ក្រុម​ចោរ​កាច់​សោ​.​ក​ម៉ូតូ​កាន់តែ​កក្រើក និង​វាយលុក​តាម​សាលារៀន


ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រុម​ចោរ​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​នៅ​តាម​ទី​សាធារណៈ ឬ​នៅ​តាម​កន្លែងធ្វើការ​ងារ និង​នៅ​តាម​សាលារៀន ហាក់​កំពុង​បង្កើន​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​ៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មិន​ថា នៅ​តាម​បណ្ដា​ស្រុក​នានា ឬ នៅ​ក្នុង​ក្រុង​បាត់ដំបង​។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថកិច្ច តែ​បទល្មើស​ខ្លះ​ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន ព្យាយាម​បិទ​បាំង​យ៉ាង​ស្ងាត់ជ្រៀប​។

ជាក់ស្ដែង នៅ​វ​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកុម្ភៈ ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​រក​លួច​យក​ម៉ូតូ​សិស្សសាលា​ចំនួន​២​គ្រឿងក្នុង​ពេល​តែ​មួយ ដែល​ទុក​នៅ​ក្បែរ​របង​វិទ្យាល័យ នេ​ត​យ៉ង់ ស្ថិត​ក្នុងភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព តែ​បាន​បន្សល់​ទុក​នូវ​សកម្មភាព​ពួក​ចោរ​នេះ នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​ដាក់​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ត្រូវ​ចោរលួច​ទាំង​២​គ្រឿង​នោះ គឺ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ បាត់ដំបង 1AF.0078 របស់​ជន​រង​គ្រោះ​ឈ្មោះ​អ៊ូ ចាន់​ណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង ស្រុក​សង្កែ និង​មួយ​គ្រឿង​ទៀត ម៉ាក និង​ស៊េរី​ឆ្នាំ​ដូច​គ្នា តែ​មិន​ទាន់​មាន​ស្លាក​លេខ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ បេង វ​ឌ្ឍ​នា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​*​ឃុំ​ជាមួយ​ជន​រង​គ្រោះ​ខាងលើ​។

បើ​តាម​សមត្ថកិច្ច​ដែល​ស្រង់​សំដី​ជន​រង​គ្រោះ​ថា ពួក​គេ​ជា​យុវ​សិស្ស​រៀន​នៅ​វិទ្យាល័យ​នេ​ត​យ៉ង​។ យុវ​សិស្ស​ទាំង​២​នាក់​នេះ​បាន​ជិះ​ម៉ូតូ​ទៅ​ទុក​នៅ​ក្បែរ​របង តែ​នៅ​ខាងក្រៅ​នៃ​វិទ្យាល័យ រួច​នាំ​គ្នា​ចូល​ទៅ​ប្រឡង​។ លុះ​ចប់​ម៉ោង​ចេញ​មក​វិញ ក៏​បាត់​ម៉ូតូ​ទាំង​២​គ្រឿង​នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ពី​សាកសួរ​មន្ត្រី​ជំនាញ បាន​ឆែក​ពិនិត្យ​មើល​កា​ម៉េ​រ៉ា​សុវត្ថិភាព​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ក៏​ឃើញ​ជន​ដៃដល់​ចំនួន​២​នាក់ ធ្វើ​សកម្មភាព​ព្រម​គ្នា​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​ទាំង​២​គ្រឿង​នោះ តែ​គេ​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ។

សូម​បញ្ជាក់​ថា បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា គ្រាន់តែ​ក្នុង​រយៈ​ជិត​មួ​យស​ប្ដា​ហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ អំពើ​ចោរកម្ម​កាច់​សោ​លួច​យក​ម៉ូតូ​បាន​កើត​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ម៉ូតូ​យ៉ាងតិច​ចំនួន​៦​គ្រឿង ។ បើ​ទោះជា​កម្លាំង​ការិយាល័យ​ជំនាញ បង្ក្រាប និង​ចាប់ខ្លួន​បាន​ក្រុម​ចោរ​កាច់​សោ​លួច​ម៉ូតូ​នេះ បាន​ចំនួន​២​នាក់ កាលពី​ជាង​មួ​យស​ប្ដា​ហ៏​មុន​នេះ​ក្ដី​។ មន្ត្រី​ជំនាញ​បាន​និយាយ​ថា មុខសញ្ញា​ជនសង្ស័យ​ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​កក្រើក​នា​ពេល​នេះ បើ​តាម​ការ​ស្រាវជ្រាវ គឺ​មាន​ទាំង​មុខសញ្ញា​ចាស់​ដែល​ធ្លាប់​ជាប់គុក​កន្លង​មក និង​មាន​ទាំង​មុខសញ្ញា​ថ្មី​ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក​ឧត្តម​សេនី​យ៏​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ដោយ​ទ​ទូល​ស្គាល់​ថា មួយ​រយៈ​កន្លង​ទៅ​នេះ ក្រុម​ចោរ​ហាក់​បាន​សម្រុក​ប្រព្រឹត្ត​បទល្មើស «​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​» នេះ​យ៉ាង​កក្រើក​មែន​។ ប៉ុន្តែ​លោកស្នងការ​រង​បាន​បញ្ជាក់​ថា ជន​ដៃដល់​អាច​មាន​បក្សពួក​ច្រើន​នាក់ ហើយ​ពួក​គេ​អាច​ដឹក​ជញ្ជូន​គ្នា​ដាក់​តាម​គោលដៅ ដើម្បី​ធ្វើ​សកម្ម​ភាព​​ទៀត​ផង​។ ពេល​នេះ មន្ត្រី​ជំនាញ បាន​និង​កំពុង​ពិនិត្យ​មើល​ភិនភាគ ជនសង្ស័យ​ដែល​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នោះ​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ