​​យប់ និង​នៅ​ពេល​ទៀប​ភ្លឺ តែ​សមត្ថកិច្ច​ហាក់​ព្យាយាម​បិទ​បាំង​ព័ត៌មាន​នេះ មិន​រាយ​ការណ៍​ជូន​ការិយាល័យ​ជំនាញ ឬ​ទៅ​លោកស្នងការ​ខេត្ត​បាន​ជ្រាប​ឡើយ​។

បើ​តាម​ប្រភព​ពី​អាជីវករ «​ផ្សារ​ដំណាក់​ស្ដៅ​» បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា បើ​គិត​ចាប់ពី​ជាង​ពាក់កណ្ដាល​ខែមករា រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៦ កុម្ភៈ កន្លង​ទៅ​នេះ អំពើ​ចោរកម្ម​បាន​កើតឡើង​យ៉ាងតិច​ចំនួន​៦​លើក ដែល​ចោរ​បាន​ឡើងផ្ទះ​អាជីវករ​នានា​នៅ​ម្ដុំ​ផ្សារ​ដំណាក់​ស្ដៅ លួច​ទ្រព្យសម្បត្តិ ដែល​ភាគច្រើន​កើតឡើង​នៅ​កណ្ដាលអធ្រាត្រ និង​នៅ​វេលា​ទៀប​ភ្លឺ​។ នេះ​មិន​ទាន់​គិត​នៅ​កន្លែង​ផ្សេង​ៗ​ទៀត កើត​មាន​ដែរ​ឬ​យ៉ាងណា​នោះ​ទេ?

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ផ្ទះ​អាជីវករ​ខ្លះ​ត្រូវ​ចោរ​ឡើង​លួច​ទ្រព្យសម្បត្តិ​រហូត​ដល់​ទៅ​២​លើក​ផ្ទូ​ន​ៗ និង​មាន​រូប​សកម្មភាព​ចោរ​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ទៀត​ផង តែ​សមត្ថកិច្ច​ហាក់​ស្ងៀម​ស្ងាត់​មិន​មាន​លទ្ធិ​ផល​អំពី​ការ​ស៊ើបអង្កេត​ឡើយ​។ មិនតែប៉ុណ្ណោះ សមត្ថកិច្ច​ថែម​ទាំង​ហាមប្រាម មិន​ឲ្យ​ជន​រង​គ្រោះ​ថត​ទីតាំង​កើតហេតុ​បង្ហោះ​តាម​បណ្ដាញ​សង្គម ឬ​មិន​ឲ្យ​ផ្ដល់​ព័ត៌មាន​ទៅ​ខាងក្រៅ​ទៀត​ផង​។ ពេល​នេះ​ទាំង​ជន​រង​គ្រោះ ទាំង​អាជីវករ​នានា ដែល​រស់នៅ​ម្ដុំ​ផ្សារ​​ដំណាក់​ស្ដៅ​នោះ កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​នៅ​ពេល​យប់​។

ជុំវិញ​អំពើ​ចោរកម្ម​ដែល​កើតឡើង​យ៉ាង​កក្រើក​នៅ «​ផ្សារ​ដំណាក់​ស្ដៅ​» ខាងលើ​នេះ លោក រស់ លឹ​ម​ស៊ឺ​ន អធិការរង​ស្រុក​រតន​មណ្ឌល ទទួល​បន្ទុក​ព្រហ្មទណ្ឌ បាន​បដិសេធ​នូវ​ចំនួន​បទល្មើស​ដែល​បាន​កើតឡើង​រហូត​ដល់​៦​លើក តែ​លោក​ទទួលស្គាល់​ថា «​ពិតជា​មាន​អំពើ​ចោរកម្ម​មែន​»​។

ដំបូង​លោក​អធិការរង​រូប​នេះ បាន​ទទួលស្គាល់​ថា បទល្មើស​បាន​កើ​ឡើង​តែ​២​លើក​ទេ គឺ​នៅផ្ទះ​អាជីវករ ឈ្មោះ កៅ គារ ភេទ​ស្រី និង​ឈ្មោះ​វ៉ា​ត ម៉ៅ ភេទ​ស្រី​។ ប៉ុន្តែ​នៅ​ពេល​កោះសន្តិភាព​បង្ហាញ​ឈ្មោះ​ជន​រង​គ្រោះ​បន្ថែម​ទៀត ដែល​ត្រូវ​ចោរ​ចូល​លួច​ចុង​ក្រោយ ទើប​លោក​អធិការរង​ឆ្លើយ​ថា គឺ​ឡើង​ចំនួន​៤​លើក​។ ប៉ុន្តែ​ការ​បំភ្លឺ​នេះ គឺ​ផ្ទុយ​ពី​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ និង​ពលរដ្ឋ​ដែល​អះអាង​ថា ចោរ​បាន​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​ចំនួន​៦​លើក ដោយនៅ​ខែមករា ១​លើក និង​នៅ​អំឡុង​ស​ប្ដា​ហ៍​ចុង​ក្រោយ នៃ​ខែកុម្ភៈ កន្លង​ទៅ​នេះ មាន​ចំនួន​៥​លើក​។

លោក​រស់ លឹ​ម​ស៊ឺ​ន អធិការរង បាន​ចង្អុល​ប្រាប់​អំពី​តម្រុយ​នៃ​មុខសញ្ញា​ថា បើ​តាម​ការ​ស្រាវជ្រាវ​លើ​មុខសញ្ញា​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​យ៉ាង​សកម្ម​ខាងលើ​នេះ គឺ​មិនមែន​ជា​មុខ​សញ្ញា ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ទេ គឺ​អាច​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​មក​ពី​ស្រុក​ថ្មគោល​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា សកម្មភាព​ជនសង្ស័យ​នេះ ហាក់​មិន​បាន​លួច​យក​ទ្រព្យសម្បត្តិ​ធំដុំ​ទេ គ្រាន់តែ​លួច​យក​ខ្សែភ្លើង​ប៉ុន្មាន​ដុំ​ប៉ុណ្ណោះ ហើយ​សព្វថ្ងៃ​កម្លាំង​របស់​លោក​កំពុង​ពង្រឹង​យ៉ាង​មមាញឹក​ក្នុង​ការ​ចុះ​ល្បាត​ពេល​រាត្រី​។

បើ​តាម​របាយការណ៍​បឋម​ដែល​កោះសន្តិភាព ទទួល​បាន​ពី​ជន​រង​គ្រោះ និង​ពល​រេ​ដ្ឋ គឺ​១-​ឈ្មោះ កៅ គារ ត្រូវ​ចោរលួច​នាឡិការ​មាន​តំលៃ​១​គ្រឿង និង​ខ្សែភ្លើង​១​ដុំ ២-​ឈ្មោះ​វ៉ា​ត ម៉ៅ ត្រូវ​ចោរ​លួច​ទូរស័ព្ទ​ស៊េរី​ទំនើប​ចំនួន​២​គ្រឿង ៣-​ឈ្មោះ ណា​ក់ លក់​ខោអាវ និង​លក់​ទូរស័ព្ទ ៤-​ឈ្មោះ​កា​រ៉េ​ម រត់​តាក់ស៊ី ៥-​ឈ្មោះ ជា ពេជ្រ លក់​ជី និង​៦- នៅផ្ទះ​ជួល តែ​មិន​ស្គាល់ឈ្មោះ​។ ចំនួន​៣​ផ្ទះ​ចុង​ក្រោយ​នេះ គេ​មិន​ទាន់​ដឹង​ពី​ការ​បាត់បង់​ទ្រព្យ​នោះ​ទេ តែបើ​តាម​ព័ត៌មាន​ថា ជន​រង​គ្រោះ​ខ្លះ បាន​បាត់​លុយរាប់​ពាន់​ដុល្លារ​។

ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​ដែល​កើតឡើង​យ៉ាង​កក្រើក​អាជីវករ​នៅ «​ផ្សារ​ដំណាក់​ស្ដៅ​» ខាងលើ​នេះ បើ​តាម​មន្ត្រី​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត បាន​និយាយ​ថា បើ​ពិនិត្យ​លើ​របាយការណ៍​ដែល​ពលរដ្ឋ​បាន​រាយការណ៍​អំពី​បទល្មើស​ដែល​បាន​កើតឡើង​ក្នុង​ខែកុម្ភៈ កន្លង​ទៅ​នេះ គឺ​ហាក់​មាន​ចំនួន​ច្រើន​គួរសម​។ ប៉ុន្តែ​លោក​សន និល អធិការ​ស្រុក និង​លោក​រស់ លឹ​ម​ស៊ឺ​ន អធិការរង មិន​ដែល​បាន​រាយការណ៍​ទៅ​កាន់​ស្នងការ​ខេត្ត នូវ​បទល្មើស​ម្ដងណា​ទេ​។ ពោល គឺ​សមគំនិត​គ្នា​បិទ​បាំង​ព័ត៌មាន​នេះ​តែ​ម្ដង​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​យោង​លើ​រូបភាព និង​សកម្មភាព​ដដែល​ៗ ដែល​ជនល្មើស​បាន​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​នោះ គេ​សង្ស័យ​ថា ជន​ស្មើ​ស​មិនមែន​មក​ពី​ចម្ងាយ ដូច​ការ​អះអាង​របស់​លោក​អធិការរង រស់ លឹ​ម​ស៊ឺ​ន នោះ​ទេ គឺ​ជន​ដៃដល់​អាច​ជា​មុខសញ្ញា​នៅ​ក្នុង​មូលដ្ឋាន​នេះ​តែ​ម្ដង ព្រោះ​ជន​នេះ​ហាក់​ធ្វើ​សកម្មភាព​ដដែល​ៗ ហើយ​ក៏​មិនធំ​ដុំ​ដែរ​។ ដូច្នេះ​មន្ត្រី​មូលដ្ឋាន​មិន​គួរ​លាក់​បាំង​បទល្មើស​បែប​នេះ​ទេ គួរតែ​រាយការណ៍​ជូន​លោកស្នងការ​ខេត្ត ដើម្បី​មាន​វិធានការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​នេះ​។

ជាមួយនឹង​ការ​បិទ​បាំង​បទល្មើស​របស់​លោក​អធិការ​ស្រុក​រតន​មណ្ឌល​នេះ លោក​ឧត្តម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសា​ស​ថា ចំនួន​បទល្មើស​ដែល​បាន​កើតឡើង​ខាង​លើ​នេះ លោក​មិន​ដែល​ទទួល​បាន​របាយការណ៍​ម្ដងណា​ទេ​។ លោកស្នងការ​រង​បាន​ប្រាប់​ថា បទល្មើស​ដែល​បាន​កើតឡើង គេ​មិន​គួរ​លាក់បាំង​ទេ​។ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​ជួប​ការ​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​មិន​អាច​បង្ក្រាប​បាន ហើយ​ជន​ប្រព្រឹត្ត​នៅ​តែ​បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ ដើរ​ធ្វើ​សកម្មភាព​យ៉ាង​គ​គ្លើ​ន​ដដែល​។

លោក​ជេ​ត វណ្ណ​នី បាន​ស្នើ​ដល់​លោក​អធិការ​គ្រប់​ស្រុក​-​ក្រុង ត្រូវ​តែ​រាយការណ៍​ទៅ​ការិយាល័យ​ជំនាញ ឬ​លោកស្នងការ​ខេត្ត អំពី​បទល្មើស​នានា ដែល​បាន​កើតឡើង​នៅ​ក្នុង​ទឹកដី​ដែល​ខ្លួន​គ្រប់​គ្រង មិន​ត្រូវ​នាំ​គ្នា​បិទ​បាំង​បទល្មើស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ទេ​។ បើ​នាំ​គ្នា​លាក់​បទល្មើស​បែប​នេះ តើ​យើង​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​បាន​ដោយ​របៀប​ណា?

លោកស្នងការ​រង​បាន​បញ្ជាក់​ដែរ​ថា ប្រសិនបើ​ចំនួន​បទល្មើស បាន​កើតឡើង​ដូច​ការ​ផ្ដល់​ព័ត៌​មាន​ពី​អាជីវករ និង​ប្រជាពលរដ្ឋ​ខាងលើ​នេះ​មែន មន្ត្រី​ជំនាញ​នៃ​អធិការ​ស្រុក​រតន​មណ្ឌល គួរតែ​ធ្វើ​របាយការណ៍​ជូន​ការិយាល័យ​ជំនាញ និង​លោកស្នងការ​ខេត្ត ដើម្បី​ថ្នាក់លើ​មាន​វិធានការ​បន្ត​តាម​នីតិវិធី មិន​ត្រូវ​នាំ​គ្នា​លាក់បាំង​បទល្មើស​នេះ​បន្ត​ទៅ​ទៀត​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ