ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេសម្នាក់ត្រូវ​ចាប់ខ្លួន ក្រោយបង្ក​គ្រោះតាមផ្លូវ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនបរទេស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ម្នាក់​នេះ​បើកបរ​រថយន្ត​មិន​ប្រកាន់​ស្ដាំ​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​តាម​ផ្លូវ​បេតុង​លេខ​៤៥ ស្ថិត​ក្នុងភូមិ​អ៊ុ​ង…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនបរទេស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ម្នាក់​នេះ​បើកបរ​រថយន្ត​មិន​ប្រកាន់​ស្ដាំ​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​តាម​ផ្លូវ​បេតុង​លេខ​៤៥ ស្ថិត​ក្នុងភូមិ​អ៊ុ​ង ឃុំ​រាម ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក HUMMER ពណ៌​លឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AJ-៦០៦៦ បើកបរ​ដោយ​ជនជាតិ​បរទេស​ម្នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ១G-០៥១៩ បើកបរ​ដោយ​ឈ្មោះ ហែម ជ្រិ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ បាន​បាត់បង់​ជីវិត និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត ក្នុង​នោះ​ម្នាក់​ឈ្មោះ ផ​ល្លី ភេទ​ស្រី អាយុ​ប្រហែល​៤៥​ឆ្នាំ រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ អា​ថ្លាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ បាន​បាត់បង់​ជីវិត ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​រវាង​រថយន្ត មួយ​គ្រឿង​ម៉ាក HUMMER បើកបរ​ដោយ​ជនបរទេស​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង (​ពី​មូលដ្ឋាន​រាម​ឆ្ពោះទៅ​ឃុំ​រាម​) បាន​បើកបរ​មក​ខាងឆ្វេង​ដៃ​របស់​ខ្លួន ចូល​មក​បុក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា ស្រប​ពេល​អ្នកបើកបរ​ម៉ូតូ​នៅ​ខាងស្តាំ​ដៃ​របស់​ខ្លួន​ត្រឹមត្រូវ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​និង​អ្នក​រួម​ដំណើរ​ម្នាក់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ក្នុង​ឃុំ​រាម ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​បាត់​បង់ជីវិត​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។ ដោយឡែក​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​ឃាត់ខ្លួន និង​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​សួរនាំ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ