ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​នៅ​សង្វៀន​ ​ប្រជុំ​ដោយ​ជើង​ខ្លាំង​ខ្មែរ​-​ថៃ​8​រូប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ស្ថានីយទូរទស្សន៍​CNC​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ប្រកាស​រៀបចំ​ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ ដោយ​ដាក់​ឈ្មោះ​ថា​«​គុន​ខ្មែរ​អធិរាជ​រេ​ដ​អាន​» ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កម្មវិធី…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ស្ថានីយទូរទស្សន៍​CNC​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ប្រកាស​រៀបចំ​ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ ដោយ​ដាក់​ឈ្មោះ​ថា​«​គុន​ខ្មែរ​អធិរាជ​រេ​ដ​អាន​» ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កម្មវិធី ប្រដាល់​នេះ​ត្រូវ​បាន​អ្នក​រៀបចំ​ប្រាប់​ថា​ប្រមូលផ្ដុំ​ទៅ​ដោយ​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​-​ថៃ​ចំនួន​៨​រូប​។

លោក ម៉ា ស៊ី​ថេ​ត អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​CNC​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​៨​ព្រឹក ដោយ​មាន​កីឡាករ​ថៃ​៤​នាក់​និង​កីឡាករ​កម្ពុជា​៤​នាក់​ប្រកួត​ក្នុង​១​ថ្ងៃ​ចំនួន​២​គូ​ដោយ​អនុវត្ត​ទៅ​តាម​រូបមន្ត​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ចំនួន​៤​នាក់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ​។

តាម​រយៈ​សន្និសីទ​សារព័ត៌មាន លោក ហួរ រតនៈ ប្រធាន​ទីផ្សារ​របស់​ស្ថានីយទូរទស្សន៍​CNC មាន​ប្រសាសន៍​ថា នេះ​ជា​កម្មវិធី​ប្រកួត​ថ្មី​មួយទៀត​សម្រាប់​យើង​ទាំងអស់​គ្នា​ក្នុង​ឆ្នាំ​២០២០ ជា​ពិសេស​រវាង​CNC​និង​រ៉េ​ដ​អាន​ស្ថិត​នៅ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ។ លោក​បន្ត​ថា អ្វី​ដែល​ពួក​យើង​កំពុង​ធ្វើ​នេះ​គឺជា​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ទិស​ដៅ​លើក​ស្ទួយ​​ក៏​ដូច​ជា​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន និង​លើកមុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​។

លោក នាង វាសនា តំណាង​ក្រុមហ៊ុន រ៉េ​ដ អាន បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​រ៉េ​ដ​អាន ចូលរួម​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​នៅ​ស្ថានីយទូរទស្សន៍​CNC​។ ពី​មុន​ក្រុមហ៊ុន​ធ្លាប់​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​បំផុត​ដល់​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ជា​ច្រើន​មក​ហើយ ។ ពេល​នេះ​លោក​​ពិតជា​មាន​ក្ដី​សោមនស្ស​រីករាយ​ក្រៃ​លែង ដែល​មានឱកាស​មក​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​នា​ពេល​នេះ ។

លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​នឹង​មានការ​រីក​ចម្រើន​កាន់តែ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​ដ៏​ឆាប់​ខាង​មុខ ។ លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​មាន​ប្រសាសន៍​ក្រើនរំលឹក​ទៅ​ដល់​មន្ត្រី​ចៅក្រម​អាជ្ញាកណ្ដាល ត្រូវ​យកចិត្តទុកដាក់​ឱ្យ​បាន​ល្អ កាត់ក្ដី​ត្រូវ​មាន​ភាព​យុត្តិធម៌ មិន​មាន​ភាព​លំអៀង ចៀសវាង​កុំ​ឱ្យ​មានការ​រិះគន់​ពី​មហាជន​។

គួរ​រំលឹក​ថា ការ​ប្រកួត​ជា​ផ្លូវការ​ចាប់ផ្ដើម​ពី​ថ្ងៃអាទិត្យ​ទី​១ មីនា ឆ្នាំ​២០២០ នៅ​លើ​សង្វៀន​CNC វេលា​ម៉ោង​៨​ព្រឹក ។ រីឯ​ប្រាក់​រង្វាន់​វិញ​លេខ​១​ទទួល​បាន​ពាន​១ ខ្សែក្រវាត់​១ និង​ប្រាក់​៥០០០​ដុល្លារ លេខ​២​ទទួល​បាន​ពាន​១​និង​ប្រាក់​៣០០០​ដុល្លារ លេខ​៣ ទទួល​បាន​ពាន​១ និង​ប្រាក់​១៥០០​ដុល្លារ និង​លេខ​៤​ទទួល​បាន​ពាន​១ និង​ប្រាក់​១០០០​ដុល្លារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ