ខេត្តប៉ៃលិន ៖ ជីវភាពរស់នៅប្រចាំថ្ងៃពិតជាសំខាន់ខ្លាំងណាស់ បើរស់នៅក្នុងគ្រួសារដែលស្ថិតក្នុងស្ថានភាពក្រីក្ររកព្រឹកខ្វះល្ងាចហើយ ឪពុកម្តាយអត់មានគោលដៅខ្ពស់សម្រាប់កូនៗ ទោះបីជាក្មេងទាំងនោះរៀនសូត្រពូកែក្នុងសាលាយ៉ាងណាក៏នឹងត្រូវបោះបង់ចោលរត់ទៅជួយធ្វើការពួកគេជាក់ជាមិនខាន ។
ជាក់ស្តែង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈនេះ មានក្មេងស្រីម្នាក់ឈ្មោះ រឿម រ៉ាន អាយុ១៣ឆ្នាំ បានបោះបង់ការសិក្សាថ្នាក់ទី៥ រស់នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ទាំងទឹកមុខស្រពោន ឱ្យភ្នាក់ងារយើងដឹងថា នាងមានឪពុកឈ្មោះ សឿង រឿម អាយុ៤០ឆ្នាំ ម្តាយឈ្មោះ ឌឿន ចិន្តា អាយុ៣៥ឆ្នាំ មានបងប្រុសម្នាក់ជាកូនទី១ ឈ្មោះ រឿម រ៉ាត់ អាយុ១៧ឆ្នាំ អត់បានរៀនសូត្រទាល់តែសោះ និងកូនទី៣ ឈ្មោះ រឿម ពៅ ភេទស្រី អាយុ៧ឆ្នាំ អត់បានរៀន (ជំងឺប្រចាំកាយ) ។
នាងបន្តទៀតទាំងសម្តីអួលដើមក.ថា កាលពីនៅរៀន គឺនាងមិនសូវបានរៀនសូត្រជាប់លាប់ដូចកូនគេនោះទេ ព្រោះតែឪពុកម្តាយមានជីវភាពក្រីក្រជំពាក់បំណុលគេ ហើយក៏តែងតែឆ្លៀតពេលទំនេរជួយធ្វើការងារពួកគាត់ ជួនកាលសុំច្បាប់គ្រូ និងពេលខ្លះទៀតប៉ះចំថ្ងៃសម្រាកមិននៅទំនេរឡើយ ។ ប៉ុន្តែយូរៗទៅ ដោយសារឃើញពួកគាត់មានការលំបាកកាន់តែខ្លាំងឡើងៗក្នុងរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងសងបំណុលគេទើបនាងសម្រេចចិត្តឈប់រៀនថ្នាក់ទី៥ កាលពី២ឆ្នាំកន្លងមកតែម្តង ។
នាងបញ្ជាក់ទៀតថា កាលពីនៅរៀនក្នុងសាលាបឋមសិក្សា ចាប់តាំងពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៥ គឺនាងរៀនជាប់ចំណាត់ថ្នាក់ល្អ ជារៀងរាល់ខែដោយទទួលបានប័ណ្ណសរសើរ លេខ១ លេខ២ និងលេខ៣ មិនធ្លាប់ធ្លាក់ចំណាត់ថ្នាក់ក្រោមនេះទេ ។ ប៉ុន្តែក្រោយពីឪពុកម្តាយត្រូវប្តូរកន្លែងធ្វើការចល័តទៅស៊ីឈ្នួលគេតាមចម្ការឆ្ងាយៗពីផ្ទះនាងលែងបានចូលរៀនបន្តទៀតលែងបានឃើញសាលាដែលខ្លួនធ្លាប់រៀនបែកមុខមិត្តភក្តិជាទីស្រឡាញ់ និងលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្ហាត់បង្រៀនខ្លួនយ៉ាងយកចិត្តទុកដាក់ ដោយចូលទៅប្រឡូកនឹងការងារមនុស្សចាស់ គឺអង្គុយកាប់ចិញ្ច្រាំដំឡូងមី តាំងពីព្រឹករហូតដល់ល្ងាច ដាំពោត កាច់ស្នៀតពោត ដាំដំឡូងមី បេះចន្ទី ដើម្បីជួយរកប្រាក់ជូនឪពុកម្តាយ ។
សព្វថ្ងៃនេះ ពេលនាងឃើញកូនគេទៅសាលារៀន ពេលខ្លះអង្គុយយំតែម្នាក់ឯង មិនឱ្យនរណាឃើញឡើយ ហើយក៏ជូតទឹកភ្នែក រួចបែរមកធ្វើការ និងញញឹមដាក់អ្នកនៅក្បែរ និងនិយាយគ្នាលេងបន្តទៀត ដើម្បីបំបាត់ការនឹកស្តាយស្រណោះការសិក្សាពីមុន ។
ចំណែកលោក សឿង រឿម ជាឪពុកក្មេងស្រីខាងលើបានរៀបរាប់ឱ្យដឹងដែរថា លោកមានស្រុកកំណើតរស់នៅភូមិព្រៃឬស្សី ឃុំត្រៀប ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានមករស់នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ។ លោកបន្តទៀតថា លោកមានកូន៣នាក់ ប្រុស១ ស្រី២នាក់ ហើយរាល់ថ្ងៃគ្មានដីស្រែចម្ការនឹងគេនោះទេ គឺរស់នៅដោយស៊ីឈ្នួល ជាកម្មករគេ មិនរើសការងារនោះឡើយឱ្យតែការងារប្រើកម្លាំង ។ ចាប់តាំងពីព្រឹករហូតដល់ល្ងាច គឺខាងលោកខំប្រឹងធ្វើ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពរស់នៅ ។
លោកបញ្ជាក់ថា កូនច្បងប្រុសរបស់ខ្លួនអត់បានរៀនសូត្រ សូម្បីតែថ្នាក់ទី១ ក៏អត់បានចូលរៀនដែរ ព្រោះជាប់រវល់ដើរតាមឪពុកម្តាយដើរទៅស៊ីឈ្នួលធ្វើការឱ្យគេតាំងពីព្រឹកដល់ល្ងាចទើបត្រឡប់ចូលផ្ទះវិញ ជួនកាលដេកសម្រាកនៅក្នុងខ្ទមចម្ការទាំងអស់គ្នា ។ គាត់ពិតជាចង់ឱ្យកូនៗបានរៀនសូត្រជ្រៅជ្រះនឹងគេដែរ ប៉ុន្តែបើជីវភាពគ្រួសារខ្វះខាត ដូច្នេះត្រូវតែបង្ខំចិត្តឱ្យពួកគេឈប់រៀន និងមិនបានរៀនសូត្រទេ ព្រោះពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធក៏អត់ចេះអក្សរដូចគ្នាដែរ ដោយសារកើតពីឪពុកម្តាយក្រីក្រអត់ចេះអក្សរដូចគ្នា ។ ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ និងកូនៗ តែងតែដើរចោលផ្ទះរហូតដល់ជួនកាលរយ:ពេល១ឆ្នាំមិនទាន់ចូលផ្ទះម្តងឡើយ ព្រោះជាប់រវល់ការងារ ដាំពោត កាច់ពោត ដាំដំឡូងមី ដកដំឡូងមី បេះផ្លែឈើផ្សេងៗ ជាដើម ៕
ចែករំលែកព័តមាននេះ