ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ឈប់​ចាំ​កុងតឺន័រ​ឆ្លងផ្លូវ ស្រាប់តែ​មួយ​គ្រឿង​ទៀត​មក​ដល់​ពន្លះ​ចូល​ក្រោម​កុង​តឺន័រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ពេល​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឈប់ ដើម្បី​ឱ្យ​រថយន្ត​កុងតឺន័រ​បត់​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​ម៉ា​កក​មា​រី​ឆ្លាម​មួយ​គ្រឿង​ទៀត​បើកមុខ​ពីក្រោយ​បុក​ម៉ូតូ​ផ្ទប់​ចូល​ក្រោម​រថយន្ត​កុងតឺន័រ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ពេល​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឈប់ ដើម្បី​ឱ្យ​រថយន្ត​កុងតឺន័រ​បត់​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​ម៉ា​កក​មា​រី​ឆ្លាម​មួយ​គ្រឿង​ទៀត​បើកមុខ​ពីក្រោយ​បុក​ម៉ូតូ​ផ្ទប់​ចូល​ក្រោម​រថយន្ត​កុងតឺន័រ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​គ្លីនិក​ឯកជន​ឯករាជ្យ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ឈាន ពុទ្ធា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស មាន​ទីលំនៅ​នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ បាន​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​ដែល​រង​របួស​ធ្ងន់ធ្ងរ​ឈ្មោះ​គុណ ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជាងកាត់សក់ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯក ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ស៊េរី​ឆ្នាំ​២០២០ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ១HK-៨៤១៨ រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ។

ចំណែក​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២K-៣៦០០ រង​ការ​ខូចខាត​មួយ​កំណាត់​មុខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ រីឯ​រថយន្ត​កុងតឺន័រ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​៣E-៤០៦៥ អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ឈប់​ម៉ូតូ ដើម្បី​ឱ្យ​រថយន្ត​កុងតឺន័រ​បត់​ឆ្លងផ្លូវ ស្រប​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​បើក​មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យ​ម៉ូតូ​បោក​ផ្ទប់​ចូល​ក្រោម​រថយន្ត​កុងតឺន័រ ចំណែក​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ហៅ​រថយន្ត​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​ដែរ តែ​ដោយសារ​ជន​រង​គ្រោះ​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​បាត់បង់​ជីវិត​នៅ​ពាក់កណ្ដាល​ផ្លូវ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​ទាំង​ពីរ​គ្រឿង និង​អ្នកបើកបរ​រថយន្ត​កុង​តឺ​ន័​រ ព្រមទាំង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ