អាជីវករអាចប្រើអ្វីជាច្រើនដើម្បីជួយឲ្យពួកគេឈានមុខដៃគូប្រកួតប្រជែងដូចជាបទពិសោធន៍ផ្ទាល់ខ្លួន សមត្ថភាពក្នុងការដឹកនាំមនុស្ស ឬការមានក្រុមការងារដែលមានប្រសិទ្ធិភាពមួយជាដើម ។ ប៉ុន្តែអ្នកត្រូវចងចាំថាខ្លួនអ្នក គឺជាអ្វីដែលមានតម្លៃជាងគេរបស់អ្នក ជាពិសេសនៅពេលដែលអ្នកមានជំនាញពិសេសៗដែលអ្នកដទៃមិនមាន ។ បញ្ហាដែលសំខាន់ គឺតើធ្វើដូចម្តេចទើបអ្នកដឹងថាអ្នកពិតជាមានជំនាញពិសេសៗទាំងនោះពិតមែន? ហើយអ្នកគួរធ្វើយ៉ាងណាដើម្បីទាញអត្ថប្រយោជន៍ពីវា?
១. អ្នកអាចសម្រេចកិច្ចការដែលមានក្នុងដៃយ៉ាងងាយស្រួល
តើកិច្ចការដែលអ្នកកំពុងតែធ្វើប្រៀបដូចជាងាយស្រួលពេកសម្រាប់អ្នកទេ? ជាក់ស្តែង ការអាចបញ្ចប់បានកិច្ចការច្រើនក្នុងរយៈពេលខ្លីអាចធ្វើឲ្យមនុស្សមានអារម្មណ៍សប្បាយចិត្តក្នុងការងាររបស់ខ្លួន ប៉ុន្តែវាក៏អាចជាមុខសញ្ញាបង្ហាញថាអ្នកមានសក្តានុពលក្នុងការធ្វើអ្វីផ្សេងដែលអាចជួយឲ្យអ្នកកាន់តែជោគជ័យផងដែរ ។
បុគ្គលដែលជោគជ័យមិនដែលពេញចិត្តនឹងស្ថានការរបស់ខ្លួនក្នុងពេលបច្ចុប្បន្នទេ ដែលធ្វើឲ្យពួកគេតែងតែរកឧបសគ្គថ្មីៗ និងជំនាញថ្មីៗដែលពួកគេអាចរៀនបានដើម្បីបង្កើនតម្លៃខ្លួន ។
២. អ្នកដទៃមកសួរដំបូន្មានពីអ្នក
មុខសញ្ញាមួយទៀតដែលបង្ហាញថាអ្នកមានទេព្យកោសល្យខ្លាំង គឺពេលដែលមនុស្សជាច្រើនពឹងផ្អេកលើជំនួយនិងដំបូន្មានពីអ្នក ។ ពេលខ្លះវាអាចទាក់ទិននឹងការងារក្នុងវិស័យឬអាជីវកម្មរបស់អ្នក តែពេលខ្លះទៀតសំណួរអាចទាក់ទងទៅនឹងអ្វីដែលអ្នកចូលចិត្តធ្វើពេលទំនេរជាដើម ។
អ្នកគួរតែអង្កេតមើលអ្វីដែលអ្នកដទៃសួរអ្នក រួចពិចារណាមើលថាវាជាផ្នែកឬជំនាញដែលអ្នកអាចប្រើដើម្បីរកចំណូលបានកាន់តែច្រើនទេ? ឧទាហរណ៍ដូចជាម្ចាស់អាជីវកម្មជាច្រើនទាក់ទងមកអ្នកដើម្បីសួរនាំពីដំបូន្មានទាក់ទិននឹងការគ្រប់គ្រងអាជីវកម្ម ។ អ្នកអាចបង្កើនតម្លៃឲ្យខ្លួនបានដោយរៀនសូត្របន្ថែមនិងចាប់ផ្តើមសេវាកម្មទីប្រឹក្សាមួយដើម្បីរកចំណូល ។
៣. អ្នកចូលចិត្តរកវិធីដើម្បីសម្រេចកិច្ចការឲ្យកាន់តែមានប្រសិទ្ធិភាព
បុគ្គលដែលជោគជ័យតែងតែរកវិធីដើម្បីបង្កើតអ្វីថ្មីៗដើម្បីដោះស្រាយបញ្ហាដែលពួកគេ ឬមនុស្សជុំវិញខ្លួនកំពុងតែជួបប្រទះ ។ នេះជាហេតុធ្វើឲ្យការមានទស្សនៈមនុស្សមកថ្មីពិតជាមានសារៈសំខាន់ណាស់ ។ មានន័យថាអាជីវករគួរតែរក្សាការប្តេជ្ញាថាមិនប្រកាន់ខ្ជាប់នឹងអ្វីដែលមានស្រាប់ ព្រមទាំងបើកចិត្តទូលាយទទួលយកការផ្លាស់ប្តូរនិងគំនិតថ្មីៗជាដើមដែលអាចធ្វើឲ្យអាជីវកម្មខ្លួនឈានមុខអ្នកដទៃ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ