បុរស២នាក់ធ្វើសកម្មភាពលើស្ត្រីម្នាក់​រួចប្រុងគេចខ្លួន តែមិនផុត​


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​ដេញចាប់​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​ចិញ្ចើម​ផ្លូវ ប៉ុន្តែ​មិន​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​នោះ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាង​មុខ​វិទ្យាល័យ​ឥន្ទ្រ​ទេវី តាម​បណ្តោយ​ផ្លូវ​៥៩២ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ ស៊ុន ថា​ស័ក្ដិសិទ្ធិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ជា​អ្នក​ជិះ​ពីក្រោយ និង​ម្នាក់​ទៀត​ឈ្មោះ ជា តូច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជា​អ្នកបើកបរ​ម៉ូតូ​។ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១ID-៥៧៨៦ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក្រុម​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ កំពុង​ដើរ​លើ​ចិញ្ចើម​ផ្លូវ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ​។ ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​ខាង ក៏​បាន​បន្ថែម​ល្បឿន​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​បាន​ប្រទះ​ឃើញ ក៏​ដេញ​តាម​ពីក្រោយ​ក្រុម​ជនសង្ស័យ ដោយសារ​ក្រុម​ជនសង្ស័យ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ទាំង​សភាព​ភ័យ​ស្លន់ស្លោ​ខ្លាំង​ពេក ក៏​ដួល​នៅ​ត្រង់​ចំណុច​ក្បែរ​ផ្សារ​ទំនប់ តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។ ពេល​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ចាប់​បាន និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​។ ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ធ្វើ​សកម្មភាព ក៏​បាន​ស្ទុះ​ងើប​រត់គេច​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត​បាត់​ស្រមោល​។

បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​រួម​ជាមួយ​មួយ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ធ្វើការ​ឡោម​ព័ទ្ធ​រុករក​ជនសង្ស័យ​ខាងលើ​អស់​រយៈពេល​ប្រមាណ​៣០​នាទី​ក្រោយមក ក៏​បាន​រក​ឃើញ​និង​ចាប់​ឃាត់ខ្លួន​នៅ​ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​។

ដោយឡែក​ស្ត្រី​ជា​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ បន្ទាប់​ពី​ត្រូវ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​មិន​បាន​សម្រេច​រួច​មក ក៏​បាន​បន្តដំណើរ​ដើរ​ចេញពី​កន្លែង​កើតហេតុ​បាត់ ដោយ​មិន​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ