ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ក្វា​ន់​ដូ ITF កម្ពុជា​ល្បី​ទាំង​ក្នុងស្រុក​និង​ឆាក​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​កម្ពុជា​ទទួលយក​កីឡា​តេ​ក្វា​ន់​ដូ​ITF រយៈពេល​២៥​ឆ្នាំ​ហើយដោយ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា បាន​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៩ ដោយ​ទទួល​បាន​មេដាយមាស​ក្នុង​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ប៊ុល​ហ្គា​រី​នោះ​ផង ។ អ្វី​ដែល​គួរ​កត់សម្គាល់​គឺ​កីឡាករ​នៅ​ក្នុង​វិស័យ​នេះ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​កម្ពុជា​ទទួលយក​កីឡា​តេ​ក្វា​ន់​ដូ​ITF រយៈពេល​២៥​ឆ្នាំ​ហើយដោយ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា បាន​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៩ ដោយ​ទទួល​បាន​មេដាយមាស​ក្នុង​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ប៊ុល​ហ្គា​រី​នោះ​ផង ។

អ្វី​ដែល​គួរ​កត់សម្គាល់​គឺ​កីឡាករ​នៅ​ក្នុង​វិស័យ​នេះ កាន់តែ​មានឈ្មោះ​បោះ​សំឡេង​ទាំង​ក្នុងស្រុក និង​លើ​ឆាក​អន្តរជាតិ ដោយសារ​តែ​កីឡាករ​-​កីឡាការិនី​ភាគច្រើន​សុទ្ធតែ​បាន​ពង្រឹងសមត្ថភាព​ធ្វើ​ឱ្យ​ស្រទាប់​មហាជន​ទទួលស្គាល់​ពី​សក្តានុពល​ក្នុង​វិស័យ​នេះ បើ​ទោះជា​តេ​ក្វា​ន់​ដូ​ជា​កីឡា​ដែល​មាន​ដើម​កំណើត​មក​ពី​ខាងក្រៅ​ក្ដី​។

ការ​ប្រែប្រួល​នេះ គេ​កត់​សម្គាល់ថា គឺ​បន្ទាប់​ពី លោក កែវ រ៉េ​មី ត្រូវ​បាន​តែងតាំង​ជា​ប្រធាន សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF កម្ពុជា និង​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ អន្តរជាតិ ដែល​កាន់តែ​ជំរុញ​ឱ្យ​តេ​ក្វា​ន់​ដូ​កម្ពុជា មានការ​ទទួលស្គាល់ និង​មាន​សកម្មភាព​ច្រើន​នៅ​ក្រៅប្រទេស​។

យ៉ាងណាមិញ ទោះបីជា​កីឡា​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា​រីក​ចម្រើន​យ៉ាង​លឿន​ក្តី​តែ​ថ្នាក់ដឹកនាំ​ស្ថាប័ន​មួយ​នេះ​ហាក់​មិន​ទាន់​ស្កប់ចិត្ត​នៅឡើយ​។ ថ្នាក់ដឹកនាំ​វិស័យ​នេះ និយាយ​ថា សហព័ន្ធ​មិន​ចង់​ឃើញ​តេ​ក្វា​ន់​ដូ​ITF​ល្បី​តែ​នៅ​ក្នុង​ប្រទេស ទេ​ត្រូវ​តែ​ធ្វើ​ឱ្យ​ពិភពលោក​ទទួលស្គាល់​។ ជាមួយ
នឹង​ការ​តាំងចិត្ត គេ​ឃើញ​ថ្នាក់ដឹកនាំ​សហព័ន្ធ តែង​ធ្វើ​យុទ្ធនាការ​ធ្វើ​ឱ្យ​តេ​ក្វា​ន់​ដូ​កម្ពុជា​មានមុខ​នៅ​ក្រៅប្រទេស ។

លោក កែវ រ៉េ​មី ប្រធាន សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា បាន​បន្ត​ថា កម្ពុជា​មិន​អាច​ល្បីឈ្មោះ​ដូច​កង្កែប​ក្នុង​អណ្ដូង​បាន​ទេ គឺ​ដាច់ខាត​ត្រូវ​តែ​មានការ​ទទួលស្គាល់​ដោយ​អន្តរជាតិ ហើយ​កីឡា​ករ​កម្ពុជា​ក៏​ត្រូវ​តែ​ពង្រឹងសមត្ថភាព​ឱ្យ​ក្លាយជា​ធនធាន​កីឡាករ​ល្អ និង​មាន​ស្នាដៃ​នៅ​គ្រប់ការ​ប្រកួត ។

លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់ ដូ ITF​ជ្រើស​រើស​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​២ នៅ​ចុងឆ្នាំ ២០២០ ខាង​មុខ​នេះ ។ ជាមួយនឹង ការ​ប្រកួត​នេះ លោក​ប្រធាន​សហព័ន្ធ កែវ រ៉េ​មី ប្រកាស​ថា លោក​ចង់​ឃើញ​លទ្ធផល​ល្អ​បន្ថែម​ទៀត​ពី​កីឡាករ​-​កីឡាការិនី ។ លោក​បាន​ថ្លែង​នៅ​ក្នុង​ពិធី​មហាសន្និបាត​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ បង្ហាញ​ពី​ការ​តាំង​ចិត្តជា​ច្រើន​ដើម្បី​ឱ្យ​សហព័ន្ធ​ទាំងមូល​បោះ​ជំហាន​ទៅ​មុខ​បាន​ល្អ​។

លោក​បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF កម្ពុជា​បាន​រាយការណ៍​ពី​សមិទ្ធផល​នានា​ឱ្យ​ដឹង​ដែរ​ថា សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​នឹង​ពង្រីក​ក្លិប​ឲ្យ បាន​កាន់តែ​ច្រើន និង​សន្យា​បណ្តុះបណ្តាល​និង​កែ​លម្អ​គុណភាព​ធនធានមនុស្ស​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ។

បើ​ទោះបីជា​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា​ល្បី​ទាំង​ក្នុង​និង​នៅ​លើ​ឆាក​អន្តរជាតិ​ក៏​ដោយ តែ​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា​តើ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា នឹង​អាច​ត្រូវ​គេ​ដាក់​បញ្ចូល​ឲ្យ​ចូលរួម​ប្រកួត​នៅ​ក្នុង​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬទេ? នេះ​គឺជា​សំណួរ​ដែល​កំពុង​រង់ចាំ​ចម្លើយ​ជាក់លាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ