រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្រុមក្មេងទំនើងពីរក្រុមបានបើកឆាកប្រយុទ្ធគ្នានៅមុខផ្ទះហ្គេមបាញ់ត្រី និងណេតបង្កប់ ដោយសារតែខឹងរឿងលក់ថ្នាំញៀនក្លែងក្លាយឲ្យពួកគេ បង្កឱ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវតែម្តង កាលពីម៉ោង11និង30នាទីយប់ ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2020 នៅចំណុចផ្ទះហ្គេមបាញ់ត្រីបាញ់ត្រី និងណេតបង្កប់ល្បែងស៊ីសង គ្មានលេខ ផ្លូវជាតិលេខ2 ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅជាប់កន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺគាត់មិនដឹងថា ក្រុមក្មេងទំនើងទាំង២ក្រុមនោះមានគ្នាប៉ុន្មាននាក់ ហើយមកពីណានោះទេ តែគាត់បានលឺសម្លេងពួកគេឈ្លោះប្រកែកគ្នានៅមុខផ្ទះកើតហេតុ គឺក្រុមក្មេងទំនើងមួយក្រុមបានស្រែកថាឱ្យក្រុមក្មេងទំនើងមួយក្រុមទៀថា បានលក់គ្រឿងញៀនក្លែងក្លាយឱ្យពួកគេ ។

ប្រភពដដែលបន្តថា ពេលនោះក៏កើតជាជម្លោះវាយតប់គ្នាប្រសាចពេញផ្លូវពេញដងផ្លូវតែម្តង ធ្វើឲ្យប្រជាពលរដ្ឋភ័យតក់ស្លុតព្រលឹងចុងសក់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌមានជ័យដឹកនាំកម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ចុះមកបង្ក្រាបភ្លាមៗ ធ្វើឲ្យក្រុមយុវជនទំនើងភ័យស្លន់ស្លោបានរត់គេចខ្លួនចូលក្នុងផ្ទះហ្គេមបាញ់ត្រីបាញ់ត្រី និងណេតបាត់ តែក៏ត្រូវកម្លាំងសមត្ថកិច្ចប្រដេញតាមឃាត់ខ្លួនបានជនសង្ស័យចំនួន6នាក់ រួចដកហូតបានកាំភ្លើងខ្លីមួយដើម ក្រោយមកក៏នាំមកកាន់ប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីធ្វើកំណត់ហេតុ និងសាកសួរនាំរកម្ចាស់កាំភ្លើង ។

ជនសង្ស័យទាំង6នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ បច្ចុប្បន្នកំពុងសាកសួរនាំនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ និងកសាងសុំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋសំណូមពរលោកអភិបាលខណ្ឌ និងអធិការខណ្ឌមានជ័យ មានវិធានការចំពោះទីតាំងបង្កប់ល្បែងហ្គេមបាញ់ត្រី និងណេតបង្កប់ល្បែងស៊ីសងខាងលើនេះផង ដើម្បីចូលរួមលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋាន ពិសេសអនុវត្តន៍តាមបទបញ្ជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលកន្លងមក លោកបានដាក់បញ្ជាឱ្យអាជ្ញាធរទាំង១4 ខណ្ឌក្នុងរាជធានីភ្នំពេញ ត្រូវធ្វើយ៉ាងណាលុបបំបាត់ល្បែងស៊ីសង ដូចជា ភ្នាល់បាល់អនឡាយ ហ្គេមបាញ់ត្រី និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីកុំឲ្យកើតមានក្នុងមូលដ្ឋាន ព្រោះល្បែងទាំងនេះ ជាប្រភពដែលបណ្ដាលឲ្យកើតក្រុមក្មេងទំនើង ក៏ដូចជាប្រភពបទល្មើសផ្សេងៗ ៕ (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ