សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​រំពឹង​មាន​សន្ទុះ​​ក្រោយ​ប្តូរ​ក្បាល​ម៉ា​សុ​ី​ន​ដឹកនាំ​ថ្មី


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លោក តឹក ប៊ុ​ន​វី ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​ជំនួស​លោក ស៊ី​ម សុក មង្គល រស្មី សម្រាប់​អាណត្តិ​ថ្មី ឆ្នាំ​២០២០-២០២៤ មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា សហព័ន្ធ​មួយ​នេះ នឹង​កែប្រែ​មុខមាត់​ថ្មី និង​បញ្ចប់​រឿង​អាស្រូវ​ដ៏​រ៉ាំរ៉ៃ ដែល​ធ្លាប់​កើត​មាន ។

លទ្ធផល​ផ្លាស់​ប្ដូរ​ប្រធាន​នេះ កើតឡើង​បន្ទាប់​ពី​មានការ​ចោទប្រកាន់​ថា អតីត​ប្រធាន​ដែល​ធ្លាប់​កាន់​តំណែង បាន​បង្កើត​បញ្ហា​ពុក​រលួយ​បក្សពួក​នៅ​ក្នុង​សហព័ន្ធ និង​ត្រូវ​បាន​ក្រសួង​ចោទ​ថា បាន​ដើរតួ​ជា​ប្រធាន​សហព័ន្ធ​ផង និង​ជា​គ្រូបង្វឹក​ផង​គ្រប់ពេល​មានការ​ប្រកួត​នៅ​ក្រៅប្រទេស​ដើម្បី​ទទួល​បាន​ប្រាក់​ចំណែក​ពេល​កីឡាករ​ខ្លួន​ដឹកនាំ​ទៅ​ឈ្នះ​មេដាយ បណ្ដាល​ឱ្យ គ្រូបង្វឹក​ពិតប្រាកដ​មានរឿង​អន់ចិត្ត​តែ​មិន​ចេញ​មុខ​តវ៉ា​។

ការ​បោះ​ឆ្នោត​ប្ដូរ​ប្រធាន​ថ្មី ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អង្គ​មហាសន្និបាត​បូក​សរុប​ការងារ អាណត្តិ​ទី​២ និង​ដាក់​ទិស​ដៅ​អនុវត្ត​សម្រាប់​អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២០ ដោយ​គេ​ចាត់​ទុក​ថា នោះ​គឺ​កាលបរិច្ឆេទ​បញ្ចប់​បញ្ហា​ទំនាស់​ផ្ទៃក្នុង​ដែល​កើត​មាន​ឡើង​យ៉ាង​រ៉ាំរ៉ៃ​នៅ​ក្នុង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង លំ​ហាត់ប្រាណ ដែល​បាន​អូស​បន្លាយ​អស់ រយៈពេល​ជា​ច្រើន​ខែ ។ អ្នក​ឃ្លាំមើល​ជា​ច្រើន បាន​គូសបញ្ជាក់​ថា ការ​ផ្លាស់​ប្តូរ​ប្រធាន​ចាស់​ដែល​មានរឿង​អាស្រូវ នឹង​ជួយ​ឱ្យ​រឿង​ទំនាស់​ត្រូវ​បាន​បញ្ចប់់ ។ ក្នុង​នោះ​សូ​ម្បី​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ផង ដែរ​ដើម្បី​ពង្រឹង​ការងារ​ជា​ថ្មី ។

លោក តឹក ប៊ុ​ន វី គឺជា​អតីត​អគ្គលេខាធិការ​ត្រូវ​បាន​សមាជិក​សមាជិកា​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​ធ្វើ​ជា​ប្រធាន​សហ ព័ន្ធ​សម្រាប់​អាណត្តិ​ឆ្នាំ​២០២០-២០២៤ ។​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ប្រធាន​ថ្មី​ទទួល​បានការ​គាំទ្រ​ចំនួន​១៦​សំឡេង ចំណែក​អតីត​ប្រធាន​សហព័ន្ធ​ចាស់​គឺ​លោក​ស៊ី​ម​សុក មង្គល រស្មី ទទួល​បានការ​គាំទ្រ​តែ​៣​សំឡេង ។ ការ​បោះ​ឆ្នោត​នេះ មាន សមាជិក សមាជិកា មក​ពី​តំណាង​ក្លិប​-​សមាគម និង​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​ជាង​២០​រូប​ចូល រួម ។

ទោះជា​មិន​ទាន់​ប្រាកដ​ថា ការ​ផ្លាស់​ប្តូរ​សមាសភាព​ដឹកនាំ​ថ្មី​នេះ អាច​ធ្វើ​ឲ្យ​សហព័ន្ធ មានដំណើរ​ការ​ល្អ​១០០​ភាគរយ ក៏​ត្រូវ​គេ​មើលឃើញ​ថា នឹង​អាច​បិទ​បញ្ចប់​វិវាទ​ដែល​កើតឡើង​នៅ​ក្នុង​សហ​​ព័ន្ធ និង​អាច​ជួយ​ឱ្យ ស្ថាប័ន​នេះ​ដំណើរការ​ល្អ​ជាង​មុន ។ ជា​ពិសេស​បន្ទាប់​ពី​ប្រធាន​សហព័ន្ធ​ថ្មី និង​សមាជិក​ក្រុម ប្រឹក្សា​ភិ​បាល​ថ្មី បាន​ឯកភាព​គ្នា​លើ​បញ្ហា​ផ្ទៃក្នុង ដោយ​បង្កើត​ការ​អធ្យាស្រ័យ​គ្នា និង​ភាព​ឈ្លាសវៃ ក្នុង​ការ​ដឹកនាំ​ក្រោយ​បោះ​ឆ្នោត​។

លោក តឹក ប៊ុ​ន​វី ដែល​ទើប​ជាប់​ឆ្នោត​ជា ប្រធាន​សហព័ន្ធ ប្តេជ្ញា​ថា លោក​នឹង​ខិតខំ ប្រឹងប្រែង​ស្វែងរក​យុទ្ធសាស្ត្រ​ដើម្បី​ដឹកនាំ​សហ​ព័ន្ធ​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​ល្បីល្បាញ ទាំង​លើ​ថ្នាក់​ជាតិ និង​អន្តរជាតិ ។ ជាមួយ​គ្នា​នោះ លោក បឹង គឹ​ម​តោ ប្រធាន​ស្តីទី នាយកដ្ឋាន​អប់រំ កាយ និង​កីឡា ក៏​បាន​ទទួលស្គាល់​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស សមាជិក​ប្រតិបត្តិ​ថ្មី​របស់​សហព័ន្ធ​កីឡា​​កាយ​វប្ប​កម្ម និង​លំ​ហាត់ប្រាណ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ស្រប​តាម​លក្ខន្តិកៈ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ លោក​ថា សហព័ន្ធ​នឹង​មាន​ភាព​ប្រសើរ​ឡើង ដោយសារ​តែ​មន្ត្រី​ដែល​ជា​ថ្នាក់ដឹកនាំ​ថ្មី មានការ​ឯកភាព​ជា​ថ្មី ។ ទន្ទឹម​នឹង​នេះ លោក​ជំរុញ​ឲ្យ សមាជិក សមាជិកា​ប្រតិបត្តិ​ថ្មី​ទាំងអស់ ត្រូវ​ចេះ​រួបរួមសាមគ្គី​គ្នា​ក្នុង​ការ​ដឹកនាំ​សហព័ន្ធ​ឲ្យ​កាន់តែ មានការ​អភិវឌ្ឍ​បន្ថែម​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សមាជិក​ប្រតិបត្តិ​អាណត្តិ​ទី​៣​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួយ​ឱ្យ​សហព័ន្ធ​កាយ​វប្បកម្ម​នឹង​ល្អ​ប្រសើរ​នោះ​រួម​មាន លោក តឹក ប៊ុ​ន​វី (​ប្រធាន​), លោក ចាប់ វ៉ា​ន់​នី (​អនុ​ប្រធាន​), លោក​សុខ វណ្ណៈ (​អគ្គលេខាធិការ​), លោក​ណុំ សុ​បិ​ន្ត (​អគ្គលេខាធិការ​រង​), លោក ហេង សា​រ៉ាត់ (​អគ្គ​ហិ​រញ្ញឹក​), លោក​ធិ ប៊ុ​ន​ធី (​អគ្គ​ហិ​រញ្ញឹក​រង​), លោក សំបូរ ណា​ន​, លោក អ៊ុ​ន បូ​រ៉ាត់​, លោក​ហ៊ុន សុ​ភី និង លោក ឈុ​ន ឌី រតនា ជា​សមាជិក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ