ខេត្តតាកែវ ៖ សមត្ថកិច្ចលុបបំបាត់ជាបណ្តើរៗហើយចំពោះបញ្ហាបទល្មើសនៃការលួចលាក់ដាំដុះកញ្ឆាខុសច្បាប់ក្នុងមូលដ្ឋានស្រុកគីរីវង់ ខេត្តតាកែវ ដែលមានភូមិសាស្ត្រស្មុគ្រស្មាញព្រែជួរភ្នំច្រើនផង ដែលជា អំណោយផលដល់ជនល្មើស ក្នុងការលួចដាំដំណាំកញ្ឆាដោយខុសច្បាប់នោះលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានធ្វើការណែនាំដល់លោកអធិការនគរបាលស្រុក ត្រូវតែយកចិត្តទុកដាក់ទប់ស្កាត់នឹងចុះបង្ក្រាបអោយបានដូចភ្លៀងរលឹម ។
លោកវរសេនីយ៍ឯក យ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានអោយដឹងថា អនុវត្តទៅតាមការណែនាំពីលោកស្នងការនគរបាលខេត្តនោះ រយៈពេល០២ថ្ងៃនេះ កម្លាំងជំនាញបានចុះកាប់បំផ្លាញដំណាំកញ្ឆាដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ និងបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ចំនួន០៩ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។
ជាក់ស្តែងនៅថ្ងៃទី២១-២២ ខែកុម្ភៈនេះ បានចុះបង្ក្រាប និងកាប់បំផ្លាញ ហើយដុតដំណាំកញ្ឆាខុសច្បាប់ចំនួន០៩ទីតាំង លើផ្ទៃដីប្រមាណ១.០២២ម៉ែត្រការ៉េ និងបំផ្លាញចោលអាងស្តុកទឹកចំនួន០៤កន្លែង ស្ថិតនៅចំណុចដុបអាងស្រង៉ែ និងចំណុចបែកថ្លាងក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា ក្នុងប្រតិបត្តិការខាងលើ យើងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ភ្លាមៗខណៈពេលពួកគេកំពុងនៅចាំមើលថែទាំចំការកញ្ឆា ។ រួមមានទី១-ឈ្មោះ ធុន ឡោន ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងទី២ -ឈ្មោះប៉ុន ហាវ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ខណៈពេលជនសង្ស័យនៅក្នុងចំការកញ្ឆា ។
នៅចំពោះមុខនគរបាលស្រុកជនសង្ស័យបាននិយាយសារភាពថា ពួកគេពិតជាបានមកចាំមើលថែដំណាំកញ្ឆាពិតប្រាកដមែន ព្រោះដំណាំកញ្ឆានេះវាមានហាងឆេងខ្ពស់នៅក្នុងទីផ្សារងងឹត នៅប្រទេសវៀតណាម ទើបមានអ្នកលួចដាំបែបនេះ បើទោះជាមានប៉ូលិសចុះបង្ក្រាបនឹងដុតចោលជាញឹកញាប់ក៏ដោយចុះ ។
នាយការិយាល័យប្រឆាំងការជួញដូគ្រឿងញៀនខេត្តបានអោយដឹងថា ការចុះបង្ក្រាបករណីលួចលាក់ដាំដំណាំកញ្ឆានេះកន្លងមកនគរបាលស្រុកគីរីវង់ដកនឹងដុតដំណាំកញ្ឆា មិនបានឃាត់ខ្លួនជនសង្ស័យដែលលួចដាំនោះទេ តែលើកនេះបានឃាត់ខ្លួន២នាក់ហើយ នៅពេលនេះជំនាញយើងកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីកាត់ទោសទៅតាមច្បាប់នៅរសៀលថ្ងៃទី២២ ខែកុម្ភៈនេះ និងបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ