ខេត្តសៀមរាម ៖ សូមបញ្ជាក់ផងដែរថា ខ្ញុំបាទ និងម្តាយ ដែលធ្លាប់ដើររួច ឥឡូវដេកនៅមួយកន្លែង និងប្អូន, ក្មួយដែលរស់នៅលើដីធ្លីចំនួន២ឡូតិ៍តាំងពីឆ្នាំ១៩៩៨ រហូតដល់ ក្នុងឆ្នាំ២០០០ ក៏មានការប្តឹងផ្តល់គ្នា ដល់តុលាការកំពូលមិនទាន់ចប់ជាស្ថាបពររវាងអ្នកស្រី ស៊ុយ សុផាន និងម្តាយខ្ញុំបាទឈ្មោះ ចាន់ លន់ ដោយសារមេឈ្មួញដីនេះ បានមកប្លន់ យកប្លង់ដីរបស់ម្តាយខ្ញុំទៅបាត់នៅអំឡុងឆ្នាំ២០០០។
ហើយការរស់នៅរបស់ពួកខ្ញុំនៅលើដីធ្លីចំនួន២ឡូតិ៍ ដែលមានទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ដែលមានទំនាស់រ៉ាំរ៉ៃដល់ឆ្នាំ២០២០ នេះ គឺពួកខ្ញុំ ជាអ្នករស់ នៅលើដីធ្លីនេះដដែល ហើយបាននាំគ្នាធ្វើផ្ទះសម្បែងចែកគ្នារស់នៅ ព្រមទាំងមានអាជ្ញាធរមូល ដ្ឋានដឹងលឺផងដែរ ហើយការរស់នៅរបស់ពួកខ្ញុំមកដល់សព្វថ្ងៃនេះ ពុំមាននរណាម្នាក់មករករឿង ឬតវ៉ាអ្វីឡើយ ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ស្រាប់តែមានលោក សោ តារា មេភូមិតាវៀន ដែលជាអាជ្ញាធរមូលដ្ឋាន បានមកហៅពួកខ្ញុំឱ្យទៅជួបនៅសង្កាត់សាលាកំរើក ដើម្បីស្តាប់យោបល់ពីលោក សាម ឡន ចៅសង្កាត់សាលាកំរើក និងមន្ត្រីសុរិយោដីក្រុងចំនួន២នាក់បាននាំគ្នាប្រាប់ថា អ្នកស្រី ស៊ុយ សុផាន បានឱ្យគេមកធ្វើប្លង់ស្ងាត់ៗទៀតហើយ ។

ខណៈពេលនោះមន្ត្រីសុរិយោដីក្រុង ក៏មិនបានធ្វើតាមការសំណូមពរ ឬគ្រោងទុករបស់ពួកគេឡើយ។ ហើយខាងសុរិយោដីក៏មកផ្តល់យោបល់ជាមួយចៅសង្កាត់សាលាកំរើក នៅសាលា សង្កាត់សាលាកំរើក ដើម្បីរកមូលហេតុ ពេលនោះមន្ត្រីសុរិយោដី និងចៅសង្កាត់ក៏បានសួរខ្ញុំដែលជាតំណាងឱ្យម្តាយថា តើអ្នកទាំងអស់គ្នាមានឯកសារអ្វីខ្លះដែលភ្ជាប់មកជាមួយ ។
ពេលនេះ ខ្ញុំបាទក៏បង្ហាញឯកសារទាំងអស់របស់តុលាការខេត្តសៀមរាប រហូតដល់កំពូលទៅឱ្យពួកគាត់មើល ស្រាប់តែពួកគាត់នាំគ្នាមើលរួចហើយ ដឹងហេតុផលក៏ធ្វើជារបាយការណ៍ជូនទៅលោកប្រធានសុរិយោដីក្រុង ដើម្បីឱ្យថ្នាក់លើរាយការណ៍ទៅឱ្យពួកគាត់វិញផង ។ ព្រោះដីទំនាស់ចំនួន២ឡូតិ៍នោះ គឺនៅក្នុងកណ្តាប់ដៃរបស់តុលាការកំពូលនៅឡើយ ដោយមិនទាន់ដោះស្រាយគ្នាចប់ផង ដូច្នេះមានតែប្រាប់ពួកគាត់ថា សុរិយោដីខេត្តមិនអាចលួចធ្វើប្លង់រឹងឱ្យគាត់បានទេ នេះជាច្បាប់ភូមិបាលខេត្ត ទុកឱ្យភាគីទាំង២ ដោះស្រាយគ្នានៅតុលាការកំពូលឱ្យចប់សិន។
គួរបញ្ជាក់ផងដែរថា ខ្ញុំបាទ និងម្តាយ ព្រមទាំងប្អូនស្រី បានរស់នៅលើដីធ្លីចំនួន២ឡូតិ៍នេះ តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០០០ ត្រូវបានអ្នកស្រី ស៊ុយ សុផាន សុំទិញដីម្តាយខ្ញុំបាទ ចំនួន២ឡូតិ៍ ក្នុងតម្លៃ ១៩.០០០ ដុល្លារ ហើយបានកក់លុយចំនួន២០០០ដុល្លារនៅផ្ទះរបស់អ្នកស្រី ស៊ុយ សុផាន នៅឯភ្នំពេញ ដើម្បីឱ្យម្តាយខ្ញុំធ្វើប្លង់រឹង រួចផ្ទេរសិទ្ធិឱ្យគាត់ ដល់ពេលធ្វើបានប្លង់រឹងហើយ ម្តាយខ្ញុំក៏បានទូរស័ព្ទ ហៅអ្នកស្រី ស៊ុយ សុផាន មកយក លុះដល់ពេលគាត់បើកឡានមកដល់ផ្ទះខ្ញុំបាទ ហើយក៏សុំម្តាយខ្ញុំមើលឃើញពិតហើយ ស្រាប់បិទកញ្ចក់ទ្វារឡាន បញ្ជាឱ្យអ្នកបើកឡានគាត់ចេញទៅបាត់អស់រយៈពេល១សប្តាហ៍ ហើយម្តាយខ្ញុំក៏បានសួរទៅគាត់ ប៉ុន្តែគាត់ឆ្លើយថា ច្រឡំដៃ មិនដឹងទុកនៅទីណាទេ ចាំរកឃើញសិន ចាំផ្ញើរឱ្យ។
ក្រោយមកបាន១ខែ ម្តាយខ្ញុំក៏ទូរស័ព្ទទៅម្តងទៀត ហើយគាត់នៅឆ្លើយដដែលថា ច្រឡំដៃ។ បន្ទាប់មកបាត់ដំណឹងយូរពេក ម្តាយខ្ញុំ និងខ្ញុំបាទ ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការខេត្តសៀមរាប ក្នុងឆ្នាំ២០០០ ហើយក៏ឈ្នះក្តីនៅតុលាការខេត្តសៀមរាប ក្នុងឆ្នាំ២០០២ ខណៈពេលនោះអ្នកស្រី ស៊ុយ សុផាន មិនសុខចិត្តក៏រកមេធាវី ឱ្យប្តឹងទៅសាលាឧទ្ទរណ៍វិញក្នុងឆ្នាំ២០០៣ រួចម្តាយខ្ញុំក៏ចាញ់ក្តីនៅសាលាឧទ្ទរណ៍ ក្នុងឆ្នាំ២០០៤ ហើយពួកខ្ញុំមិនសុខចិត្ត ក៏ប្តឹងបន្តទៅតុលាការកំពូល ស្រាប់តែតុលាការកំពូលឱ្យម្តាយខ្ញុំឈ្នះ ដោយច្រានចោលនូវសំណើររបស់សាលាឧទ្ទរណ៍ ក្នុងឆ្នាំ២០០៨។
ហើយមេធាវីអ្នកស្រី ស៊ុយ សុផាន ក៏នៅមិនសុខចិត្តឱ្យតុលាការកំពូលបង្វិលសំណុំរឿង មកសាលាឧទ្ទរណ៍ម្តងវិញទៀត ក្នុងឆ្នាំ២០០៨។ ដោយសារម្តាយខ្ញុំបាទ អស់លុយ ព្រមទាំងឈឺផងនោះ ក៏គាំងឯកសារនៅក្នុងសាលាឧទ្ទរណ៍ រហូតមកដល់ឆ្នាំ២០១៣ ម្តាយខ្ញុំបាទក៏ចូលទៅឆែករកឯកសារនោះឃើញ ហើយក៏ឱ្យមេធាវី ដែលការពារឱ្យម្តាយខ្ញុំ ដាក់សំណើរចូលទៅឱ្យសាលាឧទ្ទរណ៍ បង្វិលសំណុំរឿងនោះទៅតុលាការកំពូលវិញ ក៏គាំងនៅទីនោះ តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២០នេះ។
ប៉ុន្តែក្នុងអំឡុងឆ្នាំ២០១៣នោះ ម្តាយខ្ញុំ និងខ្ញុំ ក៏បានទៅសួរក្រឡាបញ្ជីរបស់តុលាការកំពូល ដើម្បីសុំឆែកមើល ស្រាប់តែពេលនោះខាងតុលាការកំពូល ក៏បានប្រគល់ឯកសាររបស់តុលាការកំពូលនូវសំណុំរឿងរដ្ឋប្បវេណី លេខ៣៩ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០៨ សាលដីការតាងនាម ប្រជារាស្ត្រខ្មែរ លេខ៤០៣ «ខ» ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ដោយមានវត្តមាន លោក គង់ ស្រ៊ីម ជាប្រធាន និងចៅក្រម ចំនួន៨រូបផង ហើយទុកចោលរហូតមកដល់បច្ចុប្បន្ននេះ។
បច្ចុប្បន្ន រឿងក្តីក្តាំតាំងពីម្តាយខ្ញុំបាទ ធ្លាក់ខ្លួនឈឺមក ដែលខ្ញុំបាទ និងម្តាយ ប្អូនស្រី និង ក្មួយ បានរស់នៅរាល់ថ្ងៃលើដីនេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្តទទួលស្គាល់ ទាំងស្រុង។ ប៉ុន្តែបច្ចុប្បន្ននេះ ម្តាយរបស់ខ្ញុំបាទ កំពុងឈឺធ្ងន់ដេកនៅមួយកន្លែងទៅហើយ ។
ខ្ញុំបាទសំណូមពរសុំឱ្យយាយផាន ឈប់បន្តចង់បាន ដោយរំលោភឥតអៀនខ្មាស់បែបនេះទៅ ព្រោះនៅក្រុងសៀមរាប រដ្ឋអំណាចមូលដ្ឋានបានដឹងមារយាទលោកយាយផាន អស់ទៅហើយ ឈប់បាន ឈប់ទៅ ឬមួយចង់បន្តវេនឱ្យកូនមករំលោភបន្តត្រកូល?
សូមលោកនាយកការផ្សាយកោះសន្តិភាព មេត្តាចុះផ្សាយ ខ្ញុំបាទជាម្ចាស់ដីទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ